
ភ្ញៀវទេសចរចោមរោមថតរូប និងផ្តល់ចំណីឱ្យសត្វកេងកង នៅរបងខាងមុខអគារអគ្គិសនីកម្ពុជា។ រូបថត ហុង រស្មី
ភ្នំពេញ: ក្នុងដៃកាន់ស្បោងយួរ ១ ដែលផ្ទុកផ្លែទំពាំងបាយជូរប្រមាណកន្លះគីឡូក្រាម ដើរសំដៅទៅកាន់បុរសរត់រ៉ឺម៉កវ័យជាង ៥០ ឆ្នាំ អ្នកស្រី នី សុផាន់ណា បានសាកសួរថា តើម៉ោងប៉ុន្មានសត្វកេងកងចុះមកស៊ីចំណី?
អ្នកស្រីនិយាយថា៖ «ម្សិលមិញ ខ្ញុំជិះកាត់វត្ដភ្នំបានឃើញសត្វកេងកងចុះស៊ីចំណីជាច្រើនក្បាល និងបានឃើញបរទេសម្នាក់ដាក់ផ្លែទំពាំងបាយជូរឱ្យពួកវាស៊ី ទើបថ្ងៃនេះខ្ញុំនាំកូនមកលេង និងចង់ឱ្យគាត់បានស្គាល់ប្រភេទសត្វព្រៃទាំងនេះ»។
អ្នកស្រី សុផាន់ណា និងស្វាមី ព្រមទាំងកូនប្រុសអាយុ ៧ ឆ្នាំម្នាក់ បានអង្គុយរង់ចាំហ្វូងសត្វកេងកងដែលហើរក្រវែលចុះឡើងៗនាពេលម៉ោង ៥ ល្ងាច ហើយខណៈរង់ចាំផ្ដល់ចំណីផ្ទាល់ឱ្យបក្សីធំៗទាំងនេះអ្នកស្រី បានឱ្យដឹងថា មនុស្សមិនហ៊ានចំណាយលុយទិញផ្លែទំពាំងបាយជូរទទួលទានខ្លួនឯងផង។
សកម្មភាពបញ្ចុកចំណីសត្វកេងកងនៅមុខអគារអគ្គិសនីកម្ពុជា (EDC) ក្បែររមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្ដិសាស្ដ្រវត្ដភ្នំ បានក្លាយជាភាពទាក់ទាញមួយសម្រាប់អ្នកដំណើរ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលចង់ឃើញចង់ស្គាល់ ក៏ដូចជាចង់ផ្ដល់ចំណី និងថតរូបសែលហ្វ៊ីជាមួយពពួកសត្វទាំងនេះ។
លោក ហូ រិទ្ធី ចតរ៉ឺម៉កកង់ ៣ របស់ខ្លួន ដែលមានផ្លែចេកនៅលើកៅអី ៦ ស្និត និងនៅលើដំបូលរ៉ឺម៉កប៉ុន្មានផ្លែទៀត សម្រាប់ជាចំណីរបស់សត្វកេងកង ដែលលោកនិយាយថា ពួកវាតែងតែចុះមកស៊ីចំណីនៅមុខអគារអគ្គិសនីកម្ពុជាចាប់ពីម៉ោង ៥:៣០ រហូតដល់ម៉ោង ៧ យប់រៀងរាល់ថ្ងៃ។
បុរសវ័យជាង ៥០ ឆ្នាំ ដែលបញ្ឈប់សកម្មភាពរត់រ៉ឺម៉កដឹកភ្ញៀវនៅមុនម៉ោង ៥ និងទិញចេកប៉ុន្មានស្និតមករង់ចាំកេងកងរូបនេះនិយាយថា៖ «ខ្ញុំមិនខ្វល់ថា តើភ្ញៀវគាត់ឱ្យឬមិនឱ្យលុយនោះទេ ខ្ញុំតែងតែយកចេកដាក់ឱ្យពួកវាស៊ីរៀងរាល់ថ្ងៃ។ បើភ្ញៀវមានចិត្ដ ដាក់លុយក្នុងកន្ដ្រកខាងមុខរ៉ឺម៉កនេះ រួចស្អែកខ្ញុំយកលុយនេះទិញចេកមកទៀត»។
បុរសពាក់តែអាវវៀលក្លៀកពណ៌ស និងខោខ្លីរូបនេះ បានឱ្យដឹងថា លោកមិនគិតថា មានឬមិនមានអ្នកបរិច្ចាគប្រាក់ក្នុងការទិញផ្លែឈើឱ្យសត្វទាំងនេះឡើយ លោកនៅតែបន្ដចំណាយប្រាក់ផ្ទាល់ខ្លួនទិញឱ្យហ្វូងសត្វទាំងនេះស៊ីរៀងរាល់ថ្ងៃ ដែលមានរយៈពេលជិត ១ ឆ្នាំមកហើយ។
លោកនិយាយថា ចេក ១ ស្និតតម្លៃ ៣ ០០០ រៀល និង ១ ថ្ងៃ លោកទិញចេកប្រហែល ២ ម៉ឺនរៀលទិញចេក ៥-៦ ស្និតដាក់ឱ្យសត្វកេងកងស៊ី។ ជារឿយៗលោកចំណាយប្រាក់ពីរបររត់រ៉ឺម៉កស្ទើរតែទាំងអស់មកទិញចំណីសត្វ ដោយសារលោកជាអ្នកស្រឡាញ់សត្វ និងយល់ថា ពួកវាជិតដាច់ពូជហើយ។

ភ្ញៀវទេសចរផ្តល់ចំណីឱ្យសត្វកេងកង នៅរបងខាងមុខអគារអគ្គិសនីកម្ពុជា។ រូបថត ហុង រស្មី
