
ហ្វូងសត្វស្លាបដែលមកតាំងជម្រកនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ ដីទំហំប្រមាណ ៤ ហិកតា ដែលមានម្ចាស់កាន់កាប់ស្របច្បាប់ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានទុកនៅទំនេរចោលជាច្រើនឆ្នាំ បានក្លាយទៅជាជម្រកសត្វស្លាបជាច្រើនពាន់ក្បាល ដូចជា អម្បូរ កុក ខ្វែក ក្រសា និងក្អែកទឹក ហើយត្រូវបានអភិរក្សដោយអ្នកភូមិ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងតំបន់នោះ ប៉ុន្តែមិនទាន់មានការសម្រេចពីក្រសួងបរិស្ថាន និងម្ចាស់ដី ថាតើនឹងត្រូវអភិរក្ស ឬយ៉ាងណានោះទេ?
ពេលធ្វើដំណើរចូលទៅជិតព្រៃឫស្សី និងព្រៃឈើដែលមានផ្លូវដើរចង្អៀតដើរបានតែខ្លួន ១ ប៉ុណ្ណោះ ដោយមានស្នូរសំឡេងស្រែកខ្ញៀវខ្ញារ។
លោក សោម សារុន អាយុ ៦៣ ឆ្នាំ ជាអ្នកភូមិរស់នៅក្នុងតំបន់នោះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែកញ្ញាថា សត្វស្លាបទាំងនោះបានមករស់នៅទីនោះមានចំនួនច្រើនទៅពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ក្នុងអំឡុងពេល៦ឆ្នាំ មកនេះ ហើយប្រជាពលរដ្ឋប្រមាណជា ១០ គ្រួសារដែលរស់នៅក្បែរតំបន់នោះបានរួមគ្នាការពារមិនឱ្យអ្នកមកពីចម្ងាយចូលទៅបំផ្លាញជម្រកនោះទេដូចជាការលួចចូលទៅធ្វើការបរបាញ់ជាដើម។
លោក សារុន ថ្លែងថា៖ «មិនដែលមានអ្នកលួចបរបាញ់សត្វទេ ព្រោះគេអត់ហ៊ានជាមួយប្រជាពលរដ្ឋដែរ។ ប្រជាពលរដ្ឋនៅទីនេះស្រុះគ្នាណាស់គាត់ជួយអភិរក្សសត្វស្លាបហ្នឹងដែរ ហើយបើពេលណាមានសត្វផ្អើលៗទាំងគាត់ ទាំងខ្ញុំ ទាំងសហគមន៍សហការគ្នា អ៊ីចឹងអត់មានអ្នកលួចបាញ់ទេ»។
នៅថ្ងៃដែល ភ្នំពេញ ប៉ុស្តិ៍ បានទៅដល់តំបន់ជម្រកសត្វស្លាបនោះ ក៏បានជួប លោក សួន រី ជាគ្រូបង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ ដែលបានទៅទស្សនាសត្វស្លាបនៅទីនោះដែរ បានថ្លែងថា គ្រប់គ្នាធ្លាប់ដឹងថា តំបន់សត្វស្លាបមានតែនៅតាមបណ្តាខេត្តមួយចំនួនប៉ុណ្ណោះ តែមិននឹកស្មានថា មានជម្រកសត្វស្លាបដែលគួរឱ្យទាក់ទាញនៅក្នុងរាជធានីភ្នំពេញដូច្នេះសោះ។
លោក រី ថ្លែងថា៖ «ខ្ញុំចូលចិត្តជិះកង់ដើរកម្សាន្តនៅតាមតំបន់ទេសភាព ហើយខ្ញុំនឹងដឹកនាំក្រុមរបស់ខ្ញុំមកមើលទេសភាពសត្វស្លាបនេះ ព្រោះនៅរៀងរាល់ចុងសប្តាហ៍ក្រុមជិះកង់របស់ខ្ញុំតែងតែជិះរកតំបន់ទេសចរណ៍តំបន់ដែលមានព្រៃមានសត្វស្លាបបក្សាបក្សី ដើម្បីកម្សាន្ត ហើយសម្រាប់ខ្ញុំផ្ទាល់គឺស្រឡាញ់សត្វធម្មជាតិខ្លាំងណាស់»។
លោក សួន រី បានថ្លែងដោយលើកជាទស្សនៈថា សត្វស្លាបទាំងនេះបានបង្កើតជាទេសភាពធម្មជាតិប្លែកអារម្មណ៍សម្រាប់អ្នកទស្សនា ដូច្នេះប្រជាពលរដ្ឋពិសេសអ្នកដែលចូលចិត្តបរបាញ់សត្វគួរតែបញ្ឈប់ហើយរួមគ្នាថែរក្សាអភិរក្សវាឡើងវិញកុំបរបាញ់សម្លាប់វា និងកុំដាក់អន្ទាក់វា។
