តំបន់ទេសចរណ៍សហគមន៍ជីផាត ទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្តរាប់ពាន់នាក់ក្នុង ១ ឆ្នាំៗ

កោះកុងៈ ជីផាត គឺជាឈ្មោះរបស់តំបន់ទេសចរណ៍លក្ខណៈសហគមន៍មួយនៅខេត្តកោះកុង ហើយបានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរទាំងអ្នកមកពីក្រៅស្រុក និងនៅក្នុងស្រុក តាំងពីឆ្នាំ ២០០៨។ មូលហេតុដែលនាំឱ្យជីផាតទាក់ចិត្តទេសចរបាន ក៏ដោយសារតែតំបន់នោះ មានសក្តានុពលទេសចរណ៍ច្រើនប្រភេទ។
ជិះកង់ឡើងភ្នំ ដើរថ្មើរជើង ចូលព្រៃបោះតង់ ជិះកាយ៉ាកកម្សាន្ដតាមមាត់ព្រែក ចូលល្អាងភ្នំ ងូតទឹកជ្រោះ សុទ្ធតែជាសកម្មភាពកម្សាន្ដដែលមានក្នុងតំបន់នេះ។ ហេតុដូច្នេះហើយ ទើបជីផាត បានក្លាយជាទីកម្សាន្តស័ក្តិសមមួយដែរ សម្រាប់ផ្តល់នូវការលម្ហែចិត្តរបស់អ្នកទេសចរ ជាពិសេសភ្ញៀវ ដែលជាជនបរទេស។
ក្នុង១ឆ្នាំៗ សហគមន៍អេកូទេសចរណ៍ជីផាត បានទាក់ទាញភ្ញៀវរាប់ពាន់នាក់ឱ្យចូលទៅលេងកម្សាន្ដ ហើយការកម្សាន្ដទាំងអស់ធ្វើឡើងជាលក្ខណៈស្ងប់ស្ងាត់ ជាការកម្សាន្ដជាមួយធម្មជាតិពិតៗ ដោយមិនមានការកែច្នៃ។ ជាងនេះទៅទៀត ភ្ញៀវទេសចរ ក៏អាចស្វែងយល់អំពីការរស់នៅរបស់បងប្អូនក្នុងសហគមន៍ផងដែរ។
លោក អ៊ន សុវណ្ណ ដែលជាប្រធានសហគមន៍អេកូទេសចរណ៍ជីផាតឱ្យដឹងថា៖«សហគមន៍យើងបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧មកម្ល៉េះ ប៉ុន្តែពេលនោះមិនសូវជាមានភ្ញៀវក្នុងស្រុកប៉ុន្មានទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវបរទេស ព្រោះជនជាតិបរទេស គេចូលចិត្តដើរបែបស្ងប់ស្ងាត់»។
លោកថា ១ ឆ្នាំ ទៅ ២ ឆ្នាំ បន្ទាប់ពីបង្កើតសហគមន៍នេះហើយ ទើបចាប់ផ្ដើមមានភ្ញៀវខ្មែរចូលទៅលេងកម្សាន្ដជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្ដី រាល់ចំណូលដែលបានមកពីការចូលទៅកម្សាន្ដរបស់ភ្ញៀវ មិនថា ក្នុងស្រុក ឬក្រៅស្រុក សុទ្ធតែបានរួមចំណែកដ៏ធំក្នុងការកសាងជីវភាពមូលដ្ឋានរបស់ប្រជាជនក្នុងសហគមន៍។
