
ទិដ្ឋភាពភ្នំ Scafell Pike។ ហ្វេសប៊ុក
កាសែត The Sun បានចុះផ្សាយរឿងរ៉ាវដ៏អស្ចារ្យមួយរបស់ក្មេងស្រីជនជាតិវេលស៍អាយុ ៥ ឆ្នាំ បន្ទាប់ពីកុមារីរូបនេះ បានក្លាយជាអ្នកឡើងភ្នំក្មេងជាងគេបំផុត ដែលអាចឈានជើងដល់កំពូលរបស់ភ្នំដ៏ខ្ពស់បំផុតចំនួន ៣ នៅចក្រភពអង់គ្លេស ក្នុងរយៈពេលតិចជាង ៤៨ ម៉ោង ហើយថែមទាំងស្ម័គ្រចិត្តធ្វើជាជំនួយដល់អ្នកជួយសង្គ្រោះ ដើម្បីជួយដល់អ្នកឡើងភ្នំ ដែលជួបបញ្ហារហូតទទួលបានកោតសរសើរ ចំពោះភាពក្លាហាន និងជំនាញដ៏មិនគួរឱ្យជឿរបស់ក្មេងស្រីរូបនេះ។
សេចក្ដីរាយការណ៍ បានអះអាងថា កុមារី Serene Isla Price រួមជាមួយនឹងឪពុករបស់នាង លោក Glyn បានឡើងភ្នំដល់កំពូលចំនួន ៣ ក្នុងនោះមានភ្នំ Ben Nevis ដែលជាភ្នំខ្ពស់ជាងគេបំផុតរបស់ប្រទេសស្កុតឡេន ដោយមានកម្ពស់រហូតដល់ទៅ ១ ៣៤៥ ម៉ែត្រ ភ្នំ Snowdon ដែលខ្ពស់បំផុតនៅប្រទេសវេលស៍ ដោយមានកម្ពស់ ១ ០៨៥ ម៉ែត្រ និងភ្នំ Scafell Pike ដែលជាភ្នំខ្ពស់ជាងគេបំផុតរបស់ប្រទេសអង់គ្លេស ដោយមានកម្ពស់ ៩៧៨ ម៉ែត្រ។ វាចំណាយពេលតិចជាង ៤៨ម៉ោង ដើម្បីឡើងដល់កំពូលភ្នំទាំង៣ នេះ។
លើសពីនេះទៀត ក្នុងពេលឡើងភ្នំ Ben Nevis នោះ ក្មេងស្រីតូច Serene បាននាំយកភេសជ្ជៈប៉ូវកម្លាំងទៅឱ្យអ្នកឡើងភ្នំស្រី ដែលកំពុងប្រសព្វនឹងបញ្ហា ក្នុងការចុះពីភ្នំ។
«ស្ត្រីនោះត្រូវការជំនួយ។ ដូច្នេះ យើងបានទូរស័ព្ទទៅសេវាសង្គ្រោះ ខាងអាជ្ញាធរភ្នំ។ ពួកគេប្រញាប់ប្រញាល់បំពេញភារកិច្ចរបស់ខ្លួន ដោយឡើងពីក្រោមទៅកំពូលភ្នំ។ យើងត្រូវចំណាយពេលប្រហែល ២ម៉ោង ក្នុងការឆ្លងកាត់ផ្លូវ ដើម្បីទៅរកពួកគេ និងកន្លែង ដែលយន្តហោះសង្គ្រោះ កំពុងរង់ចាំ។ Serene គឺពូកែណាស់» នេះជាសម្ដីរបស់លោក Glyn។
មុនពេលមានការបង្ហាញថា កុមារី Serene ចាប់ផ្ដើមឡើងភ្នំ តាំងពីអាយុ ៣ឆ្នាំ ហើយអាចឡើងដល់កំពូលភ្នំចំនួន៣ នៅវេលស៍ នៅមុននេះ អ្វីដែលសំខាន់នោះ ក្មេងស្រីរូបនេះ ក៏កំពុងបើកទទួលយកការបរិច្ចាគ ដើម្បីជួយដល់មន្ទីរពេទ្យកុមារ ក្នុងទីក្រុង Birmingham ដែលកុមារី Serene កាលនៅជាទារក ក៏ទទួលបានការព្យាបាល នៅទីនេះ រហូតជាសះស្បើយ និងមានសុខភាពរឹងមាំល្អ ដល់សព្វថ្ងៃនេះ៕