កំពត: ស្ថិតនៅ​ប្រ៉​ប​តាម​ដងព្រែក​កំពត រី​សត Amber Kampot ចំទើត​ក្បែរ​ជើងភ្នំ​ដំរី គឺជា​រី​សត​ផ្ទះ​វីឡា​ដ៏​ប្រណីត​ដែល​ផ្ដល់​ជាទី​ឋាន​សម្រាក​ល​ម្អែ​ផាសុកភាព​។ តែ​ពី​ក្រោយនេះ វា​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​សម្រស់​ធម្មជាតិ​ជុំវិញ​សម្រាប់​ផ្គាប់​ចិ​ត្ដ​ភ្ញៀវ ដែល​ស្រឡាញ់​បរិស្ថាន​ដ៏​ស្រស់​​បំព្រង​នៃ​ខេត្ដ​កំពត​។

​ស្ថិតនៅលើ​ទីតាំង​ដងព្រែក​កំពត រី​សត​បរិស្ថាន ដែល​អះអាងថា គ្មាន​ប្លា​ស្ទិ​កលើ​បរិវេណ​រី​សត​ជាង ​១ ​ហិកតា បាន​ពង្រីក​វិសាលភាព​នៃ​សម្រស់​បៃតង​ទៅដល់​ទីក្រុង​ទាំង​​មូល​ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​។

​ប្រធាន​ក្រុមហ៊ុន Amber International Holdings លោក Taihei Yamada ថ្លែងថា​៖ «​យើង​គ្រោង​ធ្វើឱ្យ​ខេត្តកំពត​ក្លាយទៅជា​ទិសដៅ​ដ៏​ល្បីល្បាញ​លំដាប់​អន្តរជាតិ ខណៈ​យើង​សាងសង់​រមណីយដ្ឋាន​ប្រណីត​លំដាប់​ផ្កាយ ​៥ ដំបូង​គេ​បង្អស់​នៅក្នុង​ទីតាំង​ដែល​មិនទាន់មាន​ការកែច្នៃ​នៃ​សម្រស់​ធម្មជាតិ​ដ៏​ប្រណីត​ដែល​មិន​ធ្លាប់​មាននៅ​តំបន់​អាស៊ី​ដូចជា​តំបន់ Labuan Bajo ប្រទេស​ឥណ្ឌូនេស៊ី កោះ Ogasawara ក្នុងប្រទេស​ជប៉ុន និង​តំបន់ Tash-kent នៅ​អ៊ូ​ស​បេ​គី​ស្ថាន​ជាដើម​»​។​


​ជាទី​ឋាន​បដិសណ្ឋារកិច្ច​ភាគខាងត្បូង​ប្រទេស Amber Kampot គិត​​គូរ​ខ្លាំង​ពី​បរិស្ថាន ដោយមាន​សកម្ម​​ភាព​ដាំ​ដើមឈើ សម្អាត​ទីក្រុង និង​ការកសាង​ប្រព័ន្ធ​ថាមពល​សូ​ឡា​។

​លោក Ayub Yuliainto ជានា​យក​​គ្រប់គ្រង​ទូទៅ Amber Kampot​ បានឱ្យដឹងថា​៖ «​បើ​ភ្ញៀវ​ពេញចិត្ដ Amber Kampot វា​ពិតជា​កិ​ត្ដិ​យស​ណាស់​។ ប៉ុន្ដែ​ច្បាស់​ណាស់ យើង​ចង់​បង្កើត​លើក​​តម្កើង​មុខមាត់​ក្រុង​កំពត​ជារួម និង​ខិតខំ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ប្រជាជន​ជួយ​គិតគូរ​ដល់ទី​ក្រុង​ដ៏​ផូរផង់​នេះ​»​។


Amber Kampot ធ្វើខ្លួន​ជា​គំរូ​ក្នុងការ​ប្រែក្លាយជា​ទីឋាន​បដិសណ្ឋារកិច្ច​បៃតង និង​លើក​ទឹក​ចិ​ត្ដ​ឱ្យ​អ្នកដទៃ​ចូលរួម​ក្នុងការ​វិនិយោគ​លើ​ជម្រើសធម្មជាតិ​បៃតង​នេះ​។

