កណ្ដលៈ និស្សិតខ្មែរ ១ ក្រុមបានស្រាវជ្រាវបង្កើតឧបករណ៍ឆ្លាតវៃសម្រាប់ស្រោចដំណាំស្វ័យប្រវត្តិដោយគ្រាន់តែបញ្ជាតាមទូរស័ព្ទប៉ុណ្ណោះ។ ដោយសារការបង្កើតបានឧបករណ៍នេះក្រុមនិស្សិតខាងលើបានជាប់ជយលាភី និងទទួលបានមេដាយមាស ១ គ្រឿងក្នុងការប្រកួតជាមួយក្រុមនិស្សិតជាង ១០០ ក្រុមផ្សេងទៀតរួមទាំងនិស្សិតបរទេសផងដែរ។
បច្ចេកវិទ្យានេះត្រូវបានកសិករម្នាក់កំពុងយកទៅប្រើស្រោចបន្លែរបស់គាត់លើផ្ទៃដីទំហំ ២៥ អា។ ការប្រើបច្ចេកវិទ្យាឧបករណ៍កសិកម្មឆ្លាតវៃនេះបានជួយសន្សំទាំងថវិកា ពេលវេលា និងកម្លាំងពលកម្មផងដែរ។
លោក កយ បូរិន អាយុ ៥០ ឆ្នាំ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានរៀបរាប់ថា បច្ចុប្បន្នលោកដាំបន្លែចម្រុះលើដីទំហំ ២៥ អា ដោយប្រើឧបករណ៍ឆ្លាតវៃឈ្មោះថា [CAM-Smart Irrigation] របស់និស្សិត ១ ក្រុមដែលបានបំពាក់ឱ្យលោកដោយមិនគិតថ្លៃ ហើយលោកបានប្រើឧបករណ៍ឆ្លាតវៃនេះអស់រយៈពេល ៣ ខែមកហើយ។
លោកបានបន្តថា ពីមុនមកលោកធ្លាប់តែបូមទឹកពីអណ្តូងស្នប់ដើម្បីស្រោចស្រពដំណាំហើយអ្វីដែលលោកបានប្រើនោះគឺលោកត្រូវចំណាយកម្លាំងមនុស្សដើម្បីអូសទុយោទឹក។ ពេលបូមទឹកស្រោចដំណាំបន្លែទៀតសោតក៏ត្រូវចាំមើលបរិមាណទឹកក្នុងចម្ការដើម្បីកុំឱ្យបន្លែរលាំទឹកងាប់។ ដូច្នេះការប្រើតាមទម្លាប់ចាស់ជួបការលំបាកច្រើនទម្រាំទទួលផលបន្លែ។
លោកបានថ្លែងថា៖ «ខុសគ្នាត្រង់ថា ពីមុនមកខ្ញុំត្រូវប្រើកម្លាំងពលកម្មហើយចំណាយពេលច្រើនខាតពេលវេលា។ ម្យ៉ាងពីមុនខ្ញុំចេះតែបាញ់ទឹកស្រោចដំណាំមិនដឹងថា ទឹកខ្វះក្នុងដីចម្ការ ឬក៏លើសទេ ខ្ញុំចេះតែបាញ់ៗទៅ។ ឥឡូវខ្ញុំដឹងព្រោះមានឧបករណ៍ឆ្លាតវៃ»។
បើតាមលោក បូរិន ឧបករណ៍បច្ចេកទេសថ្មីបង្កើតឡើងដោយក្រុមនិស្សិតដែលលោកបានប្រើនេះ គឺលោកចំណេញទាំងទឹក ចំណេញទាំងពេលវេលា និងមិនចំណាយកម្លាំងពលកម្មដូចមុនឡើយ។ ឧបករណ៍នេះនៅពេលដែលដីចម្ការខ្វះសំណើមទឹកដែលមិនអាចផ្គត់ផ្គង់ឱ្យដំណាំបានគឺវាផ្តល់ជាសញ្ញាឱ្យដឹងនៅលើទូរស័ព្ទភ្លាម។ នៅពេលនោះលោកគ្រាន់តែចុចបញ្ជាតាមទូរស័ព្ទ គឺម៉ូទ័របូមទឹកនឹងដំណើរការដោយស្វ័យប្រវត្តិហើយនៅពេលដែលទឹកស្រោចស្រពដល់បន្លែ និងដីមានសំណើមគ្រប់គ្រាន់ហើយនោះវានឹងផ្តល់ជាសញ្ញាឱ្យលោកដឹងទៀតផង។
លោកបានប្រាប់ថា៖ «យើងប្រើឧបករណ៍ហ្នឹងវាមានការវាស់ស្ទង់សំណើមខ្ពស់សំណើមទាបគឺវាលោតជាសញ្ញាក្នុងទូរស័ព្ទឱ្យយើងដឹង។ យើងទៅណាឆ្ងាយពីចម្ការ ឬទៅខេត្តឆ្ងាយអី យើងមិនបារម្ភទេ គ្រាន់តែបញ្ជាតាមទូរស័ព្ទបានហើយ មិនបារម្ភដូចមុនឡើយ»។
