ភ្នំពេញៈ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ជា​ទិសដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​មាន​សក្ដានុព​ល​បំផុត​មួយ​ក្នុង​ខេត្តបាត់ដំបង ដែលមាន​ទេសភាព​ស្រស់ត្រកាល​គ្រប់​រដូវ កំពុង​ឆក់យក​បេះដូង​ភ្ញៀវទេសចរ​ជាតិ និង​អន្តជាតិ​ដែល​និយម​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ និង​ផ្សង​ទៅ​ទស្សនា​។


លើសពីនេះ​ក្រោយពី​មានការ​ប្រកាស​ផ្សព្វផ្សាយ កាន់តែច្រើន​ពី​រូបភាព​បឹង​ដ៏​ធំ​ដែល​អ្នកស្រុក​ហៅ​តៗ​គ្នា​ថា «​ទន្លេ​ផែន​» បាន​ទាក់ទាញ​ទេសចរ​ឱ្យ​ទៅ​ទស្សនា​សហគមន៍​អេកូ​ទេសចរណ៍​អូរជាំ​នេះ​កាន់តែ​ច្រើនជាង​មុន ដោយសារ​ចង់ដឹង ចង់ឃើញ និង​ចង់​ស្គាល់​ទីតាំង​ទេសចរណ៍​ថ្មី​ដ៏​អាថ៌កំបាំង​នៅលើ​កំពូលភ្នំ​សំ​កុះ។​


​ លោក គឹម សុង ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​បានឱ្យដឹងថា​៖ «​មុនៗ​ភ្ញៀវទេសចរ​មិនសូវ​ច្រើន​ឡើយ​ចាប់តាំងពី​ជំងឺ​កូ​វីដ​១៩​មក តែ​ក្រោយពី​មានការ​ផ្សព្វផ្សាយ​ពី​ទន្លេ​ផែន​នេះ ធ្វើ​ឱ្យទេសចរ​ចង់ដឹង​ចង់​ឮ និង​ចូលមក​ទស្សនា​សហគមន៍​អេកូ​ទេសចរណ៍​អូរ​ជាំ​នេះ​ទាំងមូល​មានការ​កើនឡើង​ប្រមាណ ៣០​ភាគរយ​»​។​


​លោក គឹម សុង បានឱ្យ​ដឹងថា ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​សហគមន៍ មាន​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស ប៉ុន្តែ​ភាគច្រើន​នៃ​ទេសចរ​ទាំងអស់ រាល់ពេល​មកដល់​គឺ​សំដៅ​ចង់ទៅ​ទស្សនា​ទន្លេ​ផែន​តែម្តង បើទោះជា​ផ្លូវ​ឆ្ពោះទៅ​បឹង​លើ​កំពូលភ្នំ​មួយ​នេះ​ពុំទាន់​មានការ​ឈូសឆាយ និង​រៀបចំ​ឱ្យបាន​សមរម្យ​នៅឡើយ​ក៏ដោយ។​


​ជុំវិញ​ការរៀបចំ​ផ្លូវ​សម្រាប់​ទៅ​ទិសដៅ​ទេសចរណ៍​ថ្មី (​បឹង​ផែន​) ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​រូបនេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​សហគមន៍​កំពុង​ស្វែងរក​ថវិកា​ដើម្បី​ធ្វើ​ផ្លូវ​ឡើងទៅ ដោយហេតុថា ​ត្រូវការ​ឈូសឆាយ និង​មិន​ចេះតែ​អាច​កាប់​នឹង​ចប ឬ​កាំបិត​ធ្វើទៅបាន​នោះទេ ក៏ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ​ទេសចរ​នៅតែ​អាច​ទៅ​ទស្សនា​តែ​ត្រូវ​ដើរ​ក្នុងព្រៃ ឬ​រុក​ព្រៃ​»​។​

​ សូមបញ្ជាក់​​ថា សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០០៨ ដោយមាន​ភូមិ​ចំនួន ២​គឺ​ភូមិ​អូរ​ជាំ​លើ និង​អូរ​ជាំ​កណ្តាល ហើយ​មាន​ប្រជា​សហគមន៍​រស់នៅ ជាង ១​ពាន់​នាក់​។ ប្រជា​សហគមន៍​នៅ​ទីនោះ ភាគច្រើន​ប្រកប​របរ​កសិកម្ម និង​រួមចំណែក​លក់ដូរ​ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​របស់​ពួកគាត់​មួយកម្រិត​ទៀត​។

​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ មាន​ទឹកធ្លាក់​អូរ​ជាំ ដ៏​ស្រស់ស្អាត និង​ពេញនិយម​សម្រាប់ទេសចរ​ដែល​និយម​ធ្វើដំណើរ​ផ្សងព្រេង​ដោយសារ​ផ្ទាំង​ថ្ម​ដែលជា​ថ្មភ្នំ​ធម្មជាតិ​ដ៏​ស្រស់ស្អាត រួមជាមួយ​ព្រៃព្រឹក្សា​ខៀវស្រងាត់ អម​ទៅដោយ​ភ្នំ​ល្វឹងល្វើយ​និងមាន​ផ្កា​ព្រៃចម្រុះ​ពណ៌​ពេញ​ផងនោះ។

​បន្ថែម​ពីលើ​នេះ​អ្នកទេសចរ​ក៏​អាច​បោះតង់ សម្រាក​លម្ហែកាយ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ស្វែងយល់​ពី​ការរស់នៅ​របស់​ប្រជា​សហគមន៍ និង​ងូតទឹក​ធ្លាក់​ធម្មជាតិ​កម្ពស់ ៣០ ម៉ែត្រ​ដែលមិនចេះ​រីងស្ងួត​ទោះបី​ស្ថិតនៅ​រដូវប្រាំង​ក៏ដោយ​។​

​សូមបញ្ជាក់ផងដែរថា សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ស្ថិតនៅ​ក្នុងភូមិ​អូរ​ជាំ​លើ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​មាន​ចម្ងាយ​ប្រមាណ​ជាង​៨០​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​៕