​កំពត​: ព្រះពុទ្ធ​បដិមា​ទ្រង់​ព្រះ​ភ្នែន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​ខ្ពស់បំផុត​ក្នុងចំណោម​ព្រះពុទ្ធ​បដិមា​នៅ​ទូទាំង​ពិភពលោក ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​កសាង​នៅលើ​ខ្នងភ្នំ​បូកគោ នៃ​តំបន់​វាលស្រែ​ ៥០០ ស្ថិតក្នុង​សង្កាត់​បឹង​ទូក ក្រុង​បូកគោ​។​

​ការបញ្ចុះ​បឋមសិលា​ក​សាង​ព្រះពុទ្ធ​បដិមា​កម្ពស់​ ១០៨ ម៉ែត្រ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អ​ធិ​​ប​តី​ភាព​លោក​ ជា សុផារ៉ា ឧ​ប​នាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ព្រឹក​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២៣​។

​ទីឋាន​សក្ការៈ​ដ៏​ធំ​ស្កឹមស្កៃ ស្ថិតនៅលើ​កំពូលភ្នំ​បូកគោ នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​នេះ​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​បែប​សាសនា​សម្រាប់​ពុទ្ធបរិស័ទ និង​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​។


​លោកស្រី ​សុខ ចន្ថា អនុប្រធាន​ក្រុមហ៊ុន​សុខាអូតែល បានឱ្យដឹងថា​៖ «​ក្រុមហ៊ុន សុខាអូតែល បាន​មានគំនិត​ផ្តួចផ្តើម សាងសង់​ព្រះពុទ្ធ​បដិមា​ ១​ អង្គ នៅលើ​ខ្នងភ្នំ​បូកគោ ដើម្បី​ជាទី​សក្ការៈ​សម្រាប់​ពុទ្ធសាសនិកជន ប្រ​ណិ​ប័ត​ន៍​ធម៌ និង​ឧទ្ទិស​សុំ​សេចក្តី​សុខសន្តិភាព សេចក្ដីចម្រើន​រុងរឿង ជានិច្ច​និរន្ដរ៍​រៀង​ទៅ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង និង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​»​។

​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​សិក្សា​រៀបចំ​អភិវឌ្ឍ​ប្លង់​មេ ដើម្បីឱ្យ​គម្រោង​សង់​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ​ដែល​នឹង​ចំណាយ​ប្រា​ក់សាង​សង់​ប្រមាណ ៣០​ លាន​ដុល្លារ​នេះ ក្លាយទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍ ព្រះពុទ្ធសាសនា​ដ៏​ធំ​ ១ ​នៅ​កម្ពុជា និង​ពិភពលោក​។​


​លោកស្រី​បន្ដថា​៖ «​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​ស្កឹមស្កៃ​នេះ នឹង​បង្កើតជា​សក្ដានុពល​ទេសចរណ៍​សាសនា មិន​ត្រឹមតែ​នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ស្ថិតក្នុង​តំបន់ និង​ពិភពលោក​នាពេលខាងមុខ​ផងដែរ ហើយ​ព្រះអង្គ​នឹង​គង់ប្រថាប់​នៅ​ជា​សម្បត្ដិ​វប្បធម៌ សាសនា​ជាតិខ្មែរ ត​ជំនាន់​សម្រាប់​ជាទី​សក្ការៈ​ដ៏​ថ្លៃថ្លា ឧ​ត្តុ​ង្គ​ឧត្ដម​បំផុត​របស់​ពុទ្ធសាសនិក​ជន​ទាំងអស់គ្នា​»​។​

