
ទិដ្ឋភាពអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។ រូបថត ក្រសួងបរិស្ថាន
បន្ទាយមានជ័យៈក្រៅពីស្តុកទឹកសម្រាប់បម្រើឱ្យវិស័យកសិកម្ម តំបន់អាងត្រពាំងថ្ម ក៏មានសក្ដានុពលផ្នែកទេសចរណ៍ មិនចាញ់តំបន់ទេសភាពនានានៅកម្ពុជាឡើយ ព្រោះវាជាតំបន់ដីសើមដ៏សម្បូរទៅដោយធនធានមច្ឆជាតិ ជីវចម្រុះ រួមទាំងប្រភេទសត្វកម្រនិងជិតផុតពូជជាច្រើនទៀតរស់នៅ ជាពិសេសប្រភេទសត្វក្រៀល ត្រដក់ធំ ត្រដក់តូច ទុង ទោម រនាល និងសត្វត្រយងចង្កំកស។
លោក សាន គឹមសួរ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រុក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាងត្រពាំងថ្មមានវិសាលភាពផ្ទៃទឹកទំហំ២៦៥០ហិកតា ស្ថិតនៅភាគឦសាននៃខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រឃុំប៉ោយចារនៃស្រុកភ្នំស្រុក។ វាក៏ជាអតីតបឹងដែលត្រូវបានគេប្រើប្រាស់ជាប្រព័ន្ធធារាសាស្រ្តនាសម័យអង្គរផងដែរ។ ក្នុងសម័យខ្មែរក្រហម គឺក្នុងអំឡុងឆ្នាំ១៩៧៦ មនុស្សប្រមាណ៥ម៉ឺននាក់ ត្រូវបានបង្ខំឱ្យធ្វើការជីកនិងរែកដីលើកទំនប់នៅតំបន់បឹងត្រពាំងថ្មនេះ ដើម្បីធ្វើជាអាងស្តុកទឹកសម្រាប់កសិកម្មដ៏ធំមួយក្នុងតំបន់នេះ។
លោកបានបញ្ជាក់ថា៖«ដំណើរការជីកអាងស្តុកទឹកត្រពាំងថ្ម ក្នុងរបបខ្មែរក្រហម គឺធ្វើមិនបានសម្រេចទេ ហើយមនុស្សប្រមាណ៣ម៉ឺននាក់ ត្រូវបានគេស្រាវជ្រាវរកឃើញថា បានស្លាប់នៅទីនោះ ដោយសារតែធ្វើការបាក់កម្លាំង ឈឺគ្មានថ្នាំព្យាបាល និងគ្មានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ»។
បើតាមលោក គឹមសួរបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងកម្លាំងបដិវត្តន៍នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ភូមិសាស្ត្រស្រុកភ្នំស្រុក នៅតែជាតំបន់ធ្វើស្រែដ៏មានសក្ដានុពលមួយក្នុងខេត្តបន្ទាយមានជ័យ។
ប៉ុន្តែបញ្ហាប្រឈមគឺកសិករខ្វះទឹកស្រោចស្រព ព្រោះសមិទ្ធផលដែលខ្មែរក្រហមបានបន្សល់ទុកសម្រាប់អាងត្រពាំងថ្មនោះ គឺមានត្រឹមតែខ្នងទំនប់ប៉ុណ្ណោះ គ្មានសំណង់សិល្បការ និងប្រព័ន្ធប្រឡាយដែលអាចនាំទឹកទៅដល់ដីស្រែកសិករឡើយ។
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា នៅខែសីហា ឆ្នាំ២០០៤ បានសម្រេចធ្វើការជួសជុលស្ដារឡើងវិញ នូវអាងស្តុកទឹកដ៏ធំនេះ ក្រោមមូលនិធិបដិភាគនៃជំនួយក្រៅគម្រោងរបស់រដ្ឋាភិបាលជប៉ុន សហការជាមួយក្រសួងធនធានទឹកនិងឧតុនិយម ហើយបានសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០០៦ ។
ថ្វីបើយ៉ាងដូច្នេះក្ដី គ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៣ បានបង្កការខូចខាតយ៉ាងដំណំនូវហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង ដែលក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៃប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ក៏ត្រូវបានខូចខាតផងដែរ។
