កែបៈ ក្រសួងបរិស្ថាន បានធ្វើការ​ផ្សព្វផ្សាយពី​សម្រស់​តំបន់​ឆ្នេរសមុទ្រ​បែប​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នៃ​កោះទន្សាយ ដោយ​អ្នកទេសចរ​អាចធ្វើ​ដំណើ​រ​ត្រឹមតែ​ ៣០ នាទី ពី​ចំណតទូក​ដើម្បី​បាន​ទៅដល់​ទីនោះ​ដោយ​អាច​សម្រាក​លម្ហែកាយ ស្ទូចត្រី និង​ទទួលទាន​គ្រឿង​សមុទ្រ​ស្រស់ៗ​។​

​បើតាម​ក្រសួងបរិស្ថាន កោះទន្សាយ ជា​ដែន​កោះ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ត្រឹមតែ ​៧ ​គ្រួសារ​ប៉ុណ្ណោះ​។ អ្នកទេសចរ​ក៏​អាច​ទស្សនា​ទិដ្ឋភាព​ស្រស់ស្អាត​នៃ​កោះ​តូច​១​នេះ ពី​ឧទ្យាន​ជាតិ​កែប និង​ទី​ក្រុងកែប​នៅពេល​យប់​បាន​ផងដែរ​។​

​កោះទន្សាយ​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរ​ខ្សាច់​ស្អាត ចំនួន ​២​ កន្លែង ដែលមាន​វាល​ខ្សាច់​ស​ពី​ធម្មជាតិ ជា​កន្លែង​សម្រាប់​ងូតទឹក​សមុទ្រ​កម្សាន្ត​សប្បាយ​បាន ស្ទូចត្រី​នៅ​ជុំវិញ​កោះ មើល​ផ្កាថ្ម និង​បរិភោគ​គ្រឿង​សមុទ្រ​ស្រស់ៗ តាមរយៈ​កា​រក​ម្ម៉​ង់​ពី​សហគមន៍​ជាមុន​។


​កោះទន្សាយ ហាក់​នៅ​មិន​ឆ្ងាយ​ពី​ផែ​ចំណតទូក​នៃ​ខេត្ត​កែប​ប៉ុន្មាន​ទេ ដោយ​អ្នកទេសចរ​គ្រាន់តែ​ធ្វើដំណើរ​ប្រមាណ ៣០​ នាទី ពី​ចំណតទូក ហើយ​ពេលទៅដល់​អ្នកទេសចរ​នឹង​បានឃើញ​ធ្នេ​រ​ខ្សាច់ វែង​អម​ជាមួយ​ដើម​ដូង​ជា​ជួរៗ «​ឈរ​រង់ចាំ​ស្វាគមន៍​ពួកយើង​ទៅ​សម្រាកលម្ហែ​ទីនេះ​»៕