កំពង់ឆ្នាំង: ស្របតាមឈ្មោះ ផ្ទះកសិដ្ឋានតុកកែញញឹម (Farmhouse Smiling Gecko) អេកូរីសត ស្ថិតនៅភូមិឋានជនបទស្រុកសាមគ្គីមានជ័យនៃខេត្ដកំពង់ឆ្នាំង ចម្ងាយធ្វើដំណើរប្រមាណជិត ២ ម៉ោង ពីរាជធានីភ្នំពេញ បាននិងកំពុងអនុវត្ដនូវប្រតិបត្ដិការស្ទួយបរិស្ថាន។
រីសតផ្ទះខ្មែរ ជាផ្នែកមួយនៃគម្រោងជាច្រើនរបស់អង្គការតុកកែញញឹមកម្ពុជា (SGC) បានផ្ដល់សេវាកម្មបដិសណ្ឋារកិច្ច ដែលភ្ញៀវអាចស្នាក់នៅក្នុងផ្ទះឈើ ទស្សនាសួនបន្លែតាមរដូវកាល ទទួលទានម្ហូបអាហារចម្អិនពីផលិតផលរបស់រីសតផ្ទាល់ ក៏ដូចជាជិះកង់គយគន់ទេសភាពស្រុកស្រែ ស្ទូចត្រី និងទស្សនារោងជើងឈើថែមទៀត។
ផ្ទះកសិដ្ឋាន តុកកែញញឹម ធ្លាប់បានជួបការលំបាកក្នុងការប្រើប្រាស់ថាមពលអគ្គិសនីអស់រយៈពេលជាច្រើនឆ្នាំ ហើយខ្លួនទើបតែបានភ្ជាប់ថាមពលផ្គត់ផ្គង់ពីរដ្ឋ។
ដើម្បីបំភ្លឺផ្ទះស្នាក់ចំនួន ១៧ ខ្នង ស្មើនឹង ៣៤ បន្ទប់ ភោជនីយដ្ឋាន ស្ប៉ា រោងជាង និងថែមទាំងសាលាភូមិរបស់អង្គការ SGC រីសតនេះបានបោះជំហានទៅមុខមួយកម្រិតទៀតជាមួយនឹងចក្ខុវិស័យថាមពលបៃតង ដែលជួយកាត់បន្ថយឧស្ម័នផ្ទាំងកញ្ចក់លើភពផែនដី។
លោក Benjamin Lehmann ជាអ្នកគ្រប់គ្រងទូទៅនៅផ្ទះកសិដ្ឋាន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ថាមពលបៃតងមានសារៈសំខាន់សម្រាប់ផ្ទះកសិដ្ឋាន ដោយមិនត្រឹមតែដើម្បីការកាត់បន្ថយការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្ដែផ្សព្វផ្សាយចំណេះដឹងក្នុងចំណោមអតិថិជន និងបុគ្គលិកផងដែរ។ វាជាការផ្គាប់ចិត្ដភ្ញៀវដែលចូលចិត្ដស្នាក់នៅក្នុងបរិស្ថានធម្មជាតិ»។
ជាមួយសមត្ថភាព ២២៨ គីឡូវ៉ាត់ភីក (228kwp) ដែលផ្ដល់ដោយកសិដ្ឋានសូឡាលើផ្ទៃដី ១ ពាន់ម៉ែត្រការ៉េ ដំឡើងនៅក្បែរចម្ការរងបន្លែ ថាមពលអគ្គិសនីសូឡាទាំងនេះ គ្រាន់តែជាការផ្គត់ផ្គង់មួយចំនួនប៉ុណ្ណោះ។
លោក ងន់ សុខលាភ នាយកប្រតិបត្ដិអង្គការ SGC និងជាស្ថាបនិកផ្ទះកសិដ្ឋាន បាននិយាយថា៖ «វាគ្រាន់តែសម្រាប់ប្រើប្រាស់មួយផ្នែកនៃប្រតិបត្ដិការទាំងអស់នោះទេ»។
លោកបានឱ្យដឹងថា ក្នុងនាមជាអ្នកផ្ដល់សេវាកម្មបដិសណ្ឋារកិច្ច ផ្ទះកសិដ្ឋានរមែងប្រើប្រាស់ថាមពលអគ្គិសនីច្រើន និងបានបញ្ចេញឧ័ស្មនផ្ទាំងកញ្ចក់ច្រើនផងដែរ។
ការប្រើប្រាស់ថាមពលបៃតងអាចជួយរីសតនេះសន្សំសំចៃរយៈពេលយូរ ខណៈទីតាំងភូមិសាស្ដ្រអំណោយផលក្នុងការតម្លើងកសិដ្ឋានថាមពលសូឡា។
