ភ្នំពេញ: Gardens by the Bay ​ជា​ឧទ្យាន​ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​សិង្ហបុរី បាន​ក្លាយ​ជា​ទីតាំង​ពិព័រណ៍​រស់​រវើក​នៃ​បេតិកភណ្ឌ និង​សាក​វប្បកម្ម​កម្ពុជា ក្រោម​ប្រធានបទ «ផ្កា​អ័រគីដេ​នៃ​អង្គរវត្ត»។


ភាព​ទាក់​ទាញ​បំផុត​នៃ​ពិព័រណ៍​នេះ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ចម្លង​កម្ពស់ ៣,៥​ ម៉ែត្រ ដែល​ហ៊ុំព័ទ្ធ​ដោយ​ដើមត្នោត ​ជា​ដើមឈើ​តំណាង​ជាតិ​កម្ពុជា និងផ្កា​ផ្កា​កេសរ​កូល ឬ​អ័រគីដេ​ចម្រុះ​ពណ៌​ជាច្រើន។

ភ្ញៀវ​ទេសចរ​ក៏​អាច​ទស្សនា​ទិដ្ឋភាព​ខ្លោង​ទ្វារ​ចូល​ប្រាសាទ​អង្គរធំ ដែល​មាន​ទេវតា (ព្រះ) បើក​ផ្លូវ​ដើរ ខណៈ​រូប​ចម្លាក់​ចម្លង​តំណាង​ឱ្យ​ស្ថាបត្យកម្ម និង​វប្បធម៌​ខ្មែរ​បុរាណ ហ៊ុំព័ទ្ធ​ដោយ​ផ្កា​កេសរកូល​ពណ៌ស​ និង​លម្អង​ពណ៌ លឿង និង​ពណ៌​ទឹកក្រូច បង្កើត​ភាព​ចម្រុះ​ ខុស​ពី​ផ្កា​កេសរកូល​ប្រពៃណី​ពណ៌ស្វាយ។


ទស្សនីយភាព​វប្បធម៌​ជួប​ធម្មជាតិ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នេះ​បាន​បើក​នៅ​ថ្ងៃទី ១៧ ខែ​ឧសភា ដែល​ជា​កិច្ចសហការ​រវាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស សិង្ហបុរី និង Gardens by the Bay គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ក្រសួង​កសិកម្ម និង​រុក្ខា​ប្រមាញ់ និង ក្រសួងវប្បធម៌ សហគមន៍ និង​យុវជន​របស់ប្រទេស​សិង្ហបុរី​ ក៏ដូចជា ​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ​នៃ​ប្រទេស​សិង្ហបុរី។


យោង​តាម​​ហ្វេសប៊ុក​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ដក​ស្រង់សម្ដី​លោក សុខ ខឿន ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​សិង្ហបុរី បាន​ថ្លែង​ថា៖ «ព្រឹត្តិការណ៍​ដ៏​មាន​សារ:សំខាន់​នេះ រៀបចំ​ក្នុង​គោលបំណង​លើក​កម្ពស់​ការយល់​ដឹង​ពី​ប្រទេស​កម្ពុជា និង​បង្ហាញ​ប្រទេស​កម្ពុជា​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់​តែ​ស្គាល់ ក៏​ដូចជា​ជំរុញ​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ កម្ពុជា-សិង្ហបុរី និង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ»។


ចម្លាក់​បុរាណខ្មែរ​នៅ Gardens by the Bay ក្នុងប្រទេស​សិង្ហបុរី។ រូបថត ស្ថានទូតកម្ពុជា​ប្រចាំ​សិង្ហបុរី

លោក​បាន​ឱ្យ​ដឹង​​ថា ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា និង​សួន​កម្សាន្ត Gardens by the Bay របស់​សិង្ហបុរី គឺជា​កន្លែង​ពីរ​ក្នុង​ចំណោម​កន្លែង​ដែល​មាន​អ្នកទស្សនា​ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ប្រាសាទអង្គរវត្ត​ជាប់​លេខ​១ ហើយ Gardens by the Bay ជាប់​លេខ​ ២។

ក្រសួង​វប្បធម៌ បាន​បន្ដ​ថា លោក សុខ ខឿន បាន​ថ្លែង​ថា ការ​តាំងពិព័រណ៍​នេះ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ Gardens by the Bay ហើយ​ក៏​នឹង​មាន​ភ្ញៀវទេសចរ​ជាច្រើន​ទៀត​នឹង​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ពិត​របស់​កម្ពុជា។

