ភ្នំពេញៈ ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៤ បានចេញ​សេចក្តីណែនាំ​សាជាថ្មី​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដោយ​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន ពាក់​អត្តលេខ និង​ពាក់​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ ​ឱ្យបាន​ត្រឹមត្រូវ ក្នុងពេល​បំពេញភារកិច្ច ដើម្បី​ចូលរួម​ពង្រឹងគុណភាព​សេវាកម្ម​ប្រកបដោយ​ភាព​ទុកចិត្ត និង​កក់ក្ដៅ​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ ក្រោយពី​វិស័យ​ទេសចរណ៍​កម្ពុជា​បាននិងកំពុង​ស្ថិតក្នុង​ដំណាក់កាល​ងើបឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​


​សេចក្ដីណែនាំ​បញ្ជាក់ថា​៖ «​ត្រូវ​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដោយ​មិន​ដើរតួនាទី​ជា​ការី​ទេសចរណ៍ ឬ​ភ្នាក់ងារទេសចរណ៍ និង​ត្រូវការពារ​ប្រយោជន៍​ជាតិ​និង​ប្រយោជន៍​ទេសចរ និង​ចូលរួមចំណែក​នៅក្នុង​កា​រ​ថែរក្សា​និង​គ្រប់គ្រង​ធនធានធម្មជាតិ លម្អ​បៃតង ការពារ​និង​អភិរក្ស​មរតក​វប្បធម៌ ការពារ​សម្បត្តិ​វប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​រាល់​សកម្មភាព​ទេសចរណ៍​របស់ខ្លួន​»​។​

ប្រភព​ដដែល​នេះ​បានឱ្យដឹងថា មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត​ត្រូវ​ផ្ដល់​ដល់​អ្នកទេសចរ​នូវ​ព័ត៌មាន​ពិត ច្បាស់លាស់ និង​ទទួលខុសត្រូវ​ ដើម្បី​ថែទាំ​ទ្រព្យសម្បត្តិ ការពារ​សន្តិសុខ និង​សុវត្ថិភាព​ដល់​ទេសចរ​ក្នុងពេលដែល​ទេសចរ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន ហើយ​ត្រូវ​ប្តឹង ឬ​រាយការណ៍​ជាបន្ទាន់​ទៅ​នគរបាល​ទេសចរណ៍ អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​សមត្ថកិច្ច ទេសចរណ៍​​ ដែល​នៅ​ជិត​បំផុត ក្នុងករណី​ដឹង​ឬ​មានការ​សង្ស័យថា​មានការ​ប្រព្រឹត្ត​បទល្មើស ការជួញដូរ វត្ថុ​បុរាណ និង​បទល្មើស​បេតិកភណ្ឌ ការជួញដូរ​កុមារ ការធ្វើ​អាជីវកម្ម​ផ្លូវភេទ ការផ្សព្វផ្សាយ​រូបភាព និង​សម្ភារ​អាសអាភាស ឬ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត​មិនត្រូវ​ទាមទារ​រក​កម្រៃ ឬ​ផលប្រយោជន៍​ពី​អ្នកលក់ ឬ​ពី​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​ផ្សេងៗ និង​មិន​ត្រូវធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​គោលនយោបាយ​ជាតិ​លើ​វិស័យ​ទេសចរណ៍​។​


សេចក្ដីណែនាំ​នេះ​បានឱ្យដឹងថា​៖ «​ការប្រតិបត្តិ​ទាំងឡាយណា ដែល​ខុសឆ្គង​តាម​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ អាច​នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ការព្រមាន ការពិន័យ​អន្តរការណ៍​ជា​ប្រាក់ ឬ​ករណី​ធ្ងន់ធ្ងរ អាច​ឈានដល់​ការព្យួរ​ជា​បណ្តោះអាសន្ន ឬ​ដកហូត​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​បណ្ណ​អនុញ្ញាត​អ្នកបកប្រែ​ភាសា​បន្ត​»​។​

លោក ខៀវ ធី ប្រធាន​សមគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែមករា​ថា សេចក្តីណែនាំ​របស់​ក្រសួងទេសចរណ៍​មិនមាន​អ្វី​ថ្មី​នោះទេ ព្រោះ​កន្លងមក​ក្រសួង​ក៏​ធ្លាប់​បានចេញ​ជា​ច្បាប់ និង​ការណែនាំ​បែបនេះ រួចហើយ​ដែរ​។ ការដែល​ក្រសួងទេសចរណ៍​ចេញ​សេចក្តីណែនាំ​នេះ ដើម្បី​ជាការ​ក្រើនរំលឹក​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​។​


លោក ខៀវ ធី បាន​ថ្លែងថា ៖ «​ខ្ញុំ​មើលឃើញថា មគ្គុទ្ទេសក៍​ទេសចរណ៍​របស់​យើង គឺ​គាត់​គោរព​ជំនាញ​របស់គាត់​។ ជាទូទៅ​នៅពេលដែល​ចប់​មួយក្រុម តែងតែ​ទទួលបាន Feedback ពី​ភ្ញៀវ​វិញ ហើយ​នៅពេលដែល​យើង​ទទួលបាន​គឺ Excellent Feedback ទាំងអស់ ហើយ​បើ​ភាពអវិជ្ជមាន គឺ​ប្រមាណ​ជា​ ១% ហើយ​ពេលខ្លះ​ស្ទើរតែ​គ្មាន​ថែមទៀត​»​។​

បើតាម លោក ខៀវ ធី ម​គ្គុ​ទ្ទេស​ទេស​ក៍​ទេសចរណ៍​នៅក្នុង​តំបន់​អង្គរ គឺ​តែងតែ​ពង្រឹង និង​យកចិត្តទុកដាក់​លើ​ជំនាញ​ជីវៈ​របស់ខ្លួន ដើម្បី​ផ្តល់នូវ​ការជឿទុកចិត្ត​ពី​ភ្ញៀវ ប៉ុន្តែ​បើ​ពួកគាត់​មិន​អនុវត្ត​ឱ្យបាន​ល្អ​ស្របតាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍​ទេ ពួកគាត់​នឹងមិន​មាន​ភ្ញៀវ​ឡើយ​។​

ចំណែក លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក ​(PATA) បាន​លើកឡើងថា ការណែនាំ​របស់​ក្រសួងទេសចរណ៍​នេះ​ជាការ​ល្អ តែ​លោក​ក៏បាន​ស្នើឱ្យ​ក្រសួង​អនុវត្ត​ចំពោះ​ការណែនាំ​នេះ​ផងដែរ​។​លោក​បាន​ថ្លែងថា ៖ «​វា​ជា​ការល្អ​ចំពោះ​ការចេញ​សេចក្តីណែនាំ​នេះ តែ​សូម​អនុវត្ត​ផង កុំ​ចេញ​ហើយ​មិន​អនុវត្ត និង​ចេញ​ឱ្យតែ​ល្អមើល​នោះ​»៕