បាត់​ដំបងៈ​ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំប​ង បាន​ចុះ​ពិនិត្យ​ និង​សិក្សា​អំពី​សក្តា​នុពល​គោល​ដៅ​ទេស​ចរណ៍​ចំនួន ​៥ ​ទីតាំង​ ដើម្បី​រៀប​ចំ​ធ្វើ​ផែន​ការ​អភិវឌ្ឍ​ន៍ទេស​ចរណ៍​ ខណៈ​​អ្នក​ជំនាញ​ទេស​ចរ​ថា ​ការ​អភិវឌ្ឍ​គោល​ដៅ​ទេស​ចរណ៍​ទាំង​នោះ​នឹង​ធ្វើ​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ត​រជាតិ​មក​ទស្សនា​ខេត្ត​នេះកាន់​តែ​ច្រើន​។​

​លោក ​អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំបង​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១១​ ខែមករា​ថា ​ ​ថ្មីៗ​នេះ​លោក​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ និង​សិក្សា​សក្តានុ​ពល​ទេសច​រណ៍​ និង​ប្រមូល​ទិន្នន័​យ​សំខាន់ៗ ​នៅ​តាម​រមណីយ​ដ្ឋាន​ និង​គោល​ដៅ​ទេសច​រណ៍​ចំនួន​ ៥ ​ទី​តាំង​ដើម្បី​រៀបចំ​គម្រោង​អភិ​វឌ្ឍន៍​គោល​ដៅ​ទេសច​រណ៍​ក្នុង​ក្រុង​ស្រុក​ទាំង​នោះ​។ 

លោក​បាន​បន្ត​ថា ​រមណីយ​ដ្ឋាន​និង​គោល​ដៅ​ទេស​ចរណ៍​ទាំង​៥​ទីតាំង​នោះ​រួម​មាន​ ​ ល្អាង​កង្កែប ​ស្ថិត​នៅ​ស្រុក​បាណន់ ​, ល្អាង​ទាក់​ទ្រាំង​ ស្ថិត​នៅ​ស្រុក​រតន​មណ្ឌល ,​រមណីយ​ដ្ឋានទឹក​ពុះ ​ស្ថិត​នៅ​ស្រុក​កំរៀង​, រមណីយ​ដ្ឋាន​ ល្អាង​ ១០​០ ភ្នំ​ ប្រាំ​ពីរ ​ស្ថិត​នៅ​ស្រុក​ភ្នំព្រឹក ​និង​ទឹក​ធ្លាក់​ព្រំ​ដែន​កម្ពុជា​-​ថៃ ស្ថិត​នៅ​ស្រុក​សំពៅ​លូន​។​


​លោក​បញ្ជាក់​ថា​៖«​ក្រោយ​ពី​សិក្សា​ហើយ ​ក្រុម​ការងារ​នឹង​បន្ត​រៀបចំ​ជា​ផែន​ការ​អភិវឌ្ឍន៍​គោល​ដៅ​ទាំង​នោះ ដើម្បី​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ក្នុង​ការ​ជំរុញ​ភាព​ទាក់​ទាញ​បន្ថែម​នៅ​ទីនោះ​»​។​

​លោក​បាន​បន្ថែម​ថា ចំពោះ​លទ្ធ​ផល​សម្រេច​យ៉ាង​ណា​អាស្រ័យ​លើ​ការ​រៀបចំ​ជា​ផែនការ​អភិ​វឌ្ឍ​ន៍​គោល​ដៅ​ទេស​ចរណ៍​នៅ​ក្នុង​តំបន់​ទាំង​នោះ ​ហើយត្រូវ​ជួប​ប្រជុំ​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​សិន​។ ដូច្នេះ​ឥឡូវ​នេះ​ខាង​មន្ទីរ​គ្រាន់​តែ​បាន​ចុះ​ពិនិត្យ​និង​សិក្សា​អំពី​សក្ដានុ​ពល​គោល​ដៅ​ទេស​ចរណ៍​ទាំង​នោះ​ដើម្បី​ធ្វើ​របាយ​ការណ៍​ត្រៀម​ពិភាក្សា​ជា​មួយ​ក្រសួង​។​


​ដោយ​ឡែក ​លោក ហូ វណ្ឌី​ ទី​ប្រឹក្សា​សមា​គម​ទេស​ចរណ៍​កម្ពុជា​បាន​ឱ្យ​ដឹង​ដែរ​ថា ​ខេត្ត​បាត់​ដំបងគឺជា​តំបន់​ប្រវត្តិ​សាស្ត្រ​មួយ ​ខណៈ​ខេត្ត​នេះ​មាន​ទាំង​សំណង់​អគារ​នៅសល់​កាល​ពី​សម័យ​អាណា​និគម​បារាំង ​និង​រម​ណីយ​ដ្ឋាន​មួយ​ចំនួន​ ត្រូវ​បាន​ប​ញ្ចូល​ទៅ​ជា​តំបន់​បេតិក​ភណ្ឌ​វប្បធម៌​ប្រវត្តិ​សាស្ត្រ​។ 

លោកបាន​​បន្ត​ថា ជា​មួយ​នឹង​ការ​អភិវឌ្ឍ​គោលដៅ​​ទេស​ចរណ៍​ក្នុង​រមណីយ​ដ្ឋាន​ទាំង​អស់​នេះ​បន្ថែម​ទៀត ​គឺ​វា​បង្កើន​ឱ្យ​មាន​កន្លែង​កម្សាន្ត​ដ៏​សម្បូរ​បែប​ ហើយ​នឹង​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចង​ចាំ​នូវ​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ ​ក៏ដូ​ចជា​ក្រុង​បាត់​ដំបង​ និង​ទឹកដី​ខេត្ត​បាត់​ដំបង​ទាំង​មូល​។ ក្រៅពី​នេះ​ក៏​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​បន្ថែម​ទៀត​ ដើម្បី​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​ផង​ដែរ​។​

​លោក​បាន​ថ្លែង​ថា​៖«​នៅ​ពេល​មាន​ការ​អភិវឌ្ឍ​គោលដៅ​ទេស​ចរណ៍​ក្នុង​ក្រុង​ស្រុក​ទាំង៥​ទីតាំង​នេះ​ ប្រាកដ​ណាស់​ច្បាស់​ជា​បាន​ចូល​រួម​ចំណែក​ជួយ​ទៅ​ដល់​សេដ្ឋ​កិច្ច​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ទាំង​អស់​ហ្នឹងតាម​រយៈ​ការ​លក់​ផលិត​ផល​របស់​ពួក​គាត់​ និង​ការ​ផ្ដល់​សេវា​កម្ម​ណា​មួយ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ដែល​គាត់​មក​ទស្សនា​»​។

​អ្នក​ជំនាញ​ទេស​ចរណ៍​រូប​នេះបាន​បន្ថែម​ថា ​ជា​ពិសេស​វា​ក៏​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ការធ្វើ​ចំណាក​ស្រុក​របស់​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​នោះ​ ហើយ​មួយ​វិញ​ទៀត​រមណីយ​ដ្ឋាន​ដែល​ជា​គោល​ដៅ​ក្នុង​ការ​អភិវ​ឌ្ឍ​ទេស​ចរណ៍​ទាំង​នោះ ​នឹង​ក្លាយ​ទៅ​ជា​តំបន់​ដែល​មាន​ការ​អភិ​រក្ស​៕