បាត់ដំបងៈ រដ្ឋ​បាល​ខេត្ត​បាត់​ដំបង កំពុង​អនុវត្ត​ផែន​ការ​រៀប​ចំ​រម​ណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ភ្នំ​សំពៅ ឱ្យ​ក្លាយ​ជា​រម​ណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​គំរូ ដើម្បី​ជា​គោល​ដៅ​ចម្បង​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​ចូល​ទស្សនា​ខេត្ត​ជាប់បឹងទន្លេសាប​​​មួយ​នេះ​។

​​តាម​​​រយៈក្រសួង​ទេស​ចរណ៍នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​​ ​លោក ជួប រតនា ប្រធាន​នាយ​ក​ដ្ឋាន​ផែន​ការ​អភិ​វឌ្ឍ​ន៍​ទេស​ចរណ៍ បាន​ដឹក​នាំ​ក្រុម​ការ​ងារ​នាយក​ដ្ឋាន​ផែន​ការ​អភិ​វឌ្ឍន៍​ទេស​ចរណ៍ និង​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំបង ដើម្បី​ចុះ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​​ នៃ​ការ​អនុវត្ត​ផែន​ការ​អភិ​វឌ្ឍន៍​ទេស​ចរណ៍​បច្ចុប្បន្ន​កម្ម ២០២១​-​២០២៥ ខេត្ត​បាត់​ដំបង និង​បាន​ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ផែន​ការ​រៀប​ចំ​រម​ណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ភ្នំ​សំ​ពៅ ដែល​ជា​គោល​ដៅ​ទាក់​ទាញ​ទេស​ចរណ៍​ចម្បង​មួយ​របស់​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​។

ក្រសួង​ទេស​ចរណ៍ បាន​បន្ត​ថា ការ​រៀប​ចំ​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ ភ្នំ​សំពៅ គឺ​ស្ថិត​ក្នុង​ផែន​ការ​អាទិ​ភាព​របស់​រដ្ឋ​បាល​ខេត្ត ដែល​បាន​រំ​លេច​ក្នុង​ផែន​ការ​អភិ​វឌ្ឍន៍​ទេស​ចរណ៍​បច្ចុប្បន្ន​ ២០២១​-​២០២៥ ខេត្ត​បាត់​ដំបង ហើយ​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ដែល​ជា​សេនា​ធិ​ការ​បាន​រៀប​ចំ «​ផែន​ការ​លម្អិត​រៀប​ចំ​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ភ្នំ​សំពៅ​»​។


ការ​អនុវត្ត​ផែន​ការ​សម្អិត​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​បន្ថែម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​ស្មារ​តី កម្លាំង និង​ធន​ធាន​ថវិកា ដើម្បី​ឱ្យ​រមណីយ​ដ្ឋាន​នេះ​ក្លាយ​ជា​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​គំរូ ដ៏​ទាក់​ទាញ​មួយ​របស់​ខេត្ត​បាត់​ដំបង​។

លោក សឿម ប៊ុនរិទ្ធិ អភិបាល​​រង​ខេត្ត​​បាត់​ដំបង បាន​ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែសីហា ​ថា មូល​ហេតុ​ដែ​ល​​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង ជ្រើស​រើស​រៀប​​ចំ​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ភ្នំ​សំពៅ ឱ្យ​ក្លាយជា​​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​គំ​រូ​ដ៏​ទាក់​ទាញ​មួយ​របស់​ខេត្ត ​ព្រោះ​តំបន់​នេះ​មាន​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល ដែល​ហោះ​ចេញ​ពី​ល្អាង​ភ្នំ មក​ខាង​ក្រៅ​ ហើយ​​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​ភ្ញៀវ​ទេស​ចរអន្តរ​ជាតិ​មាន​ការ​ចាប់​អារម្មណ៍​។


​មួយ​ទៀត ដោយ​សារ​ភ្នំ​សំពៅ គឺ​មាន​តំបន់​បុរាណ​វិទ្យា ដែល​បន្សល់​ទុក​ពី​ជំនាន់​ជា​ច្រើន ហេ​តុ​នេះ​តំបន់​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ប្រវត្តិ​សាស្ត្រ​មួយ នៃការ​​ក​កើត​នៃ​ទឹក​ដី​​​កម្ពុជា ហើយកន្លង​មក​រមណីយ​ដ្ឋាន​ភ្នំ​សំពៅ មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញា​ធរ​មូល​ដ្ឋាន ក្នុង​ការ​រៀប​​ចំ​សណ្ដាប់​ធ្នាប់ អនា​ម័យ បរិ​ស្ថាន និង​គ្រប់​គ្រង​សោភណភាព​នៅ​ជុំ​វិញ​តំបន់​រមណីយ​ដ្ឋាន​ភ្នំ​សំពៅ​នេះ​ឡើយ​។

លោក សឿម ប៊ុនរិទ្ធិ ថ្លែង​ថា​៖ «​អ៊ីចឹង! ​ខេត្ត​លូក​ដៃ​រៀប​ចំ​ហ្នឹង គឺ​ដើម្បី​ឱ្យ​តំបន់​នេះ​កាន់​​តែ​មាន​របៀប​រៀប​រយ សណ្ដាប់​ធ្នាប់ តាំង​ពី​ការ​ចត​យាន​យន្ត អំពី​ការ​អង្គុយ​មើល​ទស្សនា​សត្វ​ប្រចៀវ​ចេញ​ពី​ល្អាង អា​ហ្នឹង​យើង​រៀប​ចំ​វា​ឱ្យ​ទៅ​ជា​លក្ខណៈ​ស្ដង់​ដា​មួយ ដែល​មាន​ភាព​ទាក់​ទាញ​។ ​​ប្រសិន​ជា​យើង​ទុក​បែប​នេះ​ទៀត វា​ជា​ការ​សោក​ស្ដាយណាស់​​ដែល​ភ្នំ​សំពៅ​មាន​ចំណុច​ទាក់​ទាញ​ច្រើន​ក្នុង​ការ​ទស្សនា ប៉ុន្តែ​គ្មាន​អ្នក​ដឹង​»​។

លោក​បន្ថែម​ថា រមណីយ​ដ្ឋាន​ភ្នំ​សំពៅ វា​ក៏​ជា​កន្លែង​ដ៏​មាន​ភាព​អស្ចារ្យ​មាន​ទាំង​បុរាណ​វិទ្យា​ដែល​បញ្ជាក់​ពី​ការ​ក​កើត​នៃ​ទឹក​ដី​កម្ពុជា ហើយ​ចំណែក​អ្នក​ទេស​ចរ អាច​មើល​ទេស​ភាព​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ពី​លើ​ខ្នង​ភ្នំ​​នៅ​ត្រង់​តំបន់​នេះ​បាន​យ៉ាង​ល្អ​៕