​លោក Ayub បាន​ប្រាប់ ភ្នំពេញ​ ​ប៉ុស្ដិ៍ថា​៖ «​លទ្ធផល​នឹង​នៅ​រង់ចាំ​រយៈ​ពេល​យូរ​ទៀត​។ ធ្វើការ​ជាមួយ​សហ​គម​ន៍​មិន​ខុសពី​ការអប់រំ​នោះទេ យើង​ត្រូវ​វិនិយោគ​លើ​ពេលវេលា និង​កិច្ច​​ខិតខំ​ប្រឹងប្រែង តែ​ពេល​ទីក្រុង​កាន់តែ​ស្អាត កាន់តែ​បៃតង​យើង​នឹង​ប្រាកដថា ​វា​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​ទីក្រុង​យើង​បន្ថែមទៀត​»​។

​ដោយ​សហការ​ជាមួយ A&I Energy ជា​ក្រុមហ៊ុន​ជំនាញ​ដំឡើង​ថាមពល​សូ​ឡា​វីឡា​របស់ Amber Kampot ទាំង ២៥​ ខ្នង រួមទាំង បរិវេណ​ទាំងអស់​នឹង​ទទួល​ថាមពល​ពី​កសិដ្ឋាន​សូ​ឡា​ភាគច្រើន​។

​ដំឡើង​នៅលើ​បរិវេណ​ដំបូល​អគារ គន់​ឆ្លុះ​ទេសភាព​ដងព្រែក​កំពត និង​ជួរ​ភ្នំ​ក្បែរ​ខាង សូ​ឡា​ជាង ១០០ ​បន្ទះ បានផ្ដល់​ថាមពល​នៃ​ការប្រើប្រាស់​ភាគច្រើន​ដល់​រី​សត​មួយ​នេះ​។

​លោក Ayub ​បាន​បន្ដថា​៖ «Amber Kampot ជាទី​កន្លែង​ដែល​ផ្ដល់​បទពិសោធ​ក្រេប​ភេសជ្ជៈ​គន់​ថ្ងៃ​លិច ទទួលទាន​អាហារ​ពេល​ល្ងាច​លើ​ដែន​​កោះ ទូក​បណ្ដែត លេង​ជិះ​ក្ដារ​លើ​ដង​​ព្រែក​កំពត និង​អូប័រ បាន​បំពាក់​ឧបករណ៍​សូ​ឡា ១៤៤​ បន្ទះ ដែល ​១ ​បន្ទះ​ ផលិត​ថាមពល​អគ្គិសនី ៧៧ ​គីឡូវ៉ាត់ម៉ោង​។ កសិដ្ឋាន​សូ​ឡា​នេះ​ផ្ដល់​ថាមពល​សរុប ២៩០ ​គីឡូវ៉ាត់​ម៉ោង​ ក្នុង ​១ ​ថ្ងៃ ដែល​គ្របដណ្ដប់​ការ​ប្រើប្រាស់​មូលដ្ឋាន​ជាច្រើន​»​។

​ចាប់ពី​អគារ​អាណានិគម ទេសភាព​លើ​កំពូលភ្នំ អេកូ​រី​សត​នៅតាម​ដង​​ស្ទឹង​កំពត រហូតដល់​អាហារ​គ្រឿង​​សមុទ្រ និង​ផ្លែ​ទុរេន ទាំងអស់នេះ​សុទ្ធ​​តែ​ជា​ភាព​ទាក់ទាញ​នៃ​ខេត្ដ​កំពត​។

​លោក Ayub បាន​បន្ដថា ខេត្ដ​កំពត​មាន​អ្វីៗ​លើសពី​ភ្នំ​បូកគោ និង​ទុរេន​ច្រើន​ទៀត​។ ទីក្រុង​ចំណាស់​មួយ​នេះ​បាន​សម្រស់​ធម្មជាតិ​ដ៏​ល្អ​ឯក ពី​ទេសភាព​ភ្នំ​រហូតដល់​ស្ទឹង បឹង និង​ល្អាង ក៏ដូចជា​ទីតាំង​ដ៏​អំណោយផល​ចន្លោះ​ក្រុងព្រះសីហនុ និង​កែប​។

​ទោះ​ខេត្ដ​កំពត​ទទួលភ្ញៀវ​ជា​មធ្យម​ត្រឹម​ការ​សម្រាក​១​យប់​មុនពេល​ជួប​វិបត្ដិ​កូ​វីដ ទីក្រុង​មួយ​នេះ​មានបំណង​ទាក់ទាញ​ឱ្យ​ភ្ញៀវ​បន្ដ​ស្នាក់នៅ​ ២-៣ ​រាត្រី ​ដោយ​ចាប់ផ្ដើម​ពី​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​សហគមន៍​ទាំងមូល​។

