ព្រះសីហនុ/កោះកុងៈ ទេសចរណ៍ ​ជា​វិស័យ​ដ៏​មាន​ឥទ្ធិពល​មួយ និង​អាច​មាននៅ​គ្រប់​ទីកន្លែង ​មិន​ថា​ លើគោក ​ឬ​ក្នុង​ទឹក ​ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា​ ទេសចរណ៍​ក្រោម​បាតសមុទ្រ ​ហាក់ដូច​ជាថ្មី​បន្តិច​។ ដូច្នេះ​ហើយ ​បានជា​អ្នកទេសចរ​មុជទឹក​ទៅ​មើល​ផ្កាថ្ម​នៅ​បាតសមុទ្រ​ច្រើនតែ​ជា​ជន​បរទេស​។ នេះ​បើតាម​អ្នកជំនាញ​មុជទឹក​ម្នាក់។​



ទោះ​យ៉ាងណា ​ការចំណាយ​អស់​ច្រើន ​សម្រាប់​រយៈពេល​នៃ​ការកម្សាន្ដ​យូរ ​និង​ទាមទារ​ការគ្រប់គ្រង​ស្ថានការណ៍​ខ្ពស់​ ទំនងជា​ចំណែក​មួយ​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​មិនសូវ​ជា​ចាប់​អារម្មណ៍​លើ​ដំណើរ​កម្សាន្ដ​ប្រភេទ​នេះ​ទេ។​



បើ​តាម​អ្នកជំនាញ​ផ្នែក​មុជទឹក​ក្រោម​បាត​សមុទ្រ​ ១ ​រូប​ ការធ្វើដំណើរ​កម្សាន្ដ​ទៅតាម​កោះ​ ដើម្បី​មុជទឹក​មើល​ផ្កាថ្ម ​គឺ​ត្រូវ​ចំណាយ​ជា​មធ្យម ​៤០០​ ដុល្លារ​ក្នុង​ម្នាក់​។ តម្លៃ​ ៤០០​ ដុល្លារ​នេះ ​នឹង​រាប់បញ្ចូល​ទាំង​វគ្គ​បណ្ដុះបណ្ដាល​យក​សញ្ញា​បត្រ​មុជ​ទឹក​ផងដែរ ​ព្រោះ​បើសិនជា​ភ្ញៀវ​មិនមាន​សញ្ញាបត្រ​ទេ ​គេ​ក៏​មិន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ហែល​ចុះទៅ​បាត​សមុទ្រ​នោះ​ដែរ​។


រីឯ​រយៈពេល​វិញ ​ទាមទារ​ដល់​ទៅ ​៤​ ថ្ងៃ ​ដែល​ថ្ងៃទី​១ ​ជាការ​បង្រៀន​ទ្រឹស្ដី ​ថ្ងៃទី​២​ ជាការ​អនុវត្ត​ទឹក​រាក់ ​ថ្ងៃទី​៣ ​និង​ទី​៤​ ទើប​អាច​ទៅ​ដកស្រង់​បទពិសោធន៍​ជាក់ស្ដែង​បាន ​ដោយ​អាច​មុជ​បាន​ត្រឹម​ជម្រៅ ​ជ្រៅ​បំផុត ​១៨ ​ម៉ែត្រ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ ញ៉ែម ប៊ូថង ​អ្នកជំនាញ​មុជទឹក​របស់​ក្រុមហ៊ុន ​Khmer Dive Group​។​

លោក​ ញ៉ែម ប៊ូថង​ បានឱ្យដឹងថា ​ក្រៅតែ​ពី​កត្តា​រួម​ចំណែក​ទាំង​ ២ ​នេះ​ ​ការមុជទឹក ​ក៏​អាច​បង្ក​ជាការ​ព្រួយបារម្ភ​ផងដែរ​ ដោយសារ​ហានិភ័យ​អាច​កើតឡើង​បាន​គ្រប់ពេល ​ដូចជា​ឧបករណ៍​មុជទឹក​មិន​ដំណើរការ ​អស់ខ្យល់​អុកស៊ីហ្ស៊ែន​ ជួប​សត្វ​ក្នុង​ទឹក​ដែល​មាន​គ្រោះថ្នាក់​ជាដើម​។ ដូច្នេះ​ វា​ទាមទារ​ឱ្យ​អ្នកទេសចរ​មាន​ភាពបត់បែន​ក្នុង​ការដោះស្រាយ​បញ្ហា​។​

ប៉ុន្តែ ​ទស្សនីយភាព​ក្រោម​បាតសមុទ្រ​ដែល​កម្រ​នឹង​បានឃើញ ​ទឹកសមុទ្រ​ថ្លា​ដូច​កញ្ចក់ ​ដែល​អនុញ្ញាតឱ្យ​អ្នកទេសចរ​អាច​មើលឃើញ​ជីវចម្រុះ​គ្រប់​ប្រភេទ​ហែល​ខ្វែងខ្វាត់ ​ផ្កាថ្ម​ដ៏​សម្បូរបែប ​ដែល​នៅ​រាយប៉ាយ​ដុះ​ចេញ​ជា​រូបរាង​ខុសៗ​គ្នា​ នៅតែ​អាច​ទាក់ទាញ​ចិត្ត​អ្នកទេសចរ​ឱ្យ​ហ៊ាន​ចំណាយ​ប្រាក់ ​និង​ចំណាយ​ពេលវេលា​បាន។​

