​កំពង់ស្ពឺៈ ភូមិ​ល្ងឹ​ម​គឺ​ស្ថិតនៅ​តំបន់​ស្រយាល​មួយ ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ តំបន់​នោះ​ប្រសិនបើ​អ្នកដំណើរ​មើល​ពី​ចម្ងាយ​នឹង​ឃើញ​ទេសភាព​ពណ៌​ក្រហមឆ្អិន​លេចចេញ​ពី​ភូមិ​លាយឡំ​ជា​​មួយ​រុក្ខជាតិ​ព្រៃឈើ​គួរឱ្យ​គយ​គន់​។ ប៉ុន្តែ​បើ​ពិនិត្យ​នៅពេល​រាត្រី​វិញ ទេសភាព​ក្នុងភូមិ​បាន​ប្តូរ​មកជា​ពណ៌​សអម​សងខាង​ផ្លូវ​ប្រៀបដូចជា​កូន​ទីក្រុង​មួយ​នៅក្បែរ​ជើងភ្នំ​ឱ​រ៉ា​ល់​យ៉ាង​ដូច្នេះ​ដែរ​។​


​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ទៀត​នោះ​ គឺ​ភូមិ​ដាច់ស្រយាល​មួយ​នេះ​កំពុងតែ​មានការ​អភិ​វ​ឌ្ឍ​ឱ្យក្លាយ​ទៅជា​ភូ​មិកសិ​ទេសចរណ៍​មួយ​ដោយ​យុវជន ​១ ​ក្រុម​ហៅថា ​[​យុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វើ​រៀ​] ​នៃ​តំបន់ភ្នំ​ឱ​រ៉ា​ល់​។​

«​ពួកយើង​ចង់​បំផុស​ប្រជា​ជន​ឱ្យ​គាត់​មាន​ការដាំ​ដើមឈើ​ជំនួស​ការកាប់​ឈើ​។ ដូចនេះហើយ​បើ​គាត់​ចង់បាន​អំពូល​សូ​ឡា​គឺ​គាត់​ត្រូវតែ​ដាំ​ដើម​ក្ងោក​ជា​ថ្នូរ​នឹង​ការផ្តល់​អំពូល​ជូន​គាត់​។ ព្រៃឈើ​ ១ ​ដើមៗ​ដែល​គាត់​កាប់​ហើយ បើ​គាត់​កុំ​កាប់​វិញ​វា​ជា​ផ្នែក ​១​ នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​លេង​នៅ​ភ្នំ​ឱ​រ៉ា​ល់​»​។ នេះ​ជាការ​លើកឡើង​របស់លោក តាន់ គីម​សួរ ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វើ​រៀ​ប្រចាំ​តំបន់ភ្នំ​ឱ​រ៉ា​ល់​។​


​លោក ​តាន់ គីម​សួរ បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹងថា ក្រុមយុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វើ​រៀ​របស់លោក​មាន​សមាជិក​ប្រ​មាណ​ជា​ ១០​ នាក់ ហើយ​បេស​ក​កម្ម​សំខាន់​របស់​ពួកលោក​គឺ​ផ្ដោតលើ​ធនធានធម្មជាតិ​នៅ​ភ្នំ​ឱ​រ៉ា​ល់​ដែល​រហូត​មកទល់ពេលនេះ​បានធ្វើ​យុទ្ធនាការ​អស់​រយៈពេល​ ៥​ ឆ្នាំ​មកហើយ ។​ការ​​ផ្ដោត​សំខាន់​ទៅលើ​ធនធានធម្មជាតិ​បែបនេះ គឺ​បានន័យថា​ទប់ស្កាត់​ការកាប់​ព្រៃឈើ​ហើយ​បំផុស និង​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​ឱ្យ​ស្តារ​ព្រៃឈើ​ឡើងវិញ​។​


​លោក​បានបញ្ជាក់​ប្រាប់ថា សកម្មភាព​របស់​ក្រុម​លោក​គឺ​អប់រំ​ប្រជាពលរដ្ឋ​ដែល​តែង​ចូល​ព្រៃ​កាប់​ឈើ ហើយ​វិស័យ​ធំ​ ២​ ដែល​ក្រុម​លោក​កំពុង​ធ្វើ​បច្ចុប្បន្ន​គឺ​វិស័យ​ទេសចរណ៍​ពោលគឺ​ពាក់ព័ន្ធ​នឹង​ការ​បំផុស​ឱ្យដាំ​ដើម​ក្ងោក ដោយសារ​ចង់​លម្អ​តំបន់​ហ្នឹង​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​និង​អាច​ទាក់​ទាញ​ភ្ញៀវទេសចរ​ឱ្យ​មកដល់​តំបន់​នេះ​ផងដែរ​។​