ប៉ុន្តែក្រោមគម្រោងស្ដារឡើងវិញពីការខូចខាតដោយទឹកជំនន់នៅកម្ពុជា អាងស្តុកទឹកត្រពាំងថ្មដ៏ធំជាងគេនៅកម្ពុជាមួយនេះ ត្រូវបានស្តារឡើងវិញ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ និងបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០១៨ ជាមួយនឹងការចំណាយសរុបចំនួន៩០,៦៨លានដុល្លារ ដែលក្នុងនោះ៧៥លានដុល្លារជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ៦,៦៨លានដុល្លារជាសហហិរញ្ញប្បទានពីរដ្ឋាភិបាលអូស្ត្រាលី និង៩លានដុល្លារទៀតគឺជាថវិការបស់រដ្ឋាភិបាលកម្ពុជាដោយផ្ទាល់។
លោកចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម មានប្រសាសន៍ថា តាមរយៈគម្រោងដែលគាំទ្រដោយ ADB និងរដ្ឋាភិបាលអូស្ត្រាលី ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ត្រូវបានស្ដារនិងពង្រីកប្រព័ន្ធទំនើបកម្មកាន់តែមានប្រសិទ្ធភាពឡើងមួយកម្រិតទៀត ក្នុងនោះបានសាងសង់សិល្បការជាច្រើនកន្លែង រួមទាំងប្រព័ន្ធប្រឡាយមេ ប្រឡាយរង និងប្រឡាយជើងក្អែបជាច្រើនខ្សែ ដែលអាចនាំទឹកដល់ដីស្រែកសិករដោយផ្ទាល់ រួមទាំងសាងសង់របាំងការពារទឹករលក និងទីជម្រាលសម្រាប់ឱ្យពលរដ្ឋអាចចុះងូតទឹកលេងបានផងដែរ។
លោកបានបញ្ជាក់ថា៖«មុនពេលអនុវត្តគម្រោងនេះ អាងត្រពាំងថ្ម អាចស្តុកទឹកបានត្រឹមតែ១០០លានម៉ែត្រគុបប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ យើងអាចស្តុកទឹកបានដល់២០០លានម៉ែត្រគុប ជាមួយទំនើបកម្មប្រព័ន្ធធារាសាស្ត្រដ៏ខ្វែងខ្វាត់ ទឹកត្រូវបាននាំចេញពីផ្ទៃអាងដ៏ធំនេះ តាមប្រព័ន្ធប្រឡាយមេ ប្រឡាយរង និងប្រជើងក្អែប ទៅស្រោចស្រពដីស្រែរបស់ប្រជាកសិកររាប់ម៉ឺនហិកតា នៅក្នុងស្រុកភ្នំស្រុក និងបណ្ដាស្រុកមួយចំនួនទៀតដែលនៅជាប់នោះ។ មិនតែប៉ុណ្ណោះខ្នងទំនប់ក៏ត្រូវបានធ្វើទំនើបកម្មជាផ្លូវបេតុងសម្រាប់ឱ្យកសិករធ្វើដំណើរនិងដឹកកសិផលទៅមកផងដែរ»។
បើតាមលោក ស៊ីណាត នៅពេលនេះ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់លុយ៨លានដុល្លាបន្ថែមទៀត ដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មដ៏ធំជាងគេនៅកម្ពុជាមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយធានាបាននូវការស្តុកបរិមាណទឹករហូតដល់ ៣០០លានម៉ែត្រគុប សម្រាប់ការពង្រឹងនិងលើកកម្ពស់វិស័យកសិកម្ម និងទេសចរណ៍នៅក្នុងតំបន់នេះ ។
លោកមានប្រសាសន៍បន្ថែមថា៖«ក្រៅពីផ្តល់ទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដីស្រែ៣ដងក្នុង១ឆ្នាំ ជាមួយទិន្នផលពី៧-៨តោនក្នុង១ហិកតា សម្រាប់ស្រូវពង្រោះ និងពី១០-១១តោនក្នុង១ហិកតា សម្រាប់ស្រូវប្រពលវប្បកម្មហើយនោះ ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ក៏បានផ្តល់ជាផលត្រី និងកន្លែងទេសចរណ៍ដ៏ទាក់ទាញផងដែរ»។
ដោយសារភាពអំណោយផលនៃធម្មជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជីវភាពរស់នៅរបស់ប្រជាកសិករនៅក្នុងតំបន់ជុំវិញអាងត្រពាំងថ្ម មានភាពល្អប្រសើរក្រៃលែង។
លោក មាស ទង់ អាយុ៥៧ឆ្នាំ ប្រជាកសិករនៅភូមិ-ឃុំប៉ោយចារ ស្រុកភ្នំស្រុក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រៅពីការបង្កបង្កើនផលស្រូវបាន៣ដងក្នុង១ឆ្នាំ ជាមួយទិន្នផល៧តោនក្នុង១ហិកតា គ្រួសាររបស់គាត់និងអ្នកភូមិផ្សេងទៀត នៅអាចរកប្រាក់ចំណូលបានបន្ថែមទៀតពីការនេសាទត្រីនៅតាមប្រព័ន្ធប្រឡាយដែលស្ថិតនៅជុំវិញអាងត្រពាំងថ្មនេះផងដែរ។
