សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ គឺជា ឈ្មោះគោលដៅទេសចរណ៍មួយកន្លែងដែលស្ថិតនៅក្នុងស្រុកជុំគិរី ខេត្តកំពត។ សហគមន៍នេះបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ដែលមកទល់ពេលនេះ គឺមានអាយុកាលជាង ២ឆ្នាំហើយ។
ក្នុងការបង្កើតឡើងដំបូង សហគមន៍មួយនេះទទួលបានការចូលរួមពីសមាជិកដែលជាប្រជាជនក្នុងតំបន់ចំនួន ១៥ គ្រួសារ ហើយដែលប្រជាជនទាំង ១៥ គ្រួសារនេះ គឺជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោល។
លោក ជឿន ប៊ុនឡាយ ដែលជាអ្នកតំណាងសហគមន៍បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិ ស្ទឹងភេ ផ្ដោតលើការផ្ដល់សេវាកម្មម្ហូបអាហារ និងផ្ដល់ទស្សនីយភាពបែបធម្មជាតិជូនភ្ញៀវទេសចរ។
យ៉ាងណាមិញ រាប់ចាប់តាំងពីបង្កើតនូវគោលដៅទេសចរណ៍បែបសហគមន៍នេះមក លោក ជឿន ប៊ុនឡាយ បានសង្កេតឃើញពីការប្រែប្រួលជាលំដាប់នៃជីវភាពរបស់ប្រជាជនក្នុងសហគមន៍។ ការប្រែប្រួលដែលអ្នកតំណាងសហគមន៍បានលើកឡើងនេះ គឺសំដៅលើការប្រែប្រួលទៅរកភាពល្អប្រសើរជាងមុន តាមរយៈការទទួលផលប្រយោជន៍ពីសហគមន៍ទេសចរណ៍។
លោក ជឿន ប៊ុនឡាយ ថ្លែងថា៖ «បន្ទាប់ពីបង្កើតឡើងនូវសហគមន៍ទេសចរណ៍នេះហើយ ខ្ញុំសង្កេតឃើញថា តាំងពីចុងឆ្នាំ ២០២០មក ប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងភូមិដែលមានការលក់ដូរតាមដងផ្លូវ ចុះពីផ្លូវជាតិលេខ ៤១ រហូតមកដល់ស្ទឹងភេ គឺពួកគាត់អាចរកចំណូលបានច្រើនជាងមុនមួយកម្រិតទៀត ដោយសារភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ផ្លូវនេះច្រើនមកកាន់សហគមន៍ស្ទឹងភេ ក្នុងមួយថ្ងៃៗ ជាពិសេស គឺថ្ងៃឈប់សម្រាកពីការងារ និងថ្ងៃបុណ្យជាតិតែម្ដង»។
លោក ជឿន ប៊ុនឡាយ បន្តថា៖ «បើគិតជាចំនួនភ្ញៀវជាមធ្យម ក្នុងមួយថ្ងៃមានភ្ញៀវ ២៥នាក់ ដែលបានចូលមកលេងកម្សាន្ដតំបន់យើង ហើយភាគច្រើនជាអ្នកនៅក្នុងតំបន់ជិតៗនេះ»។
បើតាមការបញ្ជាក់របស់លោក ជឿន ប៊ុនឡាយ ចំនួនភ្ញៀវជាមធ្យមនេះល្មមអាចទ្រទ្រង់សហគមន៍បាន ជាពិសេស អាចធ្វើឱ្យចរន្ដសេដ្ឋកិច្ចប្រជាសហគមន៍ដើរបាន។
ចំណែកឯចំណូលជាប្រចាំវិញ លោកបានឱ្យដឹងថា៖ «សហគមន៍យើងអាចរកចំណូលបានចន្លោះពី ១លាន២សែនរៀល ទៅ ២លានរៀនក្នុងមួយខែ បន្ទាប់ពីធ្វើការចាត់ចែងទូទាត់ថ្លៃចំណាយលើឈ្នួលបុគ្គលិក អីវ៉ាន់ និងសម្ភារប្រើប្រាស់គ្រឿងទេសផ្សេងៗហើយ»។
បច្ចុប្បន្ននេះប្រជាជនប្រមាណ ១០នាក់នៅក្នុងភូមិនេះដែលគាត់មកប្រចាំការនៅក្នុងសហគមន៍ ក្រៅពីនោះ ប្រជាជនច្រើនតែប្រកបមុខរបរ កសិកម្ម និងធ្វើការជាកម្មករឧស្សាហកម្មរោងចក្រជាដើម។
ចំណែកឯប្រជាជនផ្សេងទៀត គឺជាអ្នកដែលទទួលផលដោយប្រយោលតាមរយៈ ការដាំដុះ ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ចូលទៅក្នុងសហគមន៍ទេសចរណ៍ស្ទឹងភេ ដែលប្រភពខាងលើបានអះអាងថា ខ្លួនទិញក្នុងតម្លៃសមរម្យមួយ។
សម្រាប់គម្រោងបន្តទៅមុខទៀត លោកបានបញ្ជាក់ឱ្យដឹងដែរថា លោកគ្រោងធ្វើផ្ទះលម្ហែនៅតាមមាត់ទឹកសម្រាប់ទទួលភ្ញៀវដែលមានបំណងចង់មកសម្រាកលម្ហែកាយ ជាពិសេស បំផុតនោះ គឺសហគមន៍យើងខ្ញុំផ្តោតទៅលើសេវាកម្មម្ហូបអារហារអំពីតម្លៃសមរម្យ គុណភាព អនាម័យ និង រសជាតិឈ្ងុយឆ្ងាញ់មិនប៉ះពាល់សុខភាព។
ជាចុងក្រោយ អ្នកតំណាងសហគមន៍រូបនេះបានប្ដេជ្ញាថា៖ «សហគមន៍យើងខ្ញុំ នឹងស្វែងរកការច្នៃប្រឌិតថ្មីៗតាមបែបធម្មជាតិនិងធ្វើតាមផែនការជាបន្តបន្ទាប់រហូត ដើម្បីធ្វើឱ្យសហគមន៍ទេសចរណ៍មួយនេះកាន់តែមានភាពរីកចម្រើន... កាលណាស្ទឹងភេ មានភាពរីកចម្រើន ប្រជាជននៅក្នុងតំបន់នេះ ក៏ពួកគាត់មានភាពរីកចម្រើន ដោយងាយស្រួលរកស៊ីលក់ដូរប្រចាំថ្ងៃដែរ»៕