អំឡុងម៉ោង ៥ ល្ងាចមនុស្សម្នា ជាពិសេស អ្នកមានកូនតូចៗ ជិះម៉ូតូមកក្បែរសួនត្រីអគារអគ្គិសនីកម្ពុជា ដោយខ្លះបានអង្គុយរង់ចាំជាស្រេច។ ពួកគេតែងតែអន្ទះសាចង់ឃើញសត្វកេងកងដ៏ច្រើន ដែលកំពុងហើរឆ្វែលនៅបរិវេណវត្ដភ្នំចុះស៊ីចំណី និងទទូចសួរលោក រិទ្ធី ដដែលៗ។
នៅម៉ោងប្រមាណ ៥ កន្លះល្ងាចបុរសដែលជាអតីតអ្នកចិញ្ចឹមសត្វនៅស្រុកព្រែកប្រសប់ ខេត្ដក្រចេះ លោក រិទ្ធី ចាប់ផ្ដើមធ្វើសំឡេងស្រែកហៅហ្វូងកេងកងជាសញ្ញាដោយចង់ប្រាប់ថា ដល់ពេលវេលាដែលពួកវាអាចចុះមកទទួលចំណីដ៏ឆ្ងាញ់ហើយ។
ផ្ដើមពីកេងកង ១ ក្បាលដំបូង ដែលហើរមកទំលើរនាំងដែកដាក់បាំងជណ្ដើរឡើងសួនអគារអគ្គិសនីកម្ពុជាជាន់ខាងលើ មនុស្សក៏សម្រុកយកផ្លែឈើបញ្ចុកវា។
ពី១ក្បាលឡើង ២ ក្បាលរហូតដល់ជិត ១០ ក្បាល កេងកងទំនៅលើចម្រឹងដែក និងលើចម្លាក់ក្បាលតោ នៅតាមរបងថ្ម ដោយមើលទៅពួកវារីករាយនឹងចំណីផ្លែឈើ ដូចជា ចេក និងទំពាំងបាយជូរ រួចពួកវាផ្លាស់ប្ដូរវេនគ្នាទទួលចំណីពីភ្ញៀវ។
លោក រិទ្ធី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពេលមនុស្សម្នាក្មេងចាស់ប្រុសស្រី រួមទាំងភ្ញៀវបរទេសកំពុងតែមមាញឹកបញ្ចុក បោះចំណី និងថតរូបសត្វកេងកងថា៖ «សត្វទាំងនេះមិនមែនជាកេងកងទាំងអស់ទេ។ ពួកវាលាយឡំជាមួយសត្វព្វាំងដែលមានចំនួនប្រមាណ ៧០ ក្បាល»។
ចរន្ដភ្ញៀវទៅមកៗមិនខុសពីការផ្លាស់ប្ដូរវេនគ្នាទទួលចំណី ភ្ញៀវដែលបានផ្ដល់ចំណី និងថតរូបសែលហ្វ៊ី ឆ្អែតក៏ចាកចេញទៅ ជំនួសមកវិញនូវភ្ញៀវថ្មីៗជាបន្ដបន្ទាប់ ខណៈលោក រិទ្ធី នៅតែបេះចេកបោះឱ្យកេងកង និងហៅភ្ញៀវឱ្យយកចេកចេញពីក្នុងរ៉ឺម៉កលោកបណ្ដើរ។
ដូចការលើកឡើងរបស់អ្នករត់រ៉ឺម៉កស្រឡាញ់សត្វរូបនេះ មិនសុទ្ធតែទាំងអស់ដែលទទួលយកផ្លែចេកពីលោករមែងចែករំលែកថវិកាបន្ដិចបន្ដួចសម្រាប់ឱ្យលោកទិញចំណីឱ្យសត្វនៅថ្ងៃស្អែកឡើយ។
លោក រិទ្ធី បានបញ្ជាក់ថា៖ «រាល់ថ្ងៃនេះ មិនបានលុយពីភ្ញៀវលើសពី ១៣ ០០០ រៀលនោះទេ។ ប៉ុន្ដែខ្ញុំមិនខ្វល់ឡើយ។ នៅថ្ងៃស្អែកខ្ញុំមានលុយទិញឱ្យវាស៊ីទៀត»។
ទាក់ទងនឹងវត្ដមានសត្វស្លាបព្រៃរស់នៅក្នុងទីក្រុងនេះ លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជាមិនទាន់មានគម្រោងអភិរក្សសត្វកេងកងឱ្យច្បាស់ដូចពពួកសត្វត្មាត ត្រយង និងខ្សឹបនៅឡើយទេ។
លោកវរសក្ស ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «សត្វកេងកង ៣ ប្រភេទនៅកម្ពុជាមិនទាន់ទទួលការចាប់អារម្មណ៍ក្នុងការអភិរក្សដូចនៅប្រទេសម៉ាឡេស៊ី ថៃ និងឥណ្ឌានៅឡើយទេ។ បណ្ដាប្រទេសទាំងនោះ មានកេងកងច្រើនប្រភេទជាងយើង»។
យ៉ាងណាមិញ ចំពោះការទស្សនា ការថតរូប និងការផ្ដល់ចំណីឱ្យសត្វកេងកង និងព្វាំងនៅបរិវេណរមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្ដិសាស្ដ្រវត្ដភ្នំ លោករិទ្ធី ស្នើសុំឱ្យភ្ញៀវទាំងអស់ ជាពិសេស កុមារតូចៗកុំព្យាយាមបង្អើលពួកវា ដែលអាចធ្វើឱ្យពពួកសត្វស្លាបទាំងនេះភ័យ លែងចុះមកស៊ីចំណីទៀត៕