ក្រុងវៀងចន្ទន៍: នៅពេលព្រឹកព្រលឹមលើទីក្រុងហ្លួងប្រាបាង ព្រះសង្ឃបាននិមន្ដតាមដងផ្លូវ ដើម្បីទទួលការដាក់បាត្រពីពុទ្ធបរិស័ទ។ ប៉ុន្តែលម្ហូភ្ញៀវទេសចរ ដែលកាន់កាមេរ៉ាថតច្រូងច្រាង ហាក់បានកំពុងធ្វើឱ្យខូចទម្រង់ប្រពៃណីដ៏ស្ងាត់ស្ងៀមនៃទីក្រុងបុរាណរបស់ឡាវមួយនេះទៅវិញ។
តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានស្វាគមន៍ភ្ញៀវទេសចរជិត ៨០ ម៉ឺន នាក់ក្នុងរយៈពេល ៩ ខែ ដំបូងនៃឆ្នាំ២០២៣ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ខេត្តនេះសង្ឃឹមថា នឹងអាចទាក់ទាញបានជិតបីលាននាក់នៅចុងឆ្នាំ ២០២៤។
ទេសចរបានបញ្ចូលលុយជាច្រើនទៅក្នុងសេដ្ឋកិច្ចដ៏រង្គោះរង្គើរបស់ប្រទេសឡាវ។ ប៉ុន្តែវាក៏បានជះឥទ្ធិពលដល់អ្នកស្រុក ខណៈក្រុមទេសចរបរទេស បានផ្លាស់ប្តូរសកម្មភាពវប្បធម៌នៅក្នុងទីក្រុងខេត្តដ៏ស្ងប់សុខនេហ។
ជារៀងរាល់ព្រឹកនៅតាមបណ្តោយផ្លូវ Kounxoau ជាកន្លែងដែលព្រះសង្ឃនិមន្ដ ដោយជើងទទេរដើម្បីឱ្យពុទ្ធបរិស័ទដាក់បាត្រ។ អ្វីដែលធ្លាប់ជាទង្វើសាមញ្ញ និងការគាំទ្ររវាងអ្នកកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ និងព្រះសង្ឃបានទាក់ទាញភ្ញៀវទេសចរជាយូរមកហើយ។
ឥឡូវនេះ ព្រះសង្ឃត្រូវនិមន្ដឆ្លងកាត់អ្នកទស្សនារាប់រយនាក់ អង្គុយលើកៅអី ដើម្បីដាក់បាត្រ ខណៈដែលមគ្គុទ្ទេសក៍ទេសចរណ៍រុញទូរស័ព្ទថតប្រផិតព្រះកាយព្រះសង្ឃ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលទីក្រុងហ្លួងប្រាបាង ទទួលភ្ញៀវទេសចរជាច្រើនមកពីជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សីក្នុងការប្រគេនចង្ហាន់ពេលព្រឹក។ ប៉ុន្តែអ្នកស្រុកនិយាយថា ពិធីនេះឥឡូវស្រដៀងនឹងការថតរូបសែលហ្វីលេងទៅវិញ។
អាជីវករវ័យ ៣០ ឆ្នាំ ម្នាក់បានត្អូញត្អែរថា៖ «ពួកគេកំពុងថតរូបច្រើនជាងទិញចង្ហាន់ប្រគេនព្រះសង្ឃ»។
វាជាការថ្លឹងថ្លែងដ៏លំបាកមួយ ដែលអាជីវករលក់កន្ត្រកបាយដំណើបក្នុងតម្លៃ ៥ ម៉ឺនគីប (១ ម៉ឺនរៀល) ដល់ភ្ញៀវទេសចរ ទោះត្រូវ ឬមិនត្រូវការ។
អាជីវកររូបនេះបាននិយាយថា៖ «ប្រសិនបើ មិនមានភ្ញៀវទេសចរគ្រប់គ្រាន់ទេនោះ យើងនឹងខាតបង់។ ភ្ញៀវទេសចរកាន់តែច្រើន របៀបរស់នៅរបស់យើងកាន់តែមានការផ្លាស់ប្តូរ»។
ទេសចរ Zhang Ying ជាផ្នែកមួយនៃក្រុមទេសចរណ៍ដែលទើបនឹងមកដល់ពីទីក្រុង Chongqing បានប្រាប់ AFP ថាអ្នកស្រីតែងតែចង់ទៅលេង។
ស្ដ្រីវ័យ ៧០ ឆ្នាំរូបនេះ បាននិយាយថា៖ «ប្រទេសនេះគឺជាតារាដែលកំពុងរះ ហើយប្រហែលជានឹងអភិវឌ្ឍបានល្អនាពេលអនាគត ជាពិសេសជាមួយនឹងខ្សែក្រវាត់ និងផ្លូវរបស់ Xi Jinping ជួយសេដ្ឋកិច្ចរបស់ពួកគេ»។
ភ្ញៀវទេសចរចិនម្នាក់ទៀត Shi Qii បាននិយាយថា អ្នកស្រីក្រោកតាំងពីព្រលឹម និងមានការភ្ញាក់ផ្អើលពេលឃើញសកម្មប្រគេនចង្ហាន់ព្រះសង្ឃដ៏ច្រើនសន្ធឹក។
អ្នកស្រីបាននិយាយថា៖ «គ្មានមនុស្សនៅតាមផ្លូវទេពេលយើងភ្ញាក់ពីដំណេក ហើយស្រាប់តែឃើញមនុស្សដ៏ច្រើនបែបនេះ»។
ពេលអ្នកស្រី Qii កំពុងនិយាយ ស្ត្រីជនជាតិឡាវវ័យក្មេងម្នាក់ បានដេញទេសចរទៅមុខទៅក្រោយ និងបានរុញបុរសម្នាក់ ដែលកំពុងចុចកាមេរ៉ាទូរស័ព្ទរបស់ខ្លួនចូលទៅមុខពុទ្ធសាសនិក។
យុវតីឡាវរូបនេះ បានប្រាប់ AFP ថា៖ «គ្រប់ពេលវេលាខ្ញុំត្រូវប្រាប់អ្នកទេសចរកុំឱ្យចូលជិតព្រះសង្ឃពេក។ ខ្ញុំចូលចិត្តដែលមានភ្ញៀវទេសចរច្រើនមក។ ប៉ុន្តែខ្ញុំមិនចូលចិត្តពេល ដែលភ្ញៀវទេសចរច្រើនពេក ហើយស្រែកវ៉ូកវ៉ាកនោះទេ»៕ AFP/HR