កោះកុងៈ ក្រសួងបរិស្ថាន បាន​លើក​ពី​សក្តានុពល​សម្រស់​ធម្មជាតិ នៃ​សហគមន៍​ជីផាត ស្ថិតក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ដែល​ភ្ញៀវទេសចរ គួរ​ទៅ​ទស្សនា។​


ការ​ទៅ​ទស្សនា​សហគមន៍​ជី​ផា​តនៃ​ជួរ​ភ្នំក្រវាញ​ភ្ញៀវទេសចរ អាច​ងូតទឹក​ជ្រោះ ជិះម៉ូតូ​កម្សាន្ត​តាម​ភូមិ ហូប​ផ្លែឈើ​តំបន់ ជិះទូក​ទស្សនា​ទេសភាព​តាម​ស្ទឹងព្រាត់ ស្ទឹងជីផាត ជា​ទិដ្ឋភាព​ស្រស់ស្អាត​ដែល​អ្នក​ស្រលាញ់​ធម្មជាតិ​ចងចាំ​មិនអាច​បំភ្លេចបាន​ពី​សហគមន៍​មួយនេះ។

បើ​យោងតាម​ក្រសួងបរិស្ថាន សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ស្ថិត​ក្នុងភូមិ​ជីផាត ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង មាន​ចម្ងាយ ២០០ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ។


ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​អាចធ្វើ​ដំណើរ​ទៅកាន់​តំបន់​ស្រស់ស្អាត​នេះ​តាមផ្លូវ​ជាតិ​លេខ ៤៨ រួច​បន្តដំណើរ​ទៅកាន់​ស្រុកស្រែ​អំបិល​ពីស្ពាន​ស្រែអំបិល ចម្ងាយ​ប្រមាណ ៤៧ គីឡូម៉ែត្រ តាមផ្លូវ​គ្រួស​ក្រហម បាន​ទៅដល់​កំពង់ចម្លង​ជីផាត និង​ឆ្លង​ប្រមាណ ១៥ នាទី ទៀត​ទើប​លោកអ្នក​បាន​ដល់​ភូមិ ជីផាត​តែម្តង៕​