លោកថ្លែងថា៖«ចាប់តាំងពីឆ្នាំ២០១៣មក ជីវភាពគ្រួសាររបស់ខ្ញុំ និងអ្នកភូមិនៅទីនេះគឺមានភាពល្អប្រសើរជាងមុន ដោយពួកយើងអាចធ្វើស្រែបាន៣ដងក្នុង១ឆ្នាំ ហើយអាចរកត្រីបានទៀត ព្រោះប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម មិនគ្រាន់តែមានប្រភពទឹកដ៏ច្រើននោះទេ ត្រីក៏មានច្រើនដែរ»។
កសិករម្នាក់ទៀត គឺអ្នកស្រី ទុយ សាលៀន អាយុ៤២ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រៅពីរបរធ្វើស្រែគាត់ មានតូបលក់ម្ហូបអាហារមួយនៅលើខ្នងទំនប់អាងត្រពាំងថ្ម ដែលអាចរកប្រាក់ចំណូលពីភ្ញៀវ ដែលទៅទស្សនាកម្សាននៅទីនោះ។
អ្នកស្រីថ្លែងថា៖«ក្នុង១ថ្ងៃខ្ញុំអាចរកចំណូលពីការលក់ម្ហូបអាហារជូនភ្ញៀវ ដែលមកកម្សានទីនេះ [អាងត្រពាំងថ្ម]បានជាង១០ម៉ឺនរៀល»។
បើតាមអ្នកស្រី សាលៀន ទេសចរដែលទៅកម្សាននៅទីនេះភាគច្រើន ជាអ្នកមកពីរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងពីទីរួមខេត្តបន្ទាយមានជ័យ ហើយពួកគេចូលចិត្តចុះងូតទឹក និងជិះកាណូតកម្សាន្តក្នុងផ្ទៃអាងត្រពាំងថ្ម ដើម្បីទស្សនាសត្វស្លាប។
អ្នកស្រីបានថា៖«ភ្ញៀវមកលេងនៅទីនេះជារៀងរាល់ថ្ងៃ ប៉ុន្តែភាគច្រើននៅក្នុងរដូវលំហើយ ព្រោះពួកគេភាគច្រើនចង់ទស្សនាសត្វក្រៀល ទង់ ត្រដក់ ទោម ព្រោះរដូវនេះ សត្វទាំងនោះវាចាប់ផ្ដើមចុះមក»។
ជុំវិញករណីនេះផងដែរ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាក្រៅពីសម្បូរធនធានជីវចម្រុះ និងសត្វព្រៃកម្រនិងជិតផុតពូជ តំបន់អាងត្រពាំងថ្ម ក៏ជាតំបន់សំខាន់បែបប្រវត្តិសាស្រ្ត ដែលមានការទាក់ទាញទេសចរពីគ្រប់ទិសទីមកទស្សនាកម្សានផងដែរ។
នៅផ្នែកខាងលើនៃខ្នងទំនប់ មានរៀបចំជា ប៉មទស្សនាសត្វស្លាបទឹក អគារបម្រើកាហ្វេ អាហារ និងតូបលក់វត្ថុអនុស្សាវរីយ៍ និងលើផ្ទៃទឹកមាននាវា (កាណូត)ជាច្រើនគ្រឿង ត្រូវបានរៀបចំសម្រាប់ដឹកភ្ញៀវដែលមកកម្សាន្ត។
លោកថ្លែងថា៖«បច្ចុប្បន្ន អាងត្រពាំងថ្មត្រូវបានបង្កើតជាតំបន់អេកូទេសចរណ៍ប្រវត្តិសាស្ត្រ និងមានភ្ញៀវចូលមកទស្សនាជាហូរហែរៀងរាល់ថ្ងៃមិនចាញ់តំបន់ទេសចរណ៍ផ្សេងទៀតនោះទេ »។
យ៉ាងណាក៏ដោយ នៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យពីសមិទ្ធផលនៃគម្រោងខាងលើនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងកោតសរសើរដល់ក្រុមការងារប្រតិបត្តិការ និងភាគីពាក់ព័ន្ធ ដែលធ្វើឱ្យគម្រោងចេញជារូបរាងឡើងប្រកបដោយបរិយាប័ន្ន។
ទន្ទឹមនឹងនេះ លោកស្រីក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវចូលរួមថែរក្សា ការពារសមិទ្ធផលមួយនេះ ឱ្យបានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ និងខិតខំដាំដុះស្រូវ ដំណាំរួមផ្សំ រួមទាំងចិញ្ចឹមត្រី និងសត្វមាន់-ទា បន្ថែមទៀតដើម្បីលើកកម្ពស់ជីវភាពរស់នៅ។
លោកស្រី Varma មានប្រសាសន៍ថា៖«ដាំស្រូវតែ១មុខមិនគ្រប់គ្រាន់ទេ យើងគួរដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ មាន់-ទា និងត្រីថែមទៀត ដើម្បីធានាដល់សុវត្ថិភាពស្បៀងអាហារ ទាំងក្នុងសហគមន៍មូលដ្ឋាន និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងដើម្បីបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារ»៕