ភ្នំពេញ: អំឡុងពេល​បិទ​ខ្ទប់​នៃ​វិបត្ដិ​រោគរាតត្បាត​សកល មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក មិន​ខុសពី​ទី​ស្មសាន​ដ៏​ស្ងាត់ជ្រងំ ដោយ​របង​ខ្លោងទ្វារ​ធ្លាប់តែ​ចំហ​រង់ចាំ​ភ្ញៀវ​ចេញចូល​រាប់រយ​នាក់​ក្នុង​ ១ ​ថ្ងៃៗ ប្រែជា​បិទ​ជិតឈឹង លែងមាន​វត្ដ​មាន​ភ្ញៀវ​ប្រែ​ទៅជា​ទីឋាន​គួរឱ្យ​ព្រឺ​ឆ្អឹងខ្នង​។


​នៅពេល​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ទទួលភ្ញៀវ​ទេសចរ និង​ដំណើរការ​អាជីវកម្ម​សេវា​ទេសចរណ៍​ឡើងវិញ​កាលពី​ចុងឆ្នាំ​ ២០២១ មជ្ឈមណ្ឌល​ជាទី​កន្លែង​ដែល​បន​ខ្មែរក្រហម​យក​ប្រជាពលរដ្ឋ​មក​វាយ​សម្លាប់ បាន​បើកទ្វារ​ទទួលភ្ញៀវ​ឡើងវិញ​ជាមួយ​វត្ដ​មាន​ភ្ញៀវ​ត្រឹម ​១២​ នាក់ ឬ​ ៣​ នាក់​ក្នុង​ ១​ ថ្ងៃ​។


​លោកស្រី រស់ សុភា​រ៉ាវី ប្រធាន​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯកបានឱ្យដឹងថា​៖ «​ពេល​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស មជ្ឈមណ្ឌល​យើង​បើកទ្វារ​ទទួលភ្ញៀវ​ឡើងវិញ ប៉ុន្មាន​នាក់​ក៏​យើង​ទទួល​ដែរ ហើយ​ខ្ញុំ​គិតថា ភ្ញៀវ​ដែល​មកនេះ​មិនមែនជា​ភ្ញៀវ​មកពី​ក្រៅប្រទេស​ទេ ជា​ភ្ញៀវ​បរទេស​ក្នុងស្រុក​»​។


លោកស្រី សុភា​រ៉ាវី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ខណៈ​កំពុង​អង្គុយ​នៅក្បែរ​បញ្ជរ​លក់​សំបុត្រ​ថា​៖ «​យើង​ខ្វាយខ្វល់​ណាស់ តែ​យើង​មើលឃើញ​ចំនួន​ភ្ញៀវ​កើនឡើង​រហូត​បន្ដិច​ម្ដងៗ​។ នៅ​ឆ្នាំ​ ២០២២ យើង​ចាប់ផ្ដើម​ទទួលភ្ញៀវ​រហូតដល់ ១០០ ​នាក់​។ ពេលនោះ យើង​រំភើប​ខ្លាំង​មែនទែន ពីព្រោះ​បើ​យើង​ប្រៀបធៀប​មុន​កូ​វីដ យើង​មាន​ភ្ញៀវ​ច្រើន​ពី ៣០០ ទៅ ៦០០​ នាក់​ក្នុង ១ ​ថ្ងៃ​»​។


​ជាមួយ​ការវិលត្រឡប់​រប​ស់បុ​គ្គ​លិ​ក​ផ្នែក​លក់​សំបុត្រ អ្នក​បញ្ចាំង​វីដេអូ អ្នក​អនាម័យ និង​សន្ដិសុខ​បន្ថែម​មកជា​បន្ដបន្ទាប់ លោកស្រី បាន​និយាយ​ដោយ​សង្ឃឹមថា ឆ្នាំ​ ២០២៣ នេះ មជ្ឈមណ្ឌល​នឹង​ទទួលភ្ញៀវ​ប្រហាក់ប្រហែល​មុន​កូ​វីដ​ ១៩ ដោយសារ​អំឡុង​ដើមឆ្នាំ ២០២៣ នេះ ខណៈ​ថ្ងៃ​ខ្លះ មជ្ឈមណ្ឌល​អាច​ទទួល​ភ្ញៀវ ២០០ ដល់ ៣០០ នាក់​ក្នុង ១​ថ្ងៃ​។


