​ភ្នំពេញៈ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​​ជាមួយ​លោ​កនា​យក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​១​៥​ ខែមករា​ ឆ្នាំ​២០២៤ ​ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​ផ្លូវកា​រ នាទី​ក្រុង​ប៉ារី​ស ប្រទេស​បារាំង​តំណាង​ក្រុម​ហ៊ុន ACCOR ​Group​លោក​ស្រី​Maud BAILLY បាន​បង្ហាញ​សុទិដ្ឋិ​និយម​ថា​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា ​ឆ្នាំ​២០២៤​នេះ ​នឹង​រីក​ចម្រើន ​និង​មាន​ភាព​ល្អ​ប្រសើរ​។​


​ក្នុង​ឱកា​ស​នោះ លោ​កស្រី Maud BAIL​LY នាយក​ប្រតិ​បត្តិ S​ofitel, MGallery​និង​Emblems​ តំណាង​ឱ្យ​ក្រុម​ហ៊ុន​ ACCOR Group បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​អាជី​វកម្ម​របស់​ក្រុម​ហ៊ុន ​ACCOR​ Group នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ស្ថាន​ភាព ​និង​ដំណើរ​វិវឌ្ឍន៍​ល្អ​ប្រសើរ​។​

​តាមរ​យៈ​ខ្លឹម​សារ​ ជំនួប​នេះ​ លោក​ស្រី​បាន​បង្ហាញ​សុទិដ្ឋិ​និយម​ថា៖ «​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​ឆ្នាំ​២០២៤​នេះ ​នឹង​រីក​ចម្រើន និង​មាន​ភាព​ល្អ​ប្រសើរ​»​។ 


​ក្រុម​ហ៊ុន ​ ACCOR Group បាន​និង​កំពុង​វិនិ​យោគ​ក្នុង​វិស័យ​សណ្ឋា​គារ​ បែប​ទំនើប​ និង​មធ្យម​ និង​បែប​ Bou​tiqu​e Hotel ផ្សេងៗ​ទៀត ​ដែល​ជា​ការ​លើក​ស្ទួយ​រូប​ភាព ​និង​កិត្យានុ​ភាព​នៃ​ប្រទេស​កម្ពុជា​។
 
​លោក​ស្រី​បាន​លើក​ឡើង​ថា៖ «​តាម​រយៈ​សណ្ឋា​គារ​សូ​ហ្វី​តែ​ល ដែល​មាន​ប្រតិ​បត្តិការ​អាជីវ​កម្ម​នៅ​ជុំវិញ​ពិភព​លោក ​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​នូវ​វប្បធម៌ ​និង​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ ដើម្បី​ជំរុញ​ឱ្យ​អ្នក​ទេសចរ មក​ទស្ស​នា​ខេត្ត​សៀម​រាប​ នៅ​ឆ្នាំ​២០២៤ ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​»​។
 
​នា​ឱកាស​នោះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់​ដែរ​ថា ​រាជរ​ដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេ​ញ​កម្មវិធី​ពិសេស ​«​ទស្ស​នា​សៀម​រាប​ឆ្នាំ​២០២៤» ដែល​នឹង​ជួយ​លើក​ស្ទួយ​វិស័យ​ទេស​ចរណ៍​ឱ្យមាន​សម្ទុះ​ឡើងវិ​ញ និង​វិ​វឌ្ឍ​ទៅរក​ស្ថាន​ភាព​មុន​វិបត្តិ​កូ​វីដ​១៩ ​និង​បាន​បង្កើត​ការ​ងារ​ដល់​ប្រជា​ពលរដ្ឋ និង​ជា​ការ​ចូ​លរួម​ចំណែក​
ដល់​កំណើន​សេដ្ឋ​កិច្ច​ជាតិ​។ 

​ជា​មួយ​គ្នានេះ​ លោក​ ហ៊ុន ម៉ា​ណែ​ត​ បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ហ៊ុន​ ACCOR Grou​p ឱ្យ​ ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៅ​លើ​វិស័យ​សណ្ឋា​គារ ​និង​វិស័យ​ផ្សេងៗ​ទៀត ​ក្នុង​ពេល​ដែល​ស្ថាន​ភាព​នៃ​វិស័យ​ទេស​ចរណ៍​បន្ត​ងើប​ឡើង​វិញ​។​