លោកឱ្យដឹងថា លោកអរគុណដល់ក្រុមនិស្សិតដែលមានកញ្ញា នាក់ សុខគីម ជាស្ថាបនិករួមនឹងក្រុមសមាជិករបស់កញ្ញាផងដែលបានបំពាក់ឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃនេះនៅក្នុងចម្ការរបស់លោកដោយមិនយកកម្រៃ ហើយបច្ចេកទេសថ្មីនេះលោកក៏មិនដែលជួបប្រទះដែរ។ទន្ទឹមនឹងនេះលោកក៏បានផ្សព្វផ្សាយបន្តដល់ប្រជាកសិករក្នុងតំបន់ដើម្បីឱ្យងាកមកប្រើប្រាស់ឧបករណ៍ឆ្លាតវៃនេះដូចលោកដែរ។
ពាក់ព័ន្ធការប្រើឧបករណ៍ស្រោចស្រពដំណាំឆ្លាតវៃនេះ កញ្ញា នាក់ សុខគីម អាយុ ២០ ឆ្នាំជានិស្សិតឆ្នាំទី ៣ ដែលកំពុងសិក្សាជំនាញវិស្វកម្មបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កញ្ញា មានស្រុកកំណើតនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកខេត្តត្បូងឃ្មុំ។
កញ្ញាបានឱ្យដឹងថា ការបង្កើតឧបករណ៍ឆ្លាតវៃនេះគឺជាស្នាដៃរបស់ក្រុមរបស់កញ្ញាដែលមានសមាជិកប្រុសស្រីជានិស្សិតចំនួន ១១ រូប។ កម្មវិធីនេះហៅថា [CAM-Smart Irrigation] ដែលអាចជួយសម្រួលដល់កសិករក្នុងការស្រោចស្រពដំណាំ ពោលគឺឧបករណ៍នេះអាចបិទ និងបើកទឹកដោយស្វ័យប្រវត្តិ។ចំពោះប្រសិទ្ធភាពរបស់ឧបករណ៍នេះ វាអាចកំណត់ម៉ោងក្នុងការស្រោចស្រព អាចវាស់ស្ទង់កម្រិតសំណើមដីនៅក្នុងកសិដ្ឋានបានទៀត។
កញ្ញាសុខគីម បានបញ្ជាក់ថា មុនបំពាក់ឧបករណ៍នេះបានគឺលុះត្រាតែក្រុមអ្នកបច្ចេកទេសរបស់កញ្ញាចុះទៅសិក្សានៅកសិដ្ឋាននោះជាមុនសិនដើម្បីមើលប្រភពទឹក រៀបចំបំពាក់ទុយោទឹក និងភ្លើង។ បន្ទាប់មកត្រូវភ្ជាប់កម្មវិធីចូលក្នុងទូរស័ព្ទដើម្បីបញ្ជាពីចម្ងាយ។ ការបង្កើតឧបករណ៍នេះឡើងដោយសារក្រុមការងាររបស់កញ្ញាមើលឃើញថា កសិករជួបការលំបាកច្រើនក្នុងការងារកសិកម្ម។ ម្យ៉ាង ក្រុមការងាររបស់កញ្ញាក៏សុទ្ធជាកូនកសិករហើយក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍ទាំងនេះដែរ ពិសេសឪពុកម្តាយរបស់ក្រុមកញ្ញាផ្ទាល់។ ដូច្នោះហើយទើបរួមគំនិតគ្នាបង្កើតបានដូចអ្វីដែលក្រុមកញ្ញាបានរំពឹងទុកនេះ។
បើតាមកញ្ញា សុខគីម ការបង្កើតឧបករណ៍ឆ្លាតវៃនេះគឺក្រុមការងាររបស់កញ្ញាបានចាប់ផ្តើមតាំងពីឆ្នាំ ២០២១ មក ហើយចេះតែបន្តស្រាវជ្រាវមករហូតទទួលបានជោគជ័យ។ នៅឆ្នាំ ២០២១ ក្រុមរបស់កញ្ញាក៏ធ្លាប់ចូលរួមប្រកួតបានជយលាភីលេខ ១ ក្នុងកម្មវិធី 1st winner of Bandos Digital Startup 2021, ក្នុងឆ្នាំ ២០២២ ក្នុងកម្មវិធី Winner of SAAMBAT Digital Agriculture Accelerator Program 2022,ក្នុងឆ្នាំ ២០២៣ ក្នុងកម្មវិធី 1st place winner of Business Model Competition Cambodia 2023 ហើយលើកចុងក្រោយនេះ ទទួលបានមេដាយមាសដែលមានសាកលវិទ្យាល័យជាតិគ្រប់គ្រង [NUM] សហការជាមួយ BusinessModel CAMBODIA រួមទាំងស្ថាប័នឯកជនមួយចំនួនទៀតក្នុងការជួយជ្រោមជ្រែងក្នុងកម្មវិធីប្រកួតប្រជែងដណ្តើមជយលាភីនេះ៕