​បន្ទាយ​មាន​ជ័​យៈ អាង​ត្រពាំងថ្ម ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ និង​ជា​តំបន់​អភិរក្ស​ជម្រក​សត្វ​ស្លាប​កម្រ និង​សត្វ​ស្លាប​ជិត​ផុត​ពូជ ហើយ​ភ្ញៀវទេសចរ​ក៏​អាច​ទៅ​ងូតទឹក ជិះទូក​លេង​កម្សាន្ត និង​ទស្សនា​សត្វ​ស្លាប​បាន​ផងដែរ​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។​


​អាង​ត្រពាំងថ្ម ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ មាន​ចម្ងាយ ៦៦​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​។​


​អាង​ត្រពាំងថ្ម អាច​ស្តុក​ទឹកបាន​ចំនួន​១៨០​លាន​ម៉ែត្រគុប​នៅ​រដូវវស្សា និង​នៅ​រដូវប្រាំង​អាច​ស្តុក​ទឹកបាន ១២០​លាន​ម៉ែត្រគុប និង​ជួយ​ផ្គត់ផ្គង់​ទឹក​ដល់​ដំណាំ​ស្រែចម្ការ​របស់​ប្រជាកសិករ​ផងដែរ​។​


​ក្រសួងបរិស្ថាន​បានលើកឡើង​ពី​ភាព​ទាក់ទាញ​ទេសចរ​នៃ​អាង​ត្រពាំងថ្ម​ដែលមាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ​ថា មាន​ខ្យល់​បរិសុទ្ធ ផាសុកភាព និង​មាន​ម្ហូប​គ្រប់មុខ មាន់​អាំង ទា​អាំង ជាពិសេស​គឺ​ត្រី​ស្រស់ៗ​ជាច្រើន​ប្រភេទ​៕