កំពង់ឆ្នាំងៈ ប្រជា​សហគមន៍​ដែល​អាស្រ័យ​ផល​ពី​ទេសចរណ៍ធម្មជាតិ អំពាវនាវ​ឱ្យ​អ្នកទេសចរ​ក្នុងស្រុក ទៅ​កម្សាន្ដ​នៅ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​អន្លង់​ស្វាយ​។​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​អន្លង់​ស្វាយ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ផងដែរ​។ សហគមន៍​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា ៦០​ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​។


​សហគមន៍​ទេសចរណ៍ធម្មជាតិ​អន្លង់​ស្វាយ​ឱ្យដឹងថា សព្វថ្ងៃនេះ​ចំណូល​ដែល​បានមកពី​ទេសចរ​គឺជា​ចំណូល​មួយផ្នែក​តូច​របស់​ប្រជា​សហគមន៍​ប៉ុណ្ណោះ ដោយសារតែ​តំបន់​នេះ​មិនទាន់មាន​ភ្ញៀវ​ច្រើន​ទៅ​កម្សាន្ត​នៅឡើយ​។



លោក នុត ហេង អ្នកតំណាង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​អន្លង់​ស្វាយ​បានឱ្យដឹងថា ក្នុង​១ខែ សហគមន៍​ទទួលបាន​ភ្ញៀវ​ចូល​ទស្សនា​ជា​មធ្យម ២០០​នាក់ រីឯ​ក្នុងឱកាស​បុណ្យទាន សហគមន៍​អាច​ទទួលភ្ញៀវ​បាន ៣០០​នាក់​ក្នុង​១ថ្ងៃ​។​


​លោក នុត ហេង បាន​បន្តថា​៖ « យើង​ក៏​មិនសូវ​រកបាន​ច្រើន​ដែរ ដោយសារតែ​ភ្ញៀវ​គាត់​មក​មិន​ទៀងទាត់​...​ពេលខ្លះ​អត់​ភ្ញៀវ​ទៅ​ប្រជាជន​យើង​ក៏​គាត់ អត់​បាន​ទៅ​លក់​ម្ហូបអាហារ តែ​ដល់ពេល​ភ្ញៀវ​សម្រុក​មក ទៅជា​មិនមាន​ម្ហូបអាហារ​បរិភោគ​វិញ អ៊ីចឹង​ទៅ​យើង​នៅ​ខ្វះចន្លោះ​ត្រង់នេះ​»​។​


​ដោយសារតែ​ភាពមិន​ទៀងទាត់​នៃ​ចំណូល​នេះ សហគមន៍​អា​ចរក​បានជា​មធ្យម​ក្នុង​១ខែ ៧០​ម៉ឺន ទៅ​៨០​ម៉ឺន​រៀល ដែល​ចំណូល​នេះ​នឹង​កាត់​ចូល​ទៅជា​ប្រាក់​សន្សំ​សម្រាប់​ជួសជុល​ផ្លូវ​ចូលទៅ​កាន់ សហគមន៍​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​អាច​ទទួលបាន​ភ្ញៀវ​បន្ថែម​។​

​លោក នុត ហេង បាន​សំណូមពរ​ឱ្យ​ប្រជាជន​ក្នុងស្រុក​ជួយ​គាំទ្រ​រាល់​ផលិតផល​ដែល ចេញពី​សហគមន៍ ដើម្បី​ជួយ​បង្កើន​ជីវភាព​ពលរដ្ឋ​និង​សំខាន់បំផុត​គឺ​ធ្វើឱ្យ​ពួកគេ​មាន​ជម្រើស​ការងារ ច្រើន ដែល​មិន​ពឹងផ្អែក​ខ្លាំងពេក​លើ​ធនធានធម្មជាតិ​។​

​លោក នុត ហេង ថ្លែងថា ប្រជាជន​នៅក្នុង​សហគមន៍​សរុប​មាន​ប្រមាណ​ជា ៧០០​គ្រួសារ ហើយ​៧០​ភាគរយ​នៃ​ប្រជាជន​គឺ​ពឹង​ផ្អែកលើ​អនុផល​ធនធានធម្មជាតិ ដែល​មាននៅ ក្នុង​តំបន់​នេះ​ស្រាប់​។​ធនធានធម្មជាតិ​ចម្ប​ង​ដែល​ប្រជាជន​ភាគច្រើន​អាស្រ័យ​គឺឫស្សី​ព្រៃ ដែលជា​ធនធាន​អំណោយផល​ពី ធម្មជាតិ​។ បើ​រាប់​ជា​ផ្ទៃដី​សរុប​ក្នុង​សហគមន៍ ផ្ទៃដី​ដែលមាន​ឫស្សី​ព្រៃ​ដុះ​គឺមាន​រហូត​ទៅដល់ ៥០% ទៅហើយ ដែលជា​ទម្លាប់ គឺ​ប្រជាជន​នាំគ្នា​កាប់​យកឫស្សី​ព្រៃ​ទាំងនោះ​ទៅ​លក់​ឱ្យ​សិប្បកម្ម​កែច្នៃ​។​