លោក រី ថ្លែងថា៖ «នៅទីកន្លែងនេះនឹងអាចក្លាយជាតំបន់ទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវទេសចទាំងក្រៅនិងក្នុងប្រទេសឱ្យមកស្គាល់តំបន់នេះកាន់តែច្រើនថែមទៀត។ ក្រោយពីខ្ញុំបានឃើញសត្វស្លាបសម្បូរបែបយ៉ាងនេះពេលត្រឡប់ទៅវិញខ្ញុំនឹងជួយផ្សព្វផ្សាយទៅតាមរយៈបណ្តាញសង្គមហ្វេសប៊ុកឬក៏មិត្តភកិ្តទាំងក្នុងនិងក្រៅប្រទេសឱ្យមកទស្សនាកន្លែងនេះ»។
លោក ម៉េត ប៊ុនធឿន មន្ត្រីសង្កាត់គងនយ និងជាអ្នកមើលថែសត្វស្លាបប្រចាំនៅតំបន់ភូមិវាលថ្លាន់ បានរៀបរាប់ថា សត្វស្លាបដែលកំពុងរស់នៅតំបន់នោះមាន ក្អែកទឹក កុកក្រសា និងសត្វខ្វែក ដែលកាលពី ៥ ឬ ៦ ឆ្នាំមុនសត្វស្លាបដែលរស់នៅតំបន់នោះមានចំនួនប្រហែលតែ ២ ទៅ ៣ ពាន់ក្បាលប៉ុណ្ណោះ តែពេលបច្ចុប្បន្នកើនឡើងប្រហែលជា ១ ម៉ឺនក្បាលហើយ។
លោកបញ្ជាក់ថា ចំពោះដីនៅតំបន់ដែលសត្វកំពុងរស់នៅនោះជាដីទួលមានម៉ុងកប់ខ្មោច ២ ទៅ ៣ កន្លែង ហើយនៅអមសងខាងព័ទ្ធជុំវិញទួលគឺជាដីស្រែ តែក្រោយៗមកគេបូមយកខ្សាច់ក៏ក្លាយជាថ្លុកត្រពាំង និងមានព្រៃឫស្សី និងដើមឈើទំហំប៉ុនកជើងមនុស្សចាស់ខ្ពស់ទាបដុះលើដីទួលនោះទើបសត្វយកធ្វើជាជម្រកទៅ ហើយទំហំបរិវេណដីដែលសត្វស្លាបកំពុងរស់នៅអាចមានប្រមាណ ៣ អា ក្នុងទំហំដីប្រហែល ៤ ហិកតា។ ហ្វូងសត្វស្លាបដែលនាំគ្នាមករស់នៅច្រើនបែបនេះដោយសារតែទីនោះសម្បូរទឹកនិងមានព្រៃច្រើន ហើយតំបន់សត្វស្លាបនេះក៏ត្រូវបានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងខាងបរិស្ថានខណ្ឌដង្កោចុះទៅពិនិត្យមើលដែរ។
លោក ប៊ុនធឿន ថ្លែងថា៖ «ខ្ញុំគិតថាពួកវាចូលចិត្តរស់នៅទីនេះដោយសារមានទឹកព័ទ្ធជុំវិញដីទួល ហើយពេលខ្លះពួកវាចុះចាប់ត្រីក្នុងទឹក តែបន្តិចទៀតប្រហែលកំប្លោកដុះពេញពួកវាមិនអាចនឹងចាប់ត្រីបានទៀតទេ ពិសេសក្អែកទឹក»។
លោក ប៊ុនធឿន ថ្លែងថា បើតាមការសង្កេតមើលជាទូទៅសត្វខ្វែកដល់ពេលល្ងាចវាចេញទៅរកចាប់ត្រីស៊ីនិងមកវិញពាំត្រីមកបញ្ចុកកូនវា ហើយវាពងតែ ២ ទេ។ រីឯសត្វក្អែកទឹកវិញវាចេញរកចំណីពេលព្រឹកនិងចូលជម្រកវិញពេលល្ងាចវានាំគ្នារស់នៅជាក្រុមៗ។ បើតាមការប៉ាន់ស្មានក្នុងដើមឈើ ១ ដើមៗមានសត្វស្លាបចន្លោះពី ៥០ ទៅ ១០០ ក្បាល ហើយក៏គ្មាននរណាហ៊ានចូលទៅបាញ់សម្លាប់ដែរ ព្រោះអ្នកភូមិនៅក្បែរនោះជួយការពារមិនឱ្យមនុស្សប្លែកមុខចូលបានឡើយ។
លោក អ៊ុន សារុំ ចៅសង្កាត់គងនយ ថ្លែងថា នៅដែនដីភូមិវាលថ្លាន់ សង្កាត់គងនយ ក្នុងខណ្ឌដង្កោ មានសត្វស្លាបចម្រុះរាប់ពាន់ក្បាលកំពុងរស់នៅធ្វើសម្បុកពងកូនយ៉ាងកកកុញ តំបន់នោះមានព្រៃរបោះនិងមានទឹកថ្លុកត្រពាំងនិងមានដើមឈើខ្ពស់ទាបដុះស៊ុបទ្រុបដែលអាចអំណោយផលដល់សត្វស្លាបទាំងនោះយកធ្វើជាទីជម្រកយ៉ាងសុខសាន្តរបស់ពួកវា។ តំបន់ដែលសត្វស្លាបទាំងនោះរស់នៅស្ថិតក្នុងដែនដីរដ្ឋបាលសង្កាត់គងនយ តែមានម្ចាស់កម្មសិទ្ធិរបស់គេអស់ហើយ។