​បើតាម​លោក គីម​សួរ ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមយុវជន​របស់លោក​ធ្វើការ​ងារ​បាន​ជោគជ័យ​គាប់ប្រសើរ​ដែរ ពាក់ព័ន្ធ​នឹង​ការកែប្រែ​តំបន់​ឱ​រ៉ា​ល់​ដែល​ធ្លាប់ជា​តំបន់​មានការ​ភ័យខ្លាច​ពី​ប្រ​ជា​ពលរដ្ឋ​មួយចំនួន​ដែល​មិន​ហ៊ាន​មកលេង​តំបន់​នេះ ដោយ​សារ​ខ្លាច​កើត​ជំងឺគ្រុនចាញ់ ឱ្យក្លាយ​ជាទី​គួរ​ចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​។

​ករណី​ ១​ ទៀត​ពាក់ព័ន្ធ​នឹង​ការឡើង​ភ្នំ ព្រោះ​ភ្នំ​ឱ​រ៉ា​ល់​ជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។​ ប៉ុន្តែ​ឥឡូវនេះ​តំបន់​ឱ​រ៉ា​ល់កំ​ពុង​ក្លាយជា​តំបន់​គោលដៅ​ទេស​ចរណ៍​ ១ ​គួរ​ជាទី​ចំណាប់​អា​រ​ម្មណ៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​លោក​បន្តថា ក្រុមយុវជន​ស្ម័គ្រ​​ចិត្ត​ជួយ​សង្គម​បៃតង​វើ​រៀ​របស់លោក​ចង់​លម្អ​តំបន់​នោះ​ឱ្យមាន​ភាពស្រស់ស្អាត​មាន​ភាព​ទាក់​​ទាញ​ថែម​ទៀតហើយ​នេះ​ក៏​ជា​ផ្នែក ១ ​ក្នុងការ​ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ដល់​តំបន់ភ្នំ​ឱ​រ៉ា​ល់​ផងដែរ​។

​លោក​ថា​៖ «​អ៊ីចឹង​កាលណា​មាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅ​តំបន់​ហ្នឹង​ច្រើន​គឺ​ប្រជាពលរដ្ឋ​គាត់​នឹង​ទទួលបាន​នូវ​ជីវភាព​មួយ​ដែល​ល្អប្រសើរ​ជាង​មុន​អ៊ីចឹងទៅ​»​។​

​ម្យ៉ាងទៀត​ក្រុម​លោក​ចង់​ប្រែ​ក្លាយ​ភូមិ​ល្ងឹ​ម​ឱ្យ​ជា​ភូ​មិកសិ​ទេសចរណ៍​មួយ ហើយ​លោក​បានផ្តល់​ដើម​ក្ងោក​ដល់​អ្នកភូមិ​ដើម្បី​ដាំ​អម​សងខាង​ផ្លូវ​ក្នុងភូមិ បាន​ជាង ១០០​ ដើម​ផងដែរ ខណៈ​បច្ចុប្បន្ន​កំពុងតែ​ចេញ​ផ្កា​យ៉ាង​ស្រស់ស្អាត​តែម្តង​។ ជាមួយគ្នានេះ​ក្រុម​របស់លោក​បាន​ដាំ​បង្គោល​និង​បំពាក់​អំពូល​សូ​ឡា​បាន​ ៨០ ​អំពូល​សម្រាប់​បំភ្លឺ​នៅពេល​យប់​។ ​ទន្ទឹមនឹងនេះ​ ក្រុម​លោក​ក៏​កំពុង​លើកទឹកចិត្ត​ និង​បំផុស​ដល់​អ្នក​​ភូមិ​ល្ងឹ​ម​ឱ្យ​ពួកគាត់​កែប្រែ​ដី​មក​ដាំ​បន្លែបង្ការ​ និង​ដាំ​ផ្កា​ដើម្បី​បាន​ក្លាយជា​ភូ​មិកសិ​ទេសចរណ៍​ឱ្យ​ភ្ញៀវ​មកលេង​កម្សាន្ត​។​ ជា​ជំហាន​បន្ទាប់​ទៀត ក្រុមយុវជន​របស់លោក​ក៏​គ្រោង​នឹង​ទិញ​កង់​ជូន​ដល់​អ្នកភូមិ ដើម្បី​ទុក​សម្រាប់​ជួល​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុងភូមិ​ផងដែរ​។​