​តាំងពីដើម​មក​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​​តំបន់​ទឹកធ្លាក់​អន្លង់​ស្វាយ តែង​ចូល​ព្រៃ​កាប់ឫ​ស្សី​ព្រៃ​ទៅ​លក់​ឱ្យ​ឈ្មួញ​ដែល​គេ​មក​ទិញ​ដល់​ក្នុង​សហគមន៍​។ ក្រៅពីនោះ គឺ​ប្រជាជន​យក​ឫ​ស្សី​ព្រៃ​ទៅធ្វើជា​របង រនាប​ផ្ទះ និង​របស់​ប្រើប្រាស់​ជាដើម​។ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង​ធ្លាប់បាន​ណែរ​នាំ​ពី​របៀប​កាប់​ឫ​ស្សីតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​និរន្ត​រភាព​បរិស្ថាន​និង​ប្រភព​ចំណូល​របស់​ប្រជា​សហគមន៍​ផង​។​

​ប្រភពពី​សមាជិក​គណៈ​កម្ម​ការ​សហគមន៍​អន្លង់​ស្វាយ​បញ្ជាក់ថា សហគមន៍​ពលរដ្ឋ​បាន​ចាត់ចែង​សមាជិក​ជា​ក្រុម​ខុសៗ​គ្នា​ដោយ​ចែកវេន​គ្នា​ឱ្យទៅ​រក​ឫស្សីព្រៃ លក់​ទៅឱ្យ​សហគមន៍​ហើយ​សហគមន៍​យក​លក់​បន្ត ដើម្បី​រក​ចំណូល​ឱ្យ​សមាជិក​នីមួយៗ​។​

​ ប្រជា​សហគមន៍​ម្នាក់ទៀត​ឈ្មោះ ប៉ុក ញៀន ឱ្យដឹងថា ក្រៅពី​ទទួលភ្ញៀវ​ទេសចរ​និង​កាប់​ឫស្សីពលរដ្ឋ​នៅ​ម្ដុំ​ទឹកធ្លាក់​អន្លង់​ស្វាយ​ប្រក​បរបរ​មួយចំនួនទៀត រួមមាន​ឡើងត្នោត​យក​ទឹក​រម្ងាស់​ជា​ស្ករ​និង​លក់​ទឹកត្នោត ធ្វើស្រែ ដក​ផ្សិត​ជាដើម ដែល​របរ​ទាំងអស់នេះ​ក៏​ជា​សក្តានុពល​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ផងដែរ​។​

​អ្នកតំណាង​សហគមន៍ លោក នុត ហេង មានបំណង​ចង់​ពង្រីក​វិសាលភាព​តំបន់​ទេសចរណ៍​បន្ថែម ទៀត​ដូច​តំបន់​ផ្សេងៗ​ទៀត​។​លោក​ស្នើឱ្យ​អាជ្ញាធរ​ថ្នាក់លើ​កសាង​ផ្លូវ​ចូល​សហគមន៍​អន្លង់​ស្វាយ​ឱ្យបាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​

សហគមន៍​ទេសចរណ៍​អន្លង់​ស្វាយ​បង្កើតឡើង​តាំងពី​ឆ្នាំ២០០២ ដែលមាន​ប្រជាជន​ចំនួន​៤​ភូមិ​ចូលរួម ប៉ុន្តែ​សហគមន៍​ពុំ​សូវ​ជា​បានទទួលភ្ញៀវ​ទេសចរ​ច្រើន​ប៉ុន្មាន​នោះទេ​។ មិន​ទទួលបាន​ភ្ញៀវ​ច្រើន ព្រោះ​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​តំបន់ទេសចរណ៍​ក្នុង​សហគមន៍​នៅតែមាន​បញ្ហាលំបាក ដូច្នេះ​ប្រភេទ​ភ្ញៀវ​ដែល​ទៅ​កម្សាន្ដ​នៅ​ទីនោះ​ក៏មាន ភាគច្រើន​ជា​យុវជន​ដែល​ចូលចិត្ត​ការ​លម្ហែ​បែប​បោះតង់​នោះឯង​៕