រូបគំនូរប្លង់​ព្រះពុទ្ធបដិមា​គ្រោង​សាងសង់​នៅ​ភ្នំបូកគោ​​។ រូប ក្រសួងរៀបចំដែនដី​

​លោកស្រី ចន្ថា ដែល​តំណាងឱ្យ​លោក សុខ គង់ ជា​ឪពុក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​សុខា​​អូ​តែ​ល និង​សូគីម៉ិច​គ្រុប បាន​រៀបរាប់​អំពី​ទម្រង់ និង​រចនាប័ទ្ម​របស់​ព្រះពុទ្ធ​បដិមា​ដ៏​មហិមា​នេះ​ថា ជា​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ និង​ខ្ពស់​ដំបូង​បំផុត​នៅ​កម្ពុជា ក៏​ដូច​​ជា​ស្ថិត​ក្នុងចំណោម​ព្រះ​ពុទ្ធបដិមា​ខ្ពស់បំផុត​មួយ​នៅលើ​ពិភពលោក ដោយ​ព្រះអង្គ​មាន​ទម្រង់​ជា​ព្រះ​​ពុទ្ធ​មារវិជ័យ ឬ​ផ្ចាញ់​មារ ទៅតាម​រចនាប័ទ្ម​បាយ័ន ជា​រចនាប័ទ្ម​កំពូល​នៃ​ព្រះពុទ្ធសាសនា ក្នុង​រជ្ជកាល​ព្រះបាទ ជ័យ​វ័រ្មន​ទី​ ៧ នា​សតវត្សរ៍​ទី ​១៣​។

​ស្ថិតនៅលើ​ខ្នងភ្នំ​បូកគោ ដែលមាន​នីវ៉ូ​ដី​កម្ពស់​ប្រមាណ ១ ​ពាន់​ម៉ែត្រ​ពី​ផ្ទៃសមុទ្រ ក្នុងភូមិ​សាស្ត្រ​វាលស្រែ ​៥០០ នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​»​ ព្រះ​ពុទ្ធបដិមា សាងសង់​ពី​បេតុង​អា​ម៉េ​ពណ៌​មាស បែរ​ព្រះ​ភក្ត្រ​នៅ​ទិសខាងកើត​។

លោកស្រី ចន្ថា ឱ្យដឹងថា​៖ «​ព្រះពុទ្ធ​បដិមា​មាន​កម្ពស់ ១០៨ ​ម៉ែត្រ ពី​នីវ៉ូ​សូន្យ នៃ​ខឿន​ផ្ទាល់​ដី​ដល់​កំពូល​ព្រះ​មោលី​តំណាងឱ្យ​មង្គល​ទាំង ១០៨ របស់​ព្រះអង្គ ទ្រង់​គង់​ភ្នែន​ទៅលើ​បល្ល័ង្ក​ផ្កាឈូក រាង​រង្វង់ (​តំណាងឱ្យ​វាល​វដ្ត​សង្សារ​) ដែល​ក្បាច់រចនា​របស់​បល្ល័ង្ក​នេះ យកតាម​លំនាំ​នៃ​ផ្នែក​មួយ​របស់​សសរ​ពេជ្រ ប្រាសាទដំរីក្រាប នៃ​រចនាប័ទ្ម​គូលែន ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​ ២ នា​សត​វត្សរ៍​ទី​ ៩»​។

ចំពោះ​ខឿន​ផ្ទាល់​ដី​មាន​បណ្តោយ ២៤៨ ​ម៉ែត្រ ទទឹង ១៨៦ ម៉ែត្រ មាន​ជណ្តើរ​​ធំ​ចំនួន​ ៤ អមដោយ​បង្កាន់ដៃ​នាគ ដែល​តំណាងឱ្យ​ទិស​ធំៗ​ទាំង​ ៤ យកតាម​លំនាំ រចនា​ប័​ទ្ម​អង្គរវត្ដ ក្នុង​រជ្ជកាល​ព្រះបាទ​​សូរ្យ​វរ្ម័នទី​២ សតវត្សរ៍​ទី​១២​។