​បើទោះបីជា​មិនទាន់​អាច​ប្រៀប​ជាមួយ​វេលា​មុន​កូ​វីដ ឆ្នាំ​ ២០២២ កន្លងទៅនេះ មជ្ឈមណ្ឌល ដែលមាន​ជនរងគ្រោះ​ត្រូវបាន​សម្លាប់​ប្រមាណ ២ ​ម៉ឺន​នាក់ ទទួលភ្ញៀវ​បរទេស ៤៥ ៥៤៧​ នាក់ ភ្ញៀវ​ជាតិ ២១ ២៩៤​ នាក់ ខណៈ​ឆ្នាំ ២០១៩ មុន​កូ​វីដ មជ្ឈមណ្ឌល​ទទួលភ្ញៀវ​បរទេស​ជាង ២០ ​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​ជាង ៥ ​ម៉ឺន​នាក់​។

​លោកស្រី​ប្រធាន​មជ្ឈមណ្ឌល ឱ្យដឹងថា អំឡុង​ឆ្នាំ​ ២០២០​ ជាពិសេស​ប៉ុន្មាន​ខែ​មុន​ពិភពលោក​បាន​បិទ​ជើងហោះហើរ មជ្ឈមណ្ឌល​ទទួលភ្ញៀវ​បរទេស​ជិត ៥ ​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​ជាង ១​ម៉ឺន​នាក់ ខណៈ​ឆ្នាំ​ ២០២១ ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្ដរជាតិ​ធ្លា​ក់មក​ត្រឹម​ជាង ១ ​ពាន់​នាក់ និង ៥៤១​ នាក់​ប៉ុណ្ណោះ​។ លោកស្រី សុភា​រ៉ាវី ឱ្យដឹងថា​៖ «​លុយ​សល់​ពី​ឆ្នាំមុនៗ យើង​មក​ចំណាយ​ទប់​អំឡុងពេល​កូ​វីដ​ ១៩ ដែល​គ្មាន​ភ្ញៀវ​សោះ​សូម្បីតែ​ម្នាក់ រយៈពេល​ប្រមាណ ២ ​ឆ្នាំ​»​។​

យ៉ាងណាមិញ​លោកស្រី បាន​រក្សាទុក​បុគ្គលិក​ចាំបាច់​ប្រមាណ ៥ ​នាក់​សម្រាប់​ប្រចាំការ ដូចជា ការថែទាំ​បរិវេណ​មជ្ឈមណ្ឌល និង​សន្ដិសុខ​។

​គួរ​បញ្ជាក់ថា មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក គឺជា​ការវិនិយោគ​សម្បទា​ន​ពី​សាលា​រាជធានី​ភ្នំពេញ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សាលា​រាជធានី​ភ្នំពេញ​។ លោកស្រី សុភា​រ៉ាវី​និយាយថា​៖ «​អំឡុងពេល​ដ៏​លំបាក​នេះ យើង​មិនបាន​សុំ​ជំនួយ​ពី​រដ្ឋ​ទេ ដោយសារ​យើង​គិតថា ពេលនោះ រាជរដ្ឋាភិបាល​ក៏ត្រូវ​ការ​ថវិកា​ច្រើន​សម្រាប់ធ្វើ​ការងារ​ផ្សេងៗ ដូចជា ការទិញ​វ៉ាក់សាំង សម្ភារ​ពេទ្យ និង​យុទ្ធនាការ​សព្វបែបយ៉ាង​»​។

​ខណៈពេល​គ្មាន​ភ្ញៀវទេសចរ មជ្ឈមណ្ឌល​មិនមាន​កិច្ចការ​ធំៗ​ត្រូវបំពេញ​ទេ ដូចជា ការអភិរក្ស​ធាតុ ក៏ត្រូវ​បានធ្វើ​រួចរាល់​តាំងពី​ឆ្នាំ​ ២០១៦ រួមទាំង​ការកសាង​បន្ទប់ទឹក​ថ្មី និង​រូបសំណាក ​«​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន​» នេះ​គឺ​ដើម្បី​រំឭក​ឡើងវិញ​នូវ​សច្ចធម៌​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះ​ឆ្នាំ ១៩៧៥-១៩៧៩ ដែល​ត្រូវបាន​ព្រាត់ប្រាស់​ក្រុមគ្រួសារ​។ អ្វីដែល​មជ្ឈមណ្ឌល​ត្រូវធ្វើ​នោះ គឺ​ការថែទាំ​សម្អាត​ស្មៅ​តាម​រណ្ដៅ បោសសម្អាត​ស្លឹកឈើ​។

