ក្រុង​ហ៊ើ​រហ្ស​លី​យ៉ា: ភោជនីយដ្ឋាន​អាហារ​រហ័ស​របស់​អ៊ី​ស្រា​អែល ​១ ​កំពុង​បម្រើ​ប៊ឺ​ហ្គឺ​រសាច់​បន្លែ ដែល​ផលិត​និង​ចម្អិន​ដោយ​មនុស្ស​យន្ត​ជា​អ្នក​លៃ​គ្រឿងផ្សំ កំណត់​ពេលវេលា​ចម្អិន​តាម​ចំណង់​ចំណូលចិត្ត​អតិថិជន​។​

​អ្នកនាង Racheli Vizman នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SavorEat ដែលជា​ក្រុមហ៊ុន​ផ្តើមដំបូង​នៅ​អ៊ីស្រា​អែល ខាង​ឯកទេស​ប្រសើរ​បន្លែ​ជំនួស​សាច់​បាន​និយាយថា​៖ «​វា​ជា​លើក​ទី​១ ​ហើយ​ ដែល​ម៉ាស៊ីន​កំពុង​ផលិត​ប៊ឺ​ហ្គឺ​រទាំង​អស់​ដោយ​ខ្លួនឯង​»​។​


​នាង​បាន​និយាយថា អតិថិជន​អាច​ប្រើ​កម្មវិធី ​១ ​ដើម្បី​ជ្រើសរើស​បរិមាណ​ប្រូ​តេ​អ៊ី​នប​ន្លែ ឬ​ខ្លាញ់​នៅក្នុង​ស្នូល​ប៊ឺ​ហ្គឺ​អាំង ក៏ដូចជា​ទំហំ និង​របៀប​ដែល​ពួកគេ​ចង់ឱ្យ​វា​ចម្អិន​ផងដែរ​។​


«​ចុងភៅ​មនុស្ស​យន្ត​» ទំហំ​ប៉ុន​ចង្ក្រាន​ធំ អាចធ្វើ​សាច់​អាំង​ស្នូល ៣ ​ផ្សេងគ្នា​ក្នុងពេល​តែ​ ១ ទោះបី​បុគ្គលិក​មនុស្ស​ជា​អ្នក​រៀប​ប៊ឺ​ហ្គឺ​រ​ក៏ដោយ​។​


​អ្នកនាង Vizman ដែល​បានចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ ​២០១៨ ជាមួយ​សាស្ត្រាចារ្យ​ ២​ នាក់​ មកពី​សាកល​​វិទ្យាល័យ Hebrew University of Jerusalem បាន​និយាយថា វា​លាយ​គ្រឿង​ជាច្រើន​រួមមាន​សណ្តែក ដំឡូង និង​សណ្តែកសៀង ដើម្បី​បង្កើតជា​ស្នូល​ស្រដៀង​នឹង​សាច់​ពិត​។​


ប៊ឺហ្គឺបន្លែ​ដែលចម្អិន​ដោយ​រ៉ូបូត​ចុងភៅ អាចបត់បែន​តាមការ​កុម្ម៉ង់ពីភ្ញៀវ។ រូបថត AFP


​នាង​បាន​និយាយថា សាច់​អាំង​នៅ​ភោជនីយដ្ឋាន BBB ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ Herzliya ត្រូវបាន​ចម្អិន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដោយ​នាង​បន្ថែមថា ពួកវា​មិនមាន​ប្រូ​តេអ៊ី​នស​ត្វ និង​ជា kosher ។​

​លោក Ahuva Turgeman មកពី BBB បាន​និយាយថា​៖ «​យើង​សង្ឃឹមថា នឹង​ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​អ្នក​តម​សាច់​»​។​

​ប្រជាជន​អ៊ី​ស្រា​អែល​ប្រហែល ៥ ភាគរយ​និយាយថា ពួកគេ​និយម​បន្លែ ហើយ​ទីផ្សារ​ផលិតផល​ជំនួស​សាច់សត្វ​គឺ​កំពុង​កើនឡើង​។ នេះ​បើ​យោងតាម SavorEat៕ AFP