លោក ថ្លែងថា៖ «បើតាមខ្ញុំដឹងគឺម្ចាស់ដីម្នាក់នៅស្រុកបារាំង និងម្នាក់ទៀតនៅស្រុកខ្មែរ ហើយសត្វស្លាបមករស់នៅតាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ»។
លោកថ្លែងថា៖ «យើងខិតខំអភិរក្សខ្លាំងណាស់ខ្ញុំឱ្យប៉ូលិសប៉ុស្តិ៍ជួយសហការចាត់កម្លាំងយាមកាមការពារតំបន់សត្វស្លាបនោះ។ រីឯខាងសង្កាត់ក៏ខ្ញុំចាត់កម្លាំងបរិស្ថានសង្កាត់ ២ នាក់ដែរឱ្យគាត់ទៅឃ្លាំមើលជាប្រចាំទៅមកៗហ្នឹង»។
លោក ហ៊ាង ញ៉ អនុប្រធានការិយាល័យទទួលការងារបរិស្ថាន ខណ្ឌដង្កោបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សត្វស្លាបដែលកំពុងរស់នៅទីនោះមាន ៤ ប្រភេទ គឺសត្វកុក ខ្វែក ក្រសា និងសត្វក្អែកទឹក ជាទូទៅនៅពេលល្ងាចគេឃើញវាហើរចូលជម្រកទុំលើមែកឈើអាចចំនួនម៉ឺនក្បាល ចំពោះដីនៅតំបន់ដែលសត្វស្លាបកំពុងរស់នៅនោះក៏ជាដីមានប្លង់រឹងមានម្ចាស់កម្មសិទ្ធិហើយដែរទំហំប្រហែលជា ៤ ហិកតា។
លោក ហ៊ាង ញ៉ ថ្លែងថា៖ «កាលពីពេលកន្លងមក ខ្ញុំ និងលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានចុះទៅតំបន់សត្វស្លាបនោះដែរ ដើម្បីពិនិត្យមើលស្ថានភាពសត្វស្លាប ហើយពាក់ព័ន្ធនឹងការអភិរក្សយ៉ាងណានោះជាការសម្រេចរបស់ក្រសួងបរិស្ថាន។
លោក ញ៉ ថ្លែងថា៖ «លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញគាត់ចុះមកមើលដែរហើយ លោកថា រាយការណ៍ទៅខាងក្រសួងបរិស្ថាន ដូច្នេះថា តើទុកជាតំបន់អភិរក្សយ៉ាងណានោះ ខាងក្រសួងបរិស្ថានជាអ្នកសម្រេចទេ។ខាងមន្ទីរបរិស្ថានក៏គ្មានសិទ្ធិដែរខ្ញុំឮគាត់និយាយអ៊ីចឹង»។
លោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថានបានសរសេរសារបញ្ជាក់តាមតេឡេក្រាមយ៉ាងខ្លីថា ករណីនេះខាងក្រសួងបរិស្ថានរង់ចាំជួបប្រមូលព័ត៌មាន និងពិភាក្សាជាមួយម្ចាស់ កម្មសិទិ្ធ ជាមុនសិន។
លោក ចេន សុផល ប្រធានគម្រោងសមាគមមគ្គុទេសក៍សត្វស្លាបកម្ពុជា (ស.ម.ស.ក) ឬ Cambodia Bird Guide Association CBGA ដែលមានការិយាល័យនៅខេត្តសៀមរាប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ ថា ចំពោះសត្វស្លាបដូចជាសត្វកុក សត្វក្រសា ក្អែកទឹក និងសត្វខ្វែក ជាពពួកសត្វស្លាបសាមញ្ញធម្មតាទេ។ ដោយឡែកនៅភូមិវាលថ្លាន់សង្កាត់គងនយ អាចថា វាទាក់ទងនឹងការផ្លាស់ប្តូរជម្រករបស់វា ហើយបានទៅរស់នៅតំបន់នោះហើយប្រហែលជាពីមុនមកគេមិនដែលឃើញវារស់នៅនិងអាចគិតថា ជាសត្វកម្រទៅ។
លោកថ្លែងថា តាមពិតប្រភេទសត្វទាំងនេះគេបានប្រទះឃើញច្រើននៅតំបន់ជុំវិញបឹងទន្លេសាបនិងតាមដងទន្លេមេគង្គគឺសម្បូរ។ ប៉ុន្តែវាជារឿងមួយល្អដែលចំនួនសត្វស្លាបកើនឡើងនៅទីនោះតែពេលខ្លះអាចជាហេតុផលណាមួយផ្សេងទៀតដែលធ្វើឱ្យវាផ្លាស់ប្តូរជម្រកទៅរស់នៅតំបន់នោះ វាអាចថា មកពីកត្តាប្រែប្រួលអាកាសធាតុឬក៏វាបាត់បង់ជម្រកដើម៕