​យ៉ាងណាមិញ មជ្ឈមណ្ឌល​បន្ដ​ចំណាយ​ប្រាក់​បង់ថ្លៃ ប​.​ស​.​ស ដល់​បុគ្គលិក​ទាំង​កំពុង​បំពេញការងារ និង​បុគ្គលិក​ត្រូវបាន​ព្យួរការងារ​ដើម្បីឱ្យ​ពួកគេ​បានទទួល​អត្ថប្រយោជន៍​សេវា​សុខភាព​។

ភ្ញៀវទេសចរ​នៅ​ជើងឯក​កាលពី​ថ្ងៃទី ៣០ មករា ឆ្នាំ ២០២៣​​។ហេង ជីវ័ន

​កញ្ញា Chalotte និង​កញ្ញា Julia ដែល​មកកាន់​កម្ពុជា​ជា​លើកដំបូង បាន​សរសេរ​នៅលើ​សៀវភៅ​បញ្ចេញមតិ​ក្រោយ​បញ្ចប់​ដំណើរ​ទស្សនា​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ជាមួយ​ការ​ស្ដាប់​រឿងរ៉ាវ​ពី​ប្រព័ន្ធ​សោតទស្សន៍​រួច ដោយ​បង្ហាញ​ការ​ហួស​ចិ​ត្ដ​នឹង​របប​ប្រល័យពូជសាសន៍​នេះ​។

​ដោយ​មិនបាន​និយាយ​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដោយផ្ទាល់ កញ្ញា Chalotte ដែល​មកពី​ប្រទេស​បារាំង បាន​សរសេរ​មតិ​រប​ស់​ខ្លួន ​កាលពី​ថ្ងៃទី ​៣០ ​មករា ឆ្នាំ ​២០២៣ ថា​៖ «​តើ​រឿងរ៉ាវ​បែបនេះ​អាច​កើតឡើង​ដោយ​ស្នាដៃ​មនុស្ស​តែ​ម្នា​ក់បាន​យ៉ាងដូចម្ដេច​? សូមឱ្យ​ប្រជាជន​កម្ពុជា ដែល​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​មាន​សន្ដិភាព​។ យើង​សង្ឃឹមថា រឿង​ដ៏​សែន​ជូរចត់​នឹងមិន​កើតឡើង​ជាថ្មី​ឡើយ​»​។

​ជាមួយ​ការបង្ហាញ​ឈ្មោះ​ផ្ទាល់ខ្លួន Lilian មកពី​អាល្លឺម៉ង់ បានសរសេរថា​៖ «​សោកនាដកម្ម​ដ៏​គួរឱ្យ​រន្ធត់ ដែល​មនុស្ស​គ្រប់រូប​មិន​ចង់ឱ្យ​ជួបប្រទះ​។ សូមឱ្យ​ព្រលឹង​ជនរងគ្រោះ​ទាំងអស់​ទៅកាន់​សុគតិភព ហើយ​អ្នក​រស់រានមានជីវិត​ដែល​ចងចាំ​នូវ​រឿងរ៉ាវ​ដ៏​ជូរចត់​នេះ សូមឱ្យ​ជាសះស្បើយ​។ គ្មាន​នរណា​ទទួលយក​ភាព​សោកសៅ​នេះ​បានឡើយ​»​។

​ពេលធ្វើ​ដំណើរ​មកដល់​មុខ​ខ្លោងទ្វារ ភ្ញៀវទេសចរ​បរទេស​ម្នាក់ ត្រូវ​ទិញ​សំបុត្រ​តម្លៃ ៣ ដុល្លារ ហើយ​អាច​ប្រើប្រាស់​សោតទស្សន៍​ស្ដាប់​ការរៀបរាប់​រឿងរ៉ាវ​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក រហូតដល់ ១៥​ ភាសា រួមទាំង​ខ្មែរ ក្នុងតម្លៃ​បន្ថែម ៣​ ដុល្លារ​ទៀត​។

​លោកស្រី សុភា​រ៉ាវី បានឱ្យដឹងថា​៖ «​ភ្ញៀវ​អាចមាន​ជម្រើស ដោយ​យក​សេវាកម្ម​សោតទស្សន៍​ស្ដាប់​ដំណើររឿង​ក៏បាន មិន​យក​ក៏បាន​។ អូ​ឌី​យ៉ូ​នេះ​មាន​រហូតដល់ ១៥ ភាសា​។ អ៊ីចឹង ភ្ញៀវ​មកដល់​មជ្ឈមណ្ឌល​មិន​បារម្ភ​រឿង​អត់​មគ្គុទេសក៍​ណែនាំ​ទេ ហើយ​ចេះ ឬ​មិនចេះ​អង់គ្លេស​ក៏​មិន​បារម្ភ​ដែរ​។ ការ​ស្ដាប់​ដំណើរ​រៀបរាប់​នៅទីនេះ មាន​រយៈ​ប្រមាណ​ជាង ១ ​ម៉ោង​អាស្រ័យ​ទៅតាម​ភាសា​»​។ ភាសា​ទាំង​ ១៥ រួមមាន ខ្មែរ អង់គ្លេស អាល្លឺម៉ង់ ហូ​ឡង់ អេ​ស្ប៉ា​ញ អ៊ី​តា​លី ស៊ុយអែត រុស្ស៊ី បារាំង ជប៉ុន កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី និង​ចិន​។