ប្រធានសហគមន៍រូបនេះបញ្ជាក់ថា៖ «ក្នុង ១ ឆ្នាំ យើងទទួលបានភ្ញៀវ ចន្លោះពី ៣ ២០០នាក់ ទៅ ៣ ៥០០នាក់ ហើយភ្ញៀវស្ទើរតែទាំងអស់បានទទួលនូវសេវាកម្មរបស់យើង ដូចជា សេវាកម្មមគ្គុទ្ទេសក៍ សេវាកម្មចុងភៅព្រៃ ចុងភៅភូមិ សេវាកម្មបង្រៀនធ្វើម្ហូបអាហារ សេវាកម្មជួលកង់ម៉ូតូ ទូក កាយ៉ាក ឡាន ជាពិសេស យើងមានសេវាកម្មស្នាក់នៅ ដោយយើងមានជម្រើសឱ្យគាត់ច្រើនទៀត»។
បើតាមលោក អ៊ន សុវណ្ណ ប្រជាជនជាង៦០០គ្រួសារ កំពុងរស់នៅក្នុងសហគមន៍ ហើយក៏កំពុងទទួលផលពីវិស័យទេសចរណ៍ ដែលសហគមន៍មួយនេះបានផ្ដល់ឱ្យពួកគេ។
លោកបញ្ជាក់ថា នៅតំបន់របស់លោក មានលក្ខណពិសេសជាច្រើន ដូចជា ជាបណ្ដុំនៃធនធានធម្មជាតិ និងជីវចម្រុះ មានតំបន់សក្តានុពលទេសចរណ៍ ជិត២០កន្លែងខុសៗគ្នា និងមានការរៀបចំកញ្ចប់ទេសចរណ៍ជាមួយនឹងតម្លៃសមរម្យផងដែរ។ អ្វីដែលកាន់តែធ្វើឱ្យភ្ញៀវចូលចិត្តទៀតនោះ គឺការរៀបចំឱ្យមានជាដំណើរកម្សាន្ដ ជិះកង់ចូលក្នុងសហគមន៍ ទស្សនាពីការរស់នៅរបស់ប្រជាជន ព្រមទាំងការប្រកបរបរកសិកម្មជាដើម។
ក្នុងចំនួនប្រជាជនទាំងជាង៦០០គ្រួសារ គឺមានជាងពាក់កណ្ដាលទៅហើយ ដែលបានទទួលផលពីវិស័យទេសចរណ៍ដោយផ្ទាល់ ខណៈពាក់កណ្ដាលទៀតជាអ្នកទទួលផលដោយប្រយោល។
បើទោះជាភ្ញៀវបានថយចុះកាលពីឆ្នាំ២០២០ ដោយសារតែជំងឺកូវីដ ១៩ ក្ដី ក៏បច្ចុប្បន្ន លោកបានកត់សម្គាល់ឃើញភ្ញៀវចាស់ៗ ក៏បានវិលត្រឡប់ទៅលេងកម្សាន្ដជាថ្មីផងដែរ។ ម្យ៉ាងទៀត បន្ទាប់ពីផ្ទុះជំងឺកូវីដមក ប្រជាជនក្នុងស្រុកក៏ហាក់បង្វែរគោលដៅទេសចរណ៍មកតាមតំបន់សហគមន៍ វិញ។
ប្រធានសហគមន៍រូបនេះ បន្តលើកទឹកចិត្តឱ្យភ្ញៀវក្នុងស្រុក ចូលទៅកម្សាន្ដ តាមតំបន់សហគមន៍ ឱ្យបានកាន់តែច្រើន ព្រោះវាបានជួយបង្កើតការងារដល់ប្រជាជនមូលដ្ឋាន កែប្រែជីវភាពពួកគេឱ្យរីកចម្រើនដូចតំបន់លោក និងថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។
ជាចុងក្រោយ លោក អ៊ន សុវណ្ណ បានលើកជាសំណូមពរទៅដល់ភ្ញៀវទេសចរ សូមឱ្យចូលមក ដោយទទួលយកសេវាកម្មដែលសហគមន៍មានផ្ដល់ជូន ដើម្បីជាការបន្តជួយទ្រទ្រង់ជីវភាពបងប្អូនប្រជាជន ជាង៦០០គ្រួសារបន្តទៀត៕