ក្រុមហ៊ុន​ Khmer Dive Group គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​បណ្ដុះបណ្ដាល​ជំនាញ​មុជទឹក ​ព្រមទាំង​មាន​សេវាកម្ម​រៀបចំ​ដំណើរ​កម្សាន្ដ​ទៅតាម​កោះ​នានា ​ដើម្បី​គយគន់​ផ្កាថ្ម​។ ក្រុមហ៊ុន​មួយ​នេះ ​ក៏​ធ្វើការ​គាំទ្រ​ការស្រាវជ្រាវ ​និង​អភិរក្ស​ជីវចម្រុះ ​ដែល​មិនទាន់​បានកំណត់​អត្តសញ្ញាណ​ផងដែរ​។​

លោក​ ញ៉ែម ប៊ូថង ​បញ្ជាក់​ដែរថា​៖«រាប់​ចាប់​តាំងពី​បើក​ប្រទេស​វិញ ​យើង​ក៏​ចាប់ផ្ដើម​ទទួលបាន​ភ្ញៀវ​ឡើង​វិញ ​គ្រាន់តែ​ថា ​មិនទាន់​បាន​ច្រើន ​ដូច​កាល​មុន​កូវីដ​នៅ​ឡើយ​។ បើ​សម្រាប់​ភ្ញៀវ​វិញ ​កន្លងមក​ យើង​ច្រើនតែ​ទទួលបាន​ភ្ញៀវ​បរទេស​ច្រើន​ជាង​ភ្ញៀវ​ជា​ជនជាតិ​ខ្មែរ»។​

អ្នកជំនាញ​រូបនេះ​បន្តទៀត​ថា ​សម្រាប់​បញ្ហា​សុវត្ថិភាព ​ខាង​ក្រុមហ៊ុន​មាន​ជាការ​រៀបចំ​ច្បាស់លាស់ ​ដើម្បី​ធានា​ជូន​ភ្ញៀវ​ ដោយ​នៅពេល​មុជទឹក ​គឺមាន​ការមុជ​ជា​ក្រុម ​ក្នុងនោះ​ក៏មាន​អ្នកជំនាញ ​ដើម្បី​ចាំ​ជួយ​ផងដែរ​។ ម្យ៉ាង​ទៀត ​តំបន់​ដែល​ក្រុមហ៊ុន​ជ្រើស​រើសយក​ភ្ញៀវទេសចរ​ទៅ ​សុទ្ធសឹងតែ​ជា​តំបន់​មាន​ការស្រាវជ្រាវ​ច្បាស់លាស់ ​និង​ជា​តំបន់​ល្បីល្បាញ​ថា​ មាន​ផ្កាថ្ម​ស្អាតៗ ​តួយ៉ាង​ដូចជា ​កោះរ៉ុង ​កោះ​ ២៣​ រ៉ុងសន្លឹម ​និង​បណ្ដា​កូន​កោះ​ផ្សេងទៀត​នៅ​ខេត្ត​ព្រះសីហនុ ​និង​កោះកុង​។​

បើទោះបីជា​បច្ចុប្បន្ន ​អាត្រា​នៃ​ភ្ញៀវទេសចរ​ជា​ជនជាតិខ្មែរ ​នៅមាន​កម្រិត ​ប៉ុន្តែ​ក្រុមហ៊ុន​បង្ហាញ​ក្ដីរំពឹង​ថា ​ទៅ​ថ្ងៃមុខ​ អាច​នឹងមាន​ការកើនឡើង​។ កើន​ឡើង ​គឺ​នៅពេល​ដែល​ពួកគេ​បាន​យល់ដឹង​ច្បាស់ ​អំពី​សេវាកម្ម ​ដែលមាន​ផ្ដល់ជូន​ ជាពិសេស​ទស្សនីយភាព​ដ៏​កម្រ ​និង​វិសេសវិសាល​អំពី​ជីវចម្រុះ​ក្រោម​បាតសមុទ្រ​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​ពី​លោក​ញ៉ែម ប៊ូថង​។​

លោក​ថា ​ម្យ៉ាងទៀត ​ទេសចរណ៍​ក្រោម​បាតសមុទ្រ ​ក៏​ជា​ចំណែក​មួយ​ក្នុងការ​អភិរក្ស​តំបន់​មាន​ផ្កាថ្ម​ស្រស់ស្អាត ​ឱ្យនៅ​ស្ថិតស្ថេរ​គង់វង្ស​ផងដែរ ​ចៀស​ផុតពី​ការបំផ្លិច​បំផ្លាញ ​និង​ការនេសាទ​លើស​កម្រិត​នានា​។ វា​ក៏បាន​ជួយ​បង្កើន​ចំណូល​ដល់​ប្រជាជន​ក្នុងស្រុក​ដែល​ប្រកប​របរ​បើកទូក​ជូន​ភ្ញៀវ​ ប្រជាជន​ដែល​លក់​ចំណី​ចំណុក​ជាដើម​៕