​លោក អ៊ុំ ចាន់​ដា​រ៉ូ ជា​មគ្គុទេសក៍​ទេសចរណ៍ ដែល​កំពុង​នាំ​ភ្ញៀវ​ជាច្រើន​នាក់​ទស្សនា​មជ្ឈមណ្ឌល និង​និយាយ​ដំណើររឿង​ទៅតាម​ទីកន្លែង​នីមួយៗ បាន​និយាយថា បច្ចុប្បន្ននេះ មិនទាន់មាន​ចំនួន​ភ្ញៀវ​ច្រើន​ដូច​មុន​កូ​វីដ តែ​ចំនួន​ភ្ញៀវ​ក៏បាន​បន្ដ​កើនឡើង​ដែរ​។​

​មគ្គុទេសក៍​និយាយ​ភាសា​អង់គ្លេស​រូបនេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​ទទួលភ្ញៀវ​នៅ​ក្រុមហ៊ុន​វិញ ពី​ខែមិថុនា ឆ្នាំ​ ២០២២​។ តាំងពី​បើកទ្វារ​ក្រុមហ៊ុន​វិញ ខ្ញុំ​បានទទួល​ភ្ញៀវ​ជាប់​រហូត​ដែរ ដោយ ១ ​ខែ​បាន ​១ ឬ​ពីរ​ក្រុម​ចន្លោះ​ពី​ ៨ ទៅ​ ១០ ​នាក់ ដែល​មក​កម្សាន្ដ​ប្រហែល ១ ​សប្ដាហ៍​នៅ​ស្រុក​ខ្មែរ​»​។

លោក​បន្ដថា​៖ «​ខ្ញុំ​បាន​ទៅ​ទទួលភ្ញៀវ​រហូតដល់​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម មក​ភ្នំពេញ​រយៈពេល ២​ ថ្ងៃ រួច​បន្ដទៅ​បាត់ដំបង ១​ ថ្ងៃ សៀមរាប ​៣ ​ថ្ងៃ និង​បញ្ចប់​នៅ​ប៉ោយប៉ែត មុនពេល​បន្ដដំណើរ​ចេញទៅ​ថៃ​»​។

​កត្ដា​មួយ​ដែលនាំឱ្យ​ភ្ញៀវ​ឆាប់​មកលេង​កម្ពុជា លោកស្រី សុភា​រ៉ាវី​ និយាយថា វា​ដោយសារតែ​កម្ពុជា​បានធ្វើ​បុណ្យ ដែល​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ WESTER DAM បាន​នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ៣ ០០០​ នាក់​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក អាយុ​ជាង ៦០​ ឆ្នាំ​រូបនេះ អះអាងថា​៖ «​ខ្ញុំ​មាន​មិ​ត្ដ​ភក្ដិ​ម្នា​ក់នៅ​អាមេរិក ដែល​គាត់​និយាយថា មាន​បរទេស​ខ្លះ​និយាយថា ពួកគេ​នឹង​មកលេង​កម្ពុជា​ដោយមាន​ការបើក​ជើងហោះហើ​រ​ឡើងវិញ ដោយសារ​ពួកគេ​បានឃើញ​កម្ពុជា​យើង​ចេះ​ជួយ​ប្រជាជន​គេ​អំឡុងពេល​គ្មាន​ប្រទេស​ណា​ហ៊ាន​ទទួល​»​។

​ប្រធាន​មជ្ឈមណ្ឌល​ដដែល​ឱ្យដឹងថា បច្ចុប្បន្ន​មជ្ឈមណ្ឌល មាន​បុគ្គល​ចូល​បម្រើ​ការងារ​ប្រហាក់ប្រហែល​មុន​កូ​វីដ​ចំនួន ២៥​ នាក់ បាន​បន្ដថា​៖ «​ខ្ញុំ​ក៏​ចាប់អារម្មណ៍​ឃើញថា ពេល​បើក​ប្រទេស​ដំណើរការ​ភ្លាមៗ ខ្ញុំ​សង្កេតឃើញ​ភ្ញៀវ​បរទេស​វ័យ​ចំណាស់​មកជា​គូៗ​ច្រើនជាង​រាល់ៗ​ឆ្នាំ​»​។