លោក សុខលាភ បានបន្ដថា៖ «វាងាយស្រួលសម្រាប់យើងក្នុងការដំឡើងបរិក្ខារផ្គត់ផ្គង់នៅទីដាច់ស្រយាលនេះ។ យើងចង់ធ្វើជាគំរូសម្រាប់ថាមពលស្អាត និងចីរភាព ហើយយើងនៅមានការចូលរួមជាច្រើនទៀត។ យើងមានផែនការប្រើប្រាស់ថាមពលកកើតទាំងស្រុង»។
ប៉ុន្ដែការអនុវត្ដរីសតបៃតងទាំងស្រុងពិតជាត្រូវការពេលវេលាបន្ថែមទៀត ចាប់ពីការផ្លាស់ប្ដូរសម្ភារផ្ទះបាយរហូតដល់សេវាកម្មដឹកជញ្ជូន។
លោក Lehmann បាននិយាយថា៖ «នៅមានរឿងច្រើនទៀតត្រូវធ្វើ។ ជាក់ស្ដែងចំពោះការវេចខ្ចប់ យើងនៅផលិតប្លាស្ទិកពេលទិញគ្រឿងផ្សំសម្រាប់ផ្ទះបាយជាដើម។ រ៉ឺម៉ករបស់យើងនៅប្រើប្រេងសាំងនៅឡើយ។ ការប្រើប្រាស់ទឹកក៏ត្រូវធ្វើឱ្យប្រសើរ ខណៈនៅក្នុងតំបន់ និងពិភពលោកមានការខ្វះខាតខ្លាំង»។
លោក សុខលាភ ក៏បានលើកឡើងថា ការកាត់បន្ថយឧស្ម័នកាបូនិក ត្រូវកាត់បន្ថយផលិតផលប្រូតេអ៊ីនពីសាច់ និងផ្សព្វផ្សាយប្រូតេអ៊ីនពីរុក្ខជាតិ ដូចជាបន្លែ និងផ្លែឈើជាដើម។
ស្ថិតនៅលើផ្ទៃដីធំទូលាយជាង ១៣០ ហិកតា ផ្ទះកសិដ្ឋានតុកកែញញឹម ជាទីដែលភ្ញៀវអាចរក្សានូវគម្លាតសុវត្ថិភាព ដោយសារតែផ្ទះឈើនីមួយៗស្ថិតនៅឆ្ងាយពីគ្នា និងហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំ និងបន្លែបង្ការជាច្រើនប្រភេទ។
ផ្ទះកសិដ្ឋានបង្កើតបរិយាកាសសកម្មភាពខាងក្រៅអគារ ដូចជាភ្ញៀវស្នាក់នៅផ្ទះឈើនេះអាចជិះកង់លើបរិវេណដីធំទូលាយ ហើយពួកគេក៏អាចស្វែងយល់ពីការដាំដុះបន្លែ ក៏ដូចជាទិញកសិផលទាំងនោះថែមទៀត។ ភ្ញៀវក៏អាចទស្សនាពីការចិញ្ចឹមសត្វរបស់អ្នកភូមិគំរូ ដែលពួកគេត្រូវបានជម្លៀសចេញពីតំបន់អភិវឌ្ឍន៍ក្នុងទីក្រុង។
ផ្ទះឈើទាំងនោះកសាងឡើងខ្ពស់ផុតពីដី ដែលជួយឱ្យមានចរន្ដខ្យល់ចេញចូលល្អ ខណៈភោជនីយដ្ឋានគ្មានជញ្ជាំង ជាទីដែលភ្ញៀវទទួលទានអាហារពីកសិផលស្រស់ៗ ផ្ដល់នូវបរិយាកាសផាសុកភាពបែបធម្មជាតិ។
លោក សុខលាភ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «វិធានការការពារជំងឺកូវីដ ១៩ ទាំងអស់ត្រូវបានអនុវត្ដ ហើយភ្ញៀវជាលក្ខណៈគ្រួសារ និងក្រុមតូចៗ អាចទទួលបាននូវបទពិសោធការកម្សាន្ដនានា ដូចជាការហាត់ប្រាណ និងជិះកង់ ដើរទស្សនាតាមចម្ការដំណាំ និងហាងសិប្បកម្ម»។
លោកបន្ដថា៖ «ច្បាស់ណាស់ ភ្ញៀវរបស់យើងរីករាយជាមួយអាហារបេះពីរងបន្លែក្រោមស្នាដៃមេចុងភៅ អ៊ុន នួន នៅកន្លែងទទួលទានចំនួន ៣ កន្លែងរបស់យើង ដែលមានលក្ខណៈទូលាយសម្រាប់ការរក្សាគម្លាតសុវត្ថិភាព»។
ផ្ទះកសិដ្ឋានតុកកែញញឹម ស្ថិតនៅក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សុំចូរទៅកាន់ទំព័រហ្វេសប៊ុកផ្ទះកសិដ្ឋានតុកកែញញឹម @FarmhouseSmilingGecko៕