​ចំណែក​ខឿន​ជាន់​ទី​១ មាន​ក្តារបែន​ឬ​រានហាល នៅ​ចំ​ពីមុខ​ព្រះ​ពុទ្ធបដិមា សម្រាប់​ប្រារព្ធ​ពិធី​សាសនា ហើយ​មាន​ព្រះពុទ្ធ​​រូប ៧​ អង្គ និង​ព្រះ​អសីតិសាវ័ក ៥ ​អង្គ សរុប​ចំនួន ១២ ​អង្ គ​(​តំណាងឱ្យ​ខែ និង​ឆ្នាំ​ទាំង​១២) គង់​ក្នុង​ប្លុក តម្កល់​ជុំវិញ​ព្រះពុទ្ធ​បដិមា​អង្គ​ធំ និង​មាន​ជណ្តើរ​ចំនួន ៨ (​តំណាងឱ្យ​ទិស​ទាំង​ ៨ និង​អរិយ​មគ្គ​ទាំង​៨) សម្រាប់​ឡើងទៅ​កាន់​ទីសក្ការៈ​នៃ​ព្រះពុទ្ធ​បដិមា​។ ចំពោះ​ផ្នែក​ខាងក្នុង​នៃ​ខឿន​ផ្ទាល់​ដី នឹងមាន​ការរៀបចំ​ដាក់​តម្កល់​ព្រះ​ពុទ្ធរូប​តូចៗ​នៅតាម​ជញ្ជាំង រៀបចំ​ជា​កន្លែង​ជួប​​ប្រជុំ​ប្រារឰ​ពិធី​សាសនា ជា​សារ​មន្ទីរ ជា​ហោត្រ័យ​តម្កល់​គម្ពីរ​​ព្រះ​ត្រៃបិដក និង​ជា​កន្លែង​វិបស្សនា​ជាដើម​។

​លោក ជា សុផារ៉ា បាន​ថ្លែង​រំឭក​អំពី​ប្រ​វ​ត្ដិ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ក្នុងពេល​បញ្ចុះបឋមសិលា​ថា ជា​រមណីយដ្ឋាន​ដែលមាន​ខ្យល់អាកាស ទេស​ភាព​ធម្មជាតិ តំបន់ភ្នំ សមុទ្រ​ដ៏​ពិសិដ្ឋ និង​មាន​ចម្ងាយ ៤២ គីឡូម៉ែត្រ​ពី​ខេត្ដ​កំពត រមណីយ​ដ្ឋា​ន​នេះ​ត្រូវបាន​ចាត់ទុកជា​កន្លែង​សម្រាកកាយ​កម្រិត​ខ្ពស់​របស់​រាជវង្សានុវង្ស​នៃ​ប្រទេស​កម្ពុជា​និង​សម្រាប់​អភិជន​សង្គ្រាម​នៅ​ឥណ្ឌូចិន​តាំងពីដើម​សតវត្សរ៍​ទី​ ២០​។ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ត្រូវបាន​បោះបង់ចោល​ជា​លើកដំបូង​អំឡុង​ឆ្នាំ​ ១៩៤០​។

​បន្ទាប់​ពី​ឯករាជ្យ​របស់​កម្ពុជា ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រះមហាក្សត្រ​ព្រះបាទ​ន​រោ​ត្ដម សីហនុ ព្រះ​​បរម​រតន​កោដិ បានធ្វើ​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ភ្នំ​បូកគោ ហើយ​ទីក្រុង​ថ្មី​ត្រូវបាន​សម្ពោធ​កាលពី​ខែមករា ឆ្នាំ​ ១៩៦២​។

​លោក​ឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា​៖ «​នៅ​ឆ្នាំ​ ២០១៩ រាជរដ្ឋាភិបាល​បានអនុម័ត​ប្លង់​​គោល​ប្រើប្រាស់​ដី​គម្រោង​អភិ​​វឌ្ឍន៍​ក្រុង​បូកគោ សំដៅ​ធានា​ការ​គ្រប់គ្រង និង​អភិបាលកិច្ច​ទីប្រជុំ​ជន​បូកគោ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការធ្វើ​សមា​ហ​​រណកម្ម ការអភិវឌ្ឍ ការអភិរក្ស​ប្រកបដោយ​គុណភាព តុល្យភាព សមធម៌ និង​ចីរភាព​»​។

​លោក​បញ្ជាក់ថា​៖ «​រាល់​ការ​សាងសង់​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស នគ​រូប្ប​ណិ​យ​ប​ញ្ញ​ត្ដិ និង​ធានាបាន​នូវ​ចីរភាព និង​បរិស្ថាន​។ ព្រះពុទ្ធ​បដិមា​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ទេសចរ​ណ៍​ព្រះពុទ្ធសាសនា​ដ៏​ធំ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក​»​។