​ក្រៅពី​ភ្ញៀវ​បរទេស មជ្ឈមណ្ឌល​ក៏​ទទួលភ្ញៀវ​ជាតិ ជាពិសេស យុវវ័យ ដែល​ត្រូវបាន​លើក​ទឹក​ចិ​ត្ដ​ឱ្យមក​ទស្សនា និង​ស្វែងយល់​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ប្រទេស​របស់ខ្លួន ដោយ​មិនត្រូវ​បានគិត​ប្រាក់​ឡើយ​។

​លោកស្រី សុភា​រ៉ាវី​ បាន​បន្ដថា​៖ «​ខ្ញុំ​ស្វាគមន៍​ជានិច្ច​ចំពោះ​ភ្ញៀវ​ដើម្បី​បង្ហាញ​ពួកគេ​ឱ្យដឹង​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ជូរចត់​របស់​ពលរដ្ឋ​អាយុ​ស្របាល ៥០ និង ៦០ ​ឆ្នាំ​។ កន្លងមក យើង​ទទួលភ្ញៀវ​ដែល​ដឹកនាំ​ដោយ​សាលាក្ដី​ខ្មែរក្រហម សិស្សានុសិស្ស​តាម​សាលា​រដ្ឋ និង​ឯកជន​។ ខ្ញុំ​ចង់ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង​ការពិត​អំពី​ខ្មែរក្រហម និង​បញ្ចៀស​កុំឱ្យ​សោកនាដកម្ម​នេះ​កើតឡើង​ជាថ្មីទៀត​»​។

​ដោយ​រស់រានមានជីវិត​ពី​របប​វាលពិឃាត និង​ឆ្លងកាត់​សម័យកាល​ដ៏​លំបាក​នៃ​ជំងឺ​កូ​វីដ​ ១៩ ដើមបណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​ក្នុង​តុលាការ​ខ្មែរ លោក ស៊ុំ រិទ្ធី បាន​ចាប់​របរ​លក់​សៀវភៅ​ជីវ​ប្រ​វ​ត្ដិ​ខ្លួនឯង ដែល​ឆ្លងកាត់​បទពិសោធន៍​ជាប់ឃុំ​ឃាំង និង​រង​ទុក្ខ​ទារុណ​រយៈពេល ២ ​ឆ្នាំ​នៅក្នុង​គុក​នៃ​ខេត្ដ​សៀមរាប​ពី​ឆ្នាំ ​១៩៧៧ រហូតដល់​ថ្ងៃ​រំដោះ ៧​ មករា ឆ្នាំ ​១៩៧៩​។

​បុរស​សក់​សម្បុរ​ស អាយុ ៦៩ ឆ្នាំ អង្គុយ​លើ​តុ​ដែល​រំលេច​ពី​គំនូរ​យុវជន​ម្នាក់​ស្ថិតក្នុង​សភាព​ស្គមស្គាំង បាន​អះអាងថា រូបភាព​ដ៏​សែន​វេទនា​របស់​យុវជន​ក្នុង​គំនូរ​នេះ គឺជា​រូបលោក​។

​លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​មុន​កូ​វីដ ខ្ញុំ​លក់​សៀវភៅ​ដែល​ខ្ញុំ​សរសេរ​ខ្លួនឯង​ជា​ភាសា​ខ្មែរ និង​ជួល​គេ​បក​ប្រែជា​ភាសា​អង់គ្លេស នៅ​សៀមរាប ដោយ​ជួល​ផ្ទះ​គេ​នៅ​។ ប៉ុន្ដែ​អំឡុងពេល​កូ​វីដ​ ១៩​ រាតត្បាត ខ្ញុំ​បាន​ត្រឡប់មកផ្ទះ​នៅ​ភ្នំពេញ​វិញ​។ ក្រោយពេល​មាន​ភ្ញៀវ​មកលេង​ជើងឯក​នេះ ខ្ញុំ​ក៏​មក​លក់​សៀវភៅ​នៅទីនេះ​។ ប៉ុន្ដែ​ទោះបី​ជាមាន​ភ្ញៀវ​ច្រើនយ៉ាង​ណាក៏ដោយ ក៏​ការលក់​សៀវភៅ​នេះ មិនសូវ​ដាច់​ទេ ដោយសារ​ភ្ញៀវ​ភាគច្រើន​ទៅ​ហួស​មក​ហួស​»៕