ភ្នំពេញៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សាងសង់​ស្ពាន​ផ្លូវ​កង់​ស្របតាម​ស្ពាន​ប្រាសាទតាកែវ​ប្រវែង​សរុប​ជាង ២៣ ​គីឡូម៉ែត្រ ​ដែលជា​ផលិតផល​ថ្មី ដើម្បី​សម្រួល​ដល់​ការ​ជិះ​កង់ របស់​ភ្ញៀវទេសចរ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​ងាយស្រួល ជាពិសេស ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​ចំណាយពេល​ក្នុងការ​ស្នាក់នៅ និង​កម្សាន្ត​នៅ​ខេត្តសៀមរាប​បានយូរ​។​

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ​ ២០២៤ ​ថា ការសាងសង់​ស្ពាន​សម្រាប់​ផ្លូវ​កង់​នេះ​ជា​ផែនការអភិវឌ្ឍន៍​រប​ស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា ក្នុង​គោលបំណង ជំរុញ​វិស័យ​ទេសចរណ៍ ដោយ​អនុញ្ញាត​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ ជិះ​កង់​កម្សាន្ត​មើល​ប្រសាទ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ផ្លូវ ខណៈ​បច្ចុប្បន្នេះ ការ​ជិះ​កង់​គឺជា​ជំនោរ​មួយ​របស់​ភ្ញៀវទេសចរ ព្រោះ​បាន​ទាំង​សុខភាព​ផង និង​កម្សាន្ត​ផង​។​

លោក ឡុង កុសល បាន​ថ្លែងថា​៖«​ការសាងសង់​ផ្លូវ​កង់​នេះ មិន​ធ្វើឱ្យប៉ះពាល់​ដល់​សំណង់​ប្រាសាទ​ទេ ប៉ុន្តែ​វា​ជា​មធ្យោ បាយ​ថ្មី​មួយទៀត ធ្វើយ៉ាងណា​ពន្យារពេល​ឱ្យ​គាត់ (​ភ្ញៀវទេសចរ​)​ស្នាក់នៅ​បានយូរ​។ បើ​គាត់​ចូល​តែ​មើល​ប្រាសាទ មើល​រួច​ត្រឡប់​ទៅវិញ​ប៉ុន្តែ​បើ​យើង​មាន​វិធីសាស្ត្រ​ឱ្យមាន​ការធ្វើដំណើរ​តាម​កង់ អាច​ពន្យារពេល​ការ​ស្នាក់នៅ​របស់គាត់​បា​ន​ច្រើន ជាពិសេស​ផ្តល់​បទពិសោធន៍​នៃ​ការ​ទស្សនា​ឱ្យបាន​ច្រើន​ដែរ​»​។​


លោក សុខ សូ​សិលា អនុប្រធាននាយកដ្ឋាន​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១៦ ខែមករា បាន​លើកឡើងថា អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្តើម​សង់​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ឆ្នាំ​២០២០ ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ​ដែល​និយម​ជិះ​កង់​កម្សាន្ត​។ ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​ប្រវែង​សរុប​ជាង ២៣​គីឡូម៉ែត្រ​ហើយ​ក្នុងនោះ​ក៏មាន​ឆ្លងស្ទឹង​ចំនួន​៤​ទីតាំង​ផងដែរ​។​

ស្ពាន​ផ្លូវ​កង់​ប្រាសាទតាកែវ គឺជា​ទីតាំង​១​ក្នុងចំណោម​៤​ទីតាំង ដែល​អាជ្ញាធរ​ជាតិ​អប្សរា សាងសង់​សម្រួល​ដល់​អ្នកជិះ​កង់ ដោយ​ចង់​បែងចែក​ឱ្យដាច់​រវាងផ្លូវ​ឬ​ស្ពាន​ធ្វើដំណើរ​ទូទៅ និង​ផ្លូវ​កង់​។ ស្ពាន​នេះ​មាន​ទទឹង​២,៥​ម៉ែត្រ និង​បណ្ដោយ​៦៥​ម៉ែត្រ​។ ចំណែក​ស្ពាន​កង់​៣​ទីតាំង​ទៀត រួមមាន ស្ពាន​អង្គរ ស្ពាន​ក្រាំងក្រូច និង​ស្ពាន​នាគព័ន្ធ​។ ក្រៅពីនេះ ក៏មាន​ស្ពាន​ខ្នាតតូច​ឆ្លងកាត់​២​ទីតាំង​ទៀត ដូចជា​ក​សិន្ធុ​យ​សោធរ និង​អតីត​ទ្វារ​ទឹក​នាគព័ន្ធ​។​


បើតាម​លោក សុខ សូ​សិលា គោលបំណង​សំខាន់​នៃ​ការបង្កើត​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​ការចង់​បែងចែក​ឱ្យដាច់​ពីគ្នា​រវាង​ផ្លូវ ចរាចរណ៍​ធម្មតា និង​ផ្លូវ​កង់ ដើម្បី​លើកកម្ពស់​កីឡា​ជិះ​កង់ ការកាត់បន្ថយ​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​រវាង​អ្នកជិះ​យានយន្ត និង​អ្នកជិះ​កង់ ពិសេស​កាត់បន្ថយ​ផ្សែង​យានយន្ត​ដែល​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​។​

ចំពោះ​រចនាប័ទ្ម​នៃ​ការសង់​ស្ពាន​កង់​នេះ លោក សុខ សូ​សិលា បញ្ជាក់ថា បានជ្រើសរើស​ការរៀប​ចំ​បែប​សាមញ្ញ​ស្រដៀង​នឹង​ធម្មជាតិ​ជុំវិញ ដោយ​មិនបង្កើត​អ្វីដែល​ថ្មី​លេចធ្លោ​ពេក​ទេ គឺ​ស្របតាម​គោល​គំនិត​របស់​ថ្នាក់ដឹកនាំ​ថា ការអភិរក្ស​ដើរ​ស្រប​នឹង​ការអភិវឌ្ឍ​។​

ជាមួយគ្នានេះ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​សំណូមពរ​ឱ្យ​ភ្ញៀវទេសចរ ចូលរួម​លើកតម្កើង​ការ​ជិះ​កង់ ឱ្យបាន​កាន់តែច្រើន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​បំណង​ដើម្បី​សុខភាព ប្ដូរ​បរិយាកាស​ថ្មី ព្រោះថា​ការ​ជិះ​កង់​ធ្វើឱ្យ​យើង​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​ទស្សនា ឬ​សិក្សា​ពី​ធម្មជាតិ​នៅ​ជុំវិញ ពិសេស​លុបបំបាត់​ផ្សែង​ពុល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការអភិរក្ស​ប្រាសាទ​៕