​ដោយ​ឡែក​កា​លពី​ថ្ងៃទី​១៤ ​ខែមករា​ លោក​ ហ៊ុន ម៉ា​នី គណៈ​អចិ​ន្ត្រៃ​យ៍ ​នៃគ​ណៈ​កម្មា​ធិ​កា​រ​ក​ណ្តា​ល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​រដ្ឋម​ន្ត្រីក្រ​សួង​មុខងា​រ​សាធា​រណៈ​​បា​ន​ចូលរួម​ជា​សក្ខី​ភាព​នៃ​ពិធី​ចុះ​អនុស្សរ​ណៈ​នៃ​កា​រយោគ​យល់​គ្នា​លើ «​គម្រោង​ការ​បកប្រែ និង​បោះ​ពុម្ព​ផ្សាយ​ស្នា​ដៃ​សៀវភៅ​​ខ្មែរ​-​ចិន​» នៅ​ខេត្ត​សៀម​រាប​។

​នៅ​ថ្ងៃ​ដដែល​នោះ ដែរ​​លោក ​ហ៊ុន ម៉ា​នី បាន​ជួបពិ​ភាក្សា​ការ​ងារ​ជាមួ​យ​លោក​លី ស៊ូ​ឡី សមា​ជិក​ការិ​យាល័​យ​នយោ​បាយលេ​ខា​នៃ​លេខា​ធិកា​រដ្ឋាន​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោស​នាការ​នៃ​គណៈ​ក​ម្មាធិការ​ម​ជ្ឈិម​បក្ស​កុម្មុយ​នីស្ត​ចិន​ផង​ដែរ​។​

​ក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ​ហ៊ុន ម៉ា​នី​ បាន​ស្វាគ​មន៍​វ​ត្តមាន​របស់​ប្រតិភូ​ជាន់ខ្ព​ស់​របស់​ចិន​មក​កាន់​ទឹកដី​អង្គរ និង​ចូល​រួម​ពិធី​បើក «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជា​ជន​ និង​ប្រ​ជាជន​ ឆ្នាំ​២០២៤» ដ៏​មាន​អត្ថ​ន័យ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​រាត្រី​ថ្ងៃទី​១៣ ខែ​មករា​។ នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់លោ​កហ៊ុ​ន ម៉ា​នី​ លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​។

​លោក​បាន​បញ្ជាក់​ថា៖ «​ជំហរ​របស់​គណប​ក្ស​ប្រជា​ជន​កម្ពុជា ​ដោយ​មាន​សម្តេច​តេ​ជោ ​ហ៊ុន ​សែន ជា​ប្រធាន​បក្ស​ និង​ការ​បន្ត​កិ​ច្ចស​ហប្រតិ​បត្តិការ​រ​បស់​រាជ​រដ្ឋាភិ​បាល ជា​មួយ​ភាគី​ចិន​ ដែល​ទំនាក់ទំ​នង​នេះ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្បូង​ពេជ្រ​»​។
 
​លោក​ ហ៊ុន ម៉ា​នី បាន​បន្ត​ថា ៖ «​តាម​រយៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ ​ប្រទេស​ទាំង​២ទ​ទួល​បាន​ផល​ប្រ​យោជន៍​រៀងៗ​ខ្លួន​សម្រាប់​ជាតិ​និង​ប្រជា​ជន​និង​បាន​ពង្រឹង​មិត្ត​ភាព​កាន់តែ​ស្អិត​ល្មួត​លើ​គ្រប់​វិស័យ ​ជាពិសេស​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ ​វប្ប​ធម៌ ទេស​ចរណ៍​ អប់រំ​ និង​កីឡា និង​វិស័យ​ផ្សេង​ទៀត​ ដែល​ជា​ការ​ចូល​រួម​ចំណែក​ពង្រីក​វិសាល​ភាព​នៃ​កំណើន​សេដ្ឋ​កិច្ច​ជា​បន្ត​បន្ទាប់​»​។​

​សូម​បញ្ជាក់​ដែរ​ថា «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជា​ជន​និង​ប្រជា​ជន​ កម្ពុជា​-​ចិន​ ២០២៤»​ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ នា​យប់​ថ្ងៃទី​១៣ ​ខែម​ករា នា​ខេត្ត​សៀម​រាប​ ក្រោម​អធិ​បតី​ភាព​លោក ​ទៀ បា​ញ់ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ និង​លោក​លី ស៊ូ​ឡី ស​មាជិ​ក​ការិ​យា​ល័យ​នយោបា​យនិ​ង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោស​នាការ​នៃ​គណៈ​កម្មាធិ​ការ​មជ្ឈិ​ម​បក្ស​កុម្មុយ​នីស្ដ​ចិន​៕