​ក្រុមហ៊ុន Toyota Motor កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ខ្លួន​នឹង​ប្រមូល​រថយន្ត​ចំនួន ១,១២ លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​មក​កែតម្រូវ​ឡើងវិញ ដោយសារតែ​សៀគ្វី​ខ្លី​នៅក្នុង​ឧបករណ៍​ចាប់​សញ្ញា​អាច​បណ្តាលឱ្យ​ពោង​ខ្យល់​សុវត្ថិ​ភាពមិន​ដំណើរការ​ដូចដែល​បាន​រចនា​។

ការប្រមូល​រថយន្ត​មកវិញ​គ្របដណ្តប់​លើ​រថយន្ត​ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ ក្នុងនោះ​មាន​រថយន្ត​ប្រភេទ Avalon, Camry, Corolla, RAV4, Lexus ES250, ES300H, ES350, RX350 Highlander និង Sienna Hybrid ដែលមាន​បញ្ហា​ឧបករណ៍​ចាប់​សញ្ញា​មិន​ដំណើរការ​។ ក្នុងចំណោម​នោះ​វា​រួមបញ្ចូល​ទាំង​រថយន្ត​ចំនួន ១ លាន​គ្រឿង​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ផងដែរ​។

ឧបករណ៍​ចាប់​សញ្ញា ឬ​ជា​ភាសា​អង់គ្លេស sensors​ដែលមាន​បញ្ហា​នៅលើ​ប្រភេទ​រថយន្ត​ខាងលើនេះ​គឺ វា​មិនអាច​បញ្ជា​ពោង​សុវត្ថិភាព​ឱ្យ​ដំណើរការ​បានល្អ​នោះទេ​សូម្បី​ពេល​មនុស្ស​ធំ ឬ​កុមារ​តូច​អង្គុយ​នៅ​កៅអី​ខាងមុខ​។ តំណាង​ចែកចាយ​របស់ Toyota នឹងត្រូវ​ត្រួតពិនិត្យ ឬ​ផ្លាស់ប្តូរ​ឧបករណ៍​ចាប់​សញ្ញា​បើ​ចាំបាច់ ខណៈ​ក្រុមហ៊ុន​ខ្លួនឯង​ផ្ទាល់​នឹង​ចាប់ផ្តើម​ជូនដំណឹង​នៅ​ខែកុម្ភៈ​ជុំវិញ​ការប្រមូល​រថយន្ត​មកវិញ​នេះ​។


កាលពី​ខែកក្កដា​ឆ្នាំ​ ២០២២ ក្រុមហ៊ុន Toyota ក៏​ធ្លាប់​បានចេញ​សេចក្តីប្រកាស​ប្រមូល​រថយន្ត RAV4 ចំនួន ៣​ពាន់ ៥​រយ​គ្រឿង​នៅក្នុងសហរដ្ឋអាមេរិក​ផងដែរ ដោយសារតែ​បញ្ហា​ផ្នែក​ខាងក្នុង​របស់​វា​អាច​បណ្តាលឱ្យ​ឧបករណ៍​ចាប់​សញ្ញា OCS ដំណើរ​ការមិន​ត្រឹមត្រូវ​។

ជុំវិញ​បញ្ហា​ពោង​ខ្យល់​សុវត្ថិភាព​នេះ រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​អាមេរិក​បានឱ្យដឹងថា​ពោង​ខ្យល់​ខាងមុខ​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាង ៥​ម៉ឺន​នាក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយនេះ​។


គួរ​ជម្រាប​ថា ការប្រមូល​រថយន្ត​ត្រលប់​ទៅវិញ​ក្រោយ​មាន​បញ្ហា​បច្ចេកទេស​មិនមែនជា​បញ្ហា​ថ្មី​នោះទេ ដោយ​គ្រប់​ក្រុមហ៊ុន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​សុទ្ធតែ​មានបទពិសោធន៍​ស្រដៀង​គ្នា​នេះ​។

ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ដែលមាន​បច្ចេកវិទ្យា​កំពូល​បំផុត​មួយ​ក៏បាន​ប្រមូល​រថយន្ត​របស់ខ្លួន​ជាង ២ លាន​គ្រឿង​នៅក្នុង​សហរដ្ឋអាមេរិក​ដើម្បី​ដំឡើង​ប្រព័ន្ធ​ការពារ​ថ្មី​ជំនួយ​អ្នកបើកបរ​នៅក្នុង​ប្រព័ន្ធ Autopilot (​បើកបរ​ដោយ​ស្វ័យប្រវត្តិ​) បន្ទាប់ពី​និយតករ​សុវត្ថិភាព​សហព័ន្ធ​បានលើកឡើង​ពី​កង្វល់​អំពី​សុវត្ថិភាព​នៃ​ប្រព័ន្ធ​នេះ​៕