​បើតាម​លោកស្រី សុខ ចន្ថា បានឱ្យដឹងថា គម្រោង​សាង​សង់​ព្រះ​ពុទ្ធបដិមា​នេះ ត្រូវបានធ្វើ​ការសិក្សា និង​គូរ​ប្លង់​ស្ថាប​ត្យ​កម្ម ដោយ​យុវ​ស្ថាបត្យករ ១ ​ក្រុម​ជា​កុលបុត្រ កុលធីតា​ខ្មែរ ដោយមាន​ការចូលរួម​ផ្តល់យោបល់​និង​កែលម្អ​បន្ថែម ពី​ក្រុមការងារ បច្ចេកទេស​អន្តរក្រសួង ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន ធ្វើឱ្យមាន​លក្ខណៈ និង​រស​និយម​ជា​ខ្មែរ ស្របតាម​ក្បួនខ្នាត ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា និង​រចនាប័ទ្ម​ជាតិ​ដ៏​ផូរផង់ ដោយ​ផ្អែក​តាម​ឯកសារ​គតិយុត្ត​នានា​លើ​មូល​ដ្ឋា​ន ​«​រក្សា​ចាស់ បង្កើត​ថ្មី នា​សម័យ​តេ​ជោ សុខសន្តិភាព និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​»​។

​លោកស្រីបាន​អះអាងថា​៖ «​ព្រះពុទ្ធ​បដិមា​នេះ អនុវត្ត​ការ​សាងសង់​ដោយ ក្រុមហ៊ុន សុខា រៀល អ៊ី​ស្ទេ​ត ជា​ក្រុមហ៊ុន​ខ្មែរ មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវ​កម្ម​សាងសង់ ដោយ​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​អ្នកបច្ចេកទេស​ជំនាញ​ក្នុងស្រុក និង​សហការ​ជាមួយ​អ្នកបច្ចេកទេស​បរទេស​មួយចំនួន ក្នុងករណី​ចាំបាច់​»​។

រូបគំនូរប្លង់​ព្រះពុទ្ធបដិមា​គ្រោង​សាងសង់​នៅ​ភ្នំបូកគោ​​។ រូប ក្រសួងរៀបចំដែនដី​

​លោក នេត្រ ភក្ដ្រា រដ្ឋលេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​​បរិស្ថាន ដែលជា​ប្រធាន​អន្ដរ​​ក្រសួង ដោយមាន​ការចូលរួម​ពី​ក្រសួង​ធម្មការ និង​សាសនា ក្រ​សួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ​កម្ម និង​សំណង់ ក្រសួង​ទេសចរ​ណ៍ ក៏ដូចជា​រដ្ឋបាលខេត្ត​កំពត ឱ្យដឹងថា ក្រុមការងារ​បច្ចេកទេស​នឹង​ធ្វើការ​ពិនិត្យមើល​លើ​គម្រោង​ទាំងអស់​។ ពួកគេ​នឹង​ខិតខំ​ប្រឹង​​ប្រែង​ធ្វើ​ដូច​ទៅនឹង​អ្វីដែល​មាននៅ​ក្នុង​ប្លង់​មេ​។

​ចំពោះ​ការកសាង​ព្រះពុទ្ធ​ប​ដិ​មា ដែល​ទទួលបាន​ការឯកភាព​គាំទ្រ​ពី​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង ការអនុញ្ញាត​ជា​គោល​​ការណ៍​ពី​រាជរដ្ឋាភិបាល នឹងត្រូវ​ចំណាយពេល ៤ ឆ្នាំ លោក នេត្រ ភក្ដ្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​នឹងមាន​ក្រុម​​ការងារ​បច្ចេកទេស​តាមដាន​បន្ថែមទៀត​តាំង​ពី​ការចាប់​ផ្ដើមកសាង​រហូត​ដល់​ការបញ្ចប់​។ វា​មានន័យថា អន្ដរក្រសួង និង​ក្រុម​សំណង់​នឹង​ដឹកនាំ​ការងារ​នៃ​ការរៀបចំ​ពិនិត្យមើល​លើ​គុណភាព​សំណង់ ក៏ដូចជា​ក្រសួង​ធម្មការ និង​ក្រសួង​វប្បធម៌​នឹង​ពិនិត្យមើល​លើ​គម្រោង​រចនាប័ទ្ម​ដែល​យើង​មាន ពីព្រោះ​ការរៀបចំ​នូវ master plan ជា​រឿង​មួយ​ហើយ ដែល​ស្របទៅនឹង​រចនាប័ទ្ម និង​បរិបទ​ផ្សេងៗ​។ អ្វី​មួយទៀត គឺជា​ការ​ចេញ​រូបរាង​ដើម្បីឱ្យ​ដូច​ទៅនឹង​អ្វីដែល​បានកំណត់​»​។