ចំទើត​ក្បែរ​ជើង​ភ្នំ​ដំរី​ គឺជា​រីសត​ផ្ទះ​វីឡា​ដ៏​ប្រណីត Amber Kampot ​ផ្ដល់​ជា​ទីឋាន​សម្រាក​លម្អែ​ផាសុកភាព​។ សហការី

​លោក Ayub​ បាន​បន្ថែមថា​៖ «​យើង​ត្រូវការ​ដោះស្រាយ​បញ្ហា​គ្រឹះ​មួយចំនួន ដូចជា សំរាម និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ បន្ទាប់មក យើង​ត្រូវ​ផ្សព្វផ្សាយ​ពី​ទីក្រុង​យើង​។ យើង​ប្រាកដថា ភ្ញៀវទេសចរ​នឹង​មកលេង​ទីនេះ​ច្រើន ដោយសារតែ​ភាព​ស្អាត​​ស្រស់បំព្រង​។ បើ​កំពត​បន្ដ​រក្សា​ភាព​​ស្អាត វា​ប្រាកដជា​លេចធ្លោ​ជាង​បណ្ដា​ទីក្រុង​ដទៃ​»​។

​លោក​បានឱ្យដឹងថា ថាមពល​អគ្គិសនី​សូ​ឡា​ពិតជា​ជម្រើស​ដ៏​ល្អ តែ​រី​សត​សម្រេចយក​ការប្រើប្រាស់​ថាមពល​ទាំង​ ២​។ ទោះបីជា​លោក​សារភាពថា ការប្រើប្រាស់​ថាមពល​ស្អាត​ត្រូវ​ចំណាយ​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​លោក​មើលឃើញថា វា​មិនមាន​បញ្ហា​អ្វី​ដែរ ដោយសារ​វា​ក៏​ជា​ក្ដី​​បំណង​របស់​អតិថិជន​ទូទៅ​ផងដែរ​។

​អ្នកគ្រប់គ្រង​ទូទៅ​ដែល​បម្រើការ​នៅ​កម្ពុ​ជាជាង ១០ ​ឆ្នាំ​រូបនេះ អះអាងថា​៖ «​សំខាន់បំផុតភ្ញៀវ​របស់​យើង​ពិតជា​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​នេះ​»​។

​ម្យ៉ាងវិញទៀត រី​សត​ក៏​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដោយ​លោក Ayub បានឱ្យដឹងថា គ្រឿង​សេ​រ៉ា​មិ​ក ផលិតផល​កំប្លោក និង​ផ្ដៅ​ពី​សិប្បករ​ខេត្ដ​សៀមរាប​។

​លោក​និយាយថា វិស័យ​ទេសចរណ៍​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ហើយ​កាន់តែ​អាក្រក់​ថែមទៀត វិបត្ដិ​កូ​វីដ ​១៩ បន្ដ​អូស​បន្លាយពេល​លើសពី​ការគិត​ទុក​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​កិច្ច​បាន​យ៉ាង​ល្អ​ក្នុង​លក្ខខណ្ឌ​នៃ​ការចាក់​វ៉ាក់សាំង ដែល​ធ្វើឱ្យ​រាជាណាចក្រ​​មួយ​នេះ​បន្ដ​បន្ធូរបន្ថយ​ការ​រឹតបន្ដឹង​។

​លោក​បាន​លើកឡើងថា​៖ «​ចំពោះ​ខេត្ដ​កំពត​យើង​នេះ ខ្ញុំ​គិតថា យើង​ពិតជា​មានសំណាង​ណាស់​។ អំឡុងពេល​វិបត្ដិ​កូ​វីដ យើង​ជាប់​បម្រាម​គោចរ​តិច​​តួច បើ​ធៀប​នឹង​បណ្ដា​ទីក្រុង​ដទៃ​ក្នុងប្រទេស ដែល​អំណោយផល​ដល់​ភ្ញៀវ​មកពី​ទីក្រុង​ភ្នំពេញ​មកលេង​ច្រើន​»​។

Amber Kampot ស្ថិតក្នុង​ភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ចម្ងាយ​ប្រមាណ ៣,៥​ គីឡូម៉ែត្រ​ពី​រង្វង់​មូល​ផ្លែ​ទុរេន ឬ ១៥២ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​៕