​លោក​ឱ្យដឹងទៀតថា​៖ «​ឥឡូវនេះ​ក្រុម​ខ្ញុំ​កំពុង​សិក្សា​គម្រោង​ ១​ ហើយ​ស្នើសុំ​ពី​អាជ្ញាធរ​ក្នុងការ​គាំទ្រ​។ យើង​ចង់​បង្កើតជា​ផ្ទះ​គំរូ​សម្រាប់​ប្រជាជន​នៅ​តំបន់​ហ្នឹង​ឱ្យ​គាត់​ចេះ​តុបតែង​ផ្ទះ​លម្អ​គ្មាន​សំរាម​លម្អ​ដោយ​សួនផ្កា​និង​មាន​គណៈកម្មការ​ដាក់ពិន្ទុ​និង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ពួក​គាត់​ទៀត​។​យើង​ព្យាយាម​ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់​នៅផ្ទះ​របស់​ពួកគាត់​ដើម្បី​បាន​ចំណូល​ដល់​ពួកគាត់​»​។​

​យ៉ាងណាក្ដី លោក ​តាន់ គីមសួរ បានឱ្យដឹង​ដែរ​ថា ក្រុម​លោក​ក៏​ជួប​ការលំបាក​ខ្លះ​ដែរ​ពាក់ព័ន្ធ​នឹង​ការពន្យល់​អប់រំ​ដល់​អ្នកភូមិ​វ័យ​ចំណាស់​ឱ្យ​គាត់​បោះ​បង់​ការឡើង​ភ្នំ​កាប់​ឈើ​បែរមក​បង្កបង្កើនផល​កសិកម្ម​ក្នុងភូមិ​វិញ ដើម្បី​ប្រែ​ក្លាយទៅជា​ភូ​មិកសិ​ទេសចរណ៍​ក្នុងការ​ទាញ​ភ្ញៀវ​មក​ទស្សនា​និង​រកប្រាក់​ចំណូល​តាមរ​យៈ​ពី​ភ្ញៀវទេសចរ​ជំនួស​វិញ​។ ចំពោះ​អំពូល​សូ​ឡា​ដែល​ក្រុមយុវជន​របស់លោក​បាន​ជួយ​ដល់​អ្នកភូមិ​ក៏បាន​មកពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ទេព ណែម មេឃុំ​ត្រពាំង​ជោរ​បានឱ្យដឹងថា នៅក្បែរ​ភូមិ​ល្ងឹ​ម​ក៏មាន​ព្រៃ​សហគមន៍​មួយ​ដែរ​ក្នុង​ទំហំ​ប្រមាណ​ជា​ ៥០០ ​ហិ​ក​តា​។​ នៅក្នុង​ព្រៃ​សហគមន៍​នោះ​ភ្ញៀវ​អាច​ចូលទៅ​កម្សាន្ត​មាន​ម្លប់​ត្រឈឹងត្រឈៃ​ហើយ​បើ​បាន​ចូលទៅ​ទីនោះ​គឺ​ត្រជាក់ចិត្ត​តែម្តង រីឯ​នៅ​ចម្ងាយ​ពី​ភូមិ​ប្រហែល​៨​គីឡូម៉ែត្រ​មាន​ទឹកធ្លាក់​ពី​ភ្នំ​ឱ​រ៉ា​ល់​មក​ខួបប្រាំងខួបវស្សា​ ១ ​កន្លែង​ទៀត​ក៏​អាច​ទាក់ទាញ​ភ្ញៀវ​បាន​ផងដែរ​។​ ម្យ៉ាង​បើ​មានការ​រៀបចំ​ជា​ភូ​មិកសិ​ទេសចរណ៍​បែបនេះ​លោក​មានការ​សប្បាយចិត្ត ព្រោះ​ប្រជាពលរដ្ឋ​អាច​រកចំណូលបាន​ពី​ភ្ញៀវ​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​លោក​បាន​ថ្លែងថា​៖ «​ជា​គោលជំហរ​របស់ខ្ញុំ​បើ​ក្រុមយុវជន​នោះ​គាត់​មក​ធ្វើជា​តំបន់​ទេសចរណ៍​អី​ឱ្យ​ឃុំ​រីកចម្រើន​ខ្ញុំ​ត្រេកអរ ប៉ុន្តែ​បើ​ធ្វើតាម​គោលការណ៍​ខ្ញុំ​ពេញចិត្ត​ហើយ​ព្រោះ​ជា​ចំណូល​សំខាន់​សម្រាប់​ប្រជាជន​ក្នុងភូមិ​ខ្ញុំ​»៕