​លោក​ទទួលស្គាល់ថា សំណង់​ជា​សំណង់​ព្រះ​ពុទ្ធបដិមា​ធំ​បំផុត​លើក​ទី​ ១ ​សម្រាប់​កម្ពុជា​ដែល​ត្រូវខិតខំ​ផ្ចិតផ្ចង់​គ្រប់បែបយ៉ាង​ទាំងអស់ ទាំង​ក្បាច់រចនា​។

​លោក​ថា​៖ «​ការរៀបចំ master plan នេះ​គឺមាន​អន្ដរក្រសួង​ផ្ដល់យោបល់ ហើយ​ស្របទៅតាម​បរិបទ​នៃ​បច្ចេកទេស​ផង រចនាប័ទ្ម​ដែលមាន​ផង​។ បន្ទាប់​ទៅ ការសាងសង់​នេះ យើង​ត្រូវមាន​ការតាមដាន​បន្ដ​ទៀត​ដែល​គ្រប់គ្រង​លើ​គុណភាព​សំណង់ ដោយសារ​តំបន់​នេះ​ជា​តំបន់​ជាប់មាត់​សមុទ្រ​។ ដូច្នេះ បច្ចេក​ទេស​សំណង់​ត្រូវ​ធ្វើឱ្យ​បន្ស៊ី​ទៅនឹង​បរិយាកាស​ដែរ​»​។

​ក្រុមហ៊ុន សុខា អូ​តែ​ល បានធ្វើការ​វិនិយោគ និង​អភិវឌ្ឍន៍​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ដែល​ចាត់ចែង​រៀបចំ និង​ដំណើរ​ការ​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ ចាប់តាំងពី​ដើមឆ្នាំ​ ២០០៨ មក ដោយបាន​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ ពី​ជើងភ្នំ​រហូតដល់​លើ​ខ្នងភ្នំ មាន​ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ជា​តម្រូវការ​ចាំ​បាច់ និង​ជា​អាទិភាព​បំផុត​សម្រាប់​ការអភិវឌ្ឍ​នៅលើ​ភ្នំ​នេះ​។

​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​សំណង់​សណ្ឋាគារ រមណីយដ្ឋាន លំនៅ​ឋាន និង​អគារ​សេវាកម្ម​មួយចំនួន ក៏ដូចជា ការធ្វើ​ដំណាំ​កសិកម្ម និង​ចិញ្ចឹមសត្វ​ផ្សេងៗ​ទៀត​នៅលើ​ផ្ទៃដី​ ៤១ ០០០​ ហិកតា ក្នុងចំណោម​ផ្ទៃដី​ឧទ្យាន​ជាតិ​សរុប ១៥៤ ៤៥៨​ ហិកតា ស្ថិតក្នុង​ខេត្ដ​ចំនួន​ ៣ គឺ​ខេត្ដ​កំពត ខេត្ដ​ព្រះសីហនុ និង​ខេត្ដ​កំពង់ស្ពឺ​។​

​ពុទ្ធបរិស័ទ​ដែលមាន​សទ្ធា​ជ្រះថ្លា​ប្រាថ្នា​ចូល​បច្ច័យ​ភ្ជាប់​និស្ស័យ និង​អនុមោទនា​ទទួល​ផល​បុណ្យ​ក្នុងការ​កសាង​ព្រះ​ពុទ្ធបដិមា​កម្ពស់ ១០៨​ ម៉ែត្រ​នេះ អាច​ចូលរួមបាន​តាមរយៈ​គ​ណ​នី​ធនាគារ 106 108 108 សម្រាប់​លុយ​រៀល និង​ 107 108 108 សម្រាប់​លុយ​ដុល្លារ​នៃ​ធនាគារ ABA: Sokha Hotel Co., Ltd. (Preah Puth Padima 108m-On Bokor)៕

រូបគំនូរប្លង់​ព្រះពុទ្ធបដិមា​គ្រោង​សាងសង់​នៅ​ភ្នំបូកគោ​​។ រូប ក្រសួងរៀបចំដែនដី​