ក្រុង​ហាណូយ: កម្មវិធី​វប្បធម៌​ដែល​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ល្បី​ល្បាញ​ហា​ឡុង​បេ​របស់​វៀតណាម ត្រូវបាន​ប្រារឰឡើង​ ដើម្បី​អបអរ​ការចុះ​បញ្ជី​ក្នុង​អច្ឆរិយ​ធម្មជាតិ​ពិភពលោក​ថ្មី​ទាំង​ ៧ គម្រប់​ខួប ១០​ ឆ្នាំ​។


​កម្មវិធី​ក្រោម​ប្រធានបទ វិញ​ហា​ឡុង (​ហា​ឡុង​បេ​) ត្រូវបាន​រៀបចំឡើង​ដើម្បី​អបអរ​ខេត្ដ​ក្វាង​និ​ញ​វិល​មកកាន់ «​ប្រក្រតីភាព​តាម​គន្លង​ថ្មី​» ក្រោយពី​វិបត្ដិ​កូ​វីដ អាច​គ្រប់គ្រង​បាន និង​ការ​អបអរ​ខួប​នៃ​ការបង្កើត​ខេត្ដ​នេះ ៥៨ ​ឆ្នាំ​ផងដែរ​។

​ព្រឹ​ត្ដិ​ការណ៍​ក្រៅ​អគារ ដែល​រៀបចំឡើង​នៅ​តំបន់​ទេសចរណ៍​អន្ដរជាតិ​ធួន​ខាវ នៅ​ទីក្រុង​ហា​ឡុង គ្រោង​ធ្វើ​​ឡើង​រយៈពេល ៧០​ នាទី បំណង​បើក​ទំព័រ​សករាជ​ថ្មី​នៃ​វិស័យ​ទេសចរណ៍​របស់​វៀតណាម​។


​បន្ថែម​ពីលើ​សកម្មភាព​វប្បធម៌ និង​សិល្បៈ កម្មវិធី​នេះ​រួមបញ្ចូល​ទាំង​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី​វៀតណាម​ពី​សំណាក់​ស្ដ្រី​អ្នកស្រុក ដែល​សន្យា​ផ្ដល់​សេវាកម្ម​ប​ដិ​ស​ណ្ឋា​រ​កិច្ច​ដ៏​ល្អ​ជូន​ភ្ញៀវ​។​


​ព្រឹ​ត្ដិ​ការណ៍​បើក​ទំព័រ​ទេសចរណ៍​ថ្មី​នេះ សហការ​រៀបចំឡើង​ដោយ​គណៈ​​កម្ម​ការ​ប្រជាជន​ខេត្ដ​ក្វាង​និ​ញ និង​សម្ព័ន្ធ​ក្រុមហ៊ុន ធួន​កាវ មានបំណង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​បា​ឡុង​បេ និង​ខេត្ដ​ក្វាង​និ​ញ ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខ និង​សុវត្ថិភាព ក៏ដូចជា​ការ​អនុវត្ដ​កម្មវិធី​លើកស្ទួយ​ទេសចរណ៍​របស់​ខេត្ដ​។


​ក្រោយពី​បើកទ្វារ​ទេសចរណ៍​ឡើងវិញ​នៅក្នុង​ខែវិច្ឆិកា​នេះ ខេត្ដ​ក្វាង​និ​ញ រំពឹងថា​ នឹង​ទទួលភ្ញៀវ​ចន្លោះ​ពី ១,៥ ទៅ ២ ​លាន​នាក់ ​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ ​២០២១ នេះ​។

​ក្នុង​ឆ្នាំ ​២០១១ ហា​ឡុង​បេ ដែល​មានន័យថា ឆក​នាគ​ចុះ​ទឹក លេចធ្លោ​ជាង​គោលដៅ​ទេសចរណ៍ ៤០០​ ទីតាំង​ ទៀត​ក្នុងចំណោម​ជាង ២០០​ ប្រទេស និង​ដែនដី ដើម្បី​គ្រង​តំណែង​អច្ឆរិយ​ធម្មជាតិ​ពិភពលោក​ថ្មី​មួយ​ក្នុងចំណោម​ ៧ ដោយ​អង្គការ​ពិភពលោក​បើកទូលាយ​ថ្មី​។

​ទិដ្ឋភាព​ឆក​ហាឡុងបេ ដែល​រំលេច​ភ្នំ​ថ្ម​អាយុ​កាល ៥០០​ លាន​ឆ្នាំ​ច្រូង​ច្រាង​ ជា​គោលដៅ​ទេសចរណ៍​សំខាន់​វៀតណាម​។ រូបថត AFP

​ឆកសមុទ្រ ដែល​រំលេច​នូវ​ភ្នំ​ថ្ម​ច្រូង​​ច្រាង ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​សម្រាប់​ទស្សនី​យ​ភាពស្រស់ស្អាត និង​តម្លៃ​ភូមិសាស្ដ្រ​។ វា​មាន​ដែន​ឆ្នេរ​ប្រវែង ១២០​ គីឡូម៉ែត្រ និង​មាន​ទំហំ​ប្រមាណ ១ ៥៥៣ ​គីឡូ​​ម៉ែត្រការ៉េ ជាមួយ​ប្រជុំ​កោះ​ចំនួន ១ ៩៦៩​។ ភ្នំ​ថ្ម​នៅក្នុង​ឆក​នេះ​បានកកើតឡើង​ប្រមាណ ៥០០ ​លាន​ឆ្នាំ​មកហើយ​។

​នាយក​នៃ​នាយកដ្ឋាន​ទេសចរណ៍​ខេត្ដ​ក្វាង​និ​ញ លោក ផាម ង៉ុ​ក ធុ​យ បាន​និយាយថា ចាប់ពីពេលនេះ​តទៅ​រហូតដល់​ដំណាច់ឆ្នាំ​ ២០២១ ខេត្ដ​គ្រោង​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ និង​សកម្មភាព​ចំនួន ៥០ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។

​គណៈកម្មការ​ប្រជាជន​ខេត្ដ ក៏បាន​អភិវឌ្ឍ​គម្រោង​ស្ដារ និង​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំនេះ ហើយនឹង​បន្ដធ្វើ​ការវាយតម្លៃ​ពី​កម្រិត​សុវត្ថិភាព​ក្នុងការ​ទប់ស្កាត់ និង​គ្រប់​​គ្រង​ជំងឺឆ្លង​កូ​វីដ​សម្រាប់​សកម្មភាព​ទេសចរណ៍​។​

​ភាគី​គណៈកម្មការ​ប្រជាជន​ខេត្ដ និង​ក្រុមហ៊ុន​សម្ព័ន្ធ បាន​ឯកភាព​លើ​បញ្ហា​ជាច្រើន រួមមាន ការបន្ដ​សហ​ប្រតិ​ប​ត្ដិ​ការ​ទេសចរណ៍ ការអភិវឌ្ឍ​កិច្ច​​សហ​ប្រតិ​ប​ត្ដិ​ការ និង​ការគ្រប់គ្រង​បទ​ប្ប​ញ្ញ​ត្ដិ​ស្ដីពី​ប្រតិ​ប​ត្ដិ​ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក និង​រថយន្ដ​ទេសចរណ៍​នៅ ហា​ឡុង​បេ និង​ឡាន​ហា​បេ​៕ VNS/HR