ពិព័រណ៍​នេះ​បើក​ពី​ថ្ងៃទី ១៧ ឧសភា រហូតដល់​ថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ ២០២៤ បង្ហាញ​ពី​សួន​ផ្កា​កេសរកូល​កម្ពុ​ជា​ជាង ៥០ ប្រភេទ រួម​ទាំង​ផ្កា​អ័រគីដេ​កម្រ និង​Vandachostylis។

ផ្កា Dendrobium Adastra ស្រដៀង​នឹង «ទឹកធ្លាក់​ផ្កា» គឺជា​ចំណុច​លេចធ្លោ​មួយ​ទៀត ដែល​បង្ហាញ​ពី​ជីវចម្រុះ​ដ៏​សម្បូរបែប​នៃ​ប្រទេស​កម្ពុជា​។​

ចម្លាក់​បុរាណខ្មែរ​នៅ Gardens by the Bay ក្នុងប្រទេស​សិង្ហបុរី។ រូបថត ស្ថានទូតកម្ពុជា​ប្រចាំ​សិង្ហបុរី

ផ្កា​កេសរកូល​ដែល​ដាក់តាំង​បង្ហាញ​នៅ​ «អ័រគីដេ​នៃ​អង្គរវត្ត» រួមមាន​ប្រភេទ​​ដែល​មាន​ដើម​កំណើត​ក្នុងប្រទេស​កម្ពុជា ឬ​កូនកាត់​ដែល​អាច​តាមដាន​ពូជពង្ស​ពី​ប្រទេស​កម្ពុជា។

យោងតាម Gardens by the Bay’s Media Room បាន​ឱ្យ​ដឹង​ថា៖ «តាំងពី​សម័យ​អាណាចក្រ​ខ្មែរ​បុរាណ​មក ផ្កាអ័រគីដេ​បាន​​ក្លាយ​ជា​និមិត្ដរូប​របស់​កម្ពុជា​​តាម​សម័យ ក៏ដូចជា​ទាក់ទាញ​ពិភព​ខាងក្រៅ»។

ផ្កា​កេសរកូល​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ជា​និមិត្តសញ្ញា​នៃ​ភាព​ថ្លៃថ្នូរ និង​ជា​សញ្ញា​សម្គាល់​នៃ​ជំនឿ​សាសនា ហើយ​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ក្នុង​ចម្លាក់​ពាសពេញ​ទីក្រុង​បុរាណ​អង្គរ។

ថ្វីត្បិត​តែ​មាន​ប្រភេទ​ផ្កា​កេសរកូល​យ៉ាង​សម្បូរបែប​ក៏ដោយ ក៏​គេ​គិតថា​ មានតែ​ជាង​ពាក់​កណ្តាល​នៃ ៥០០ ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​កត់ត្រា​ទុក។

ការ​តាំង​ពិព័រណ៌​នេះ​រួមមាន​ការ​ចម្លង​ចម្លាក់​ថ្ម​ចំនួន​ប្រាំ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ពី​ស្ថាបត្យកម្ម​ខ្មែរ​សំខាន់ៗ ពីសិប្បករ​អង្គរ បង្ហាញ​ពី​ជីវិត​ប្រចាំ​ថ្ងៃ និង​ទេវៈ​របស់​កម្ពុជា​ក្នុង​សម័យ​អាណាចក្រ​ខ្មែរ។

យោងតាម​ហ្វេសប៊ុក​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សិង្ហបុរី បាន​ឱ្យ​ដឹង​ថា ពិព័រណ៍​នេះ មាន​ការ​ដាក់​បង្ហាញ​កូន​ប្រាសាទ​អង្គរវត្ត​ចម្លង​មួយ រូប និង​ផ្ទាំង​ចម្លាក់​មួយ​ចំនួន​ទៀត​តំណាង​ឱ្យ​ស្ថាបត្យកម្ម ​និង​វប្បធម៌​ខ្មែរ ព្រម​ទាំង​រូប​សត្វព្រៃ​នៅ​កម្ពុជា រួមមាន​ដំរី​អាស៊ី និង​គោព្រៃ ​ហើយ​តុបតែង​លម្អ​ដោយ​ផ្កា​កេសរកូល​ខ្មែរ​ច្រើនប្រភេទ។ 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Gardens by the Bay លោក Felix Loh បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​អគ្គរាជទូត​កម្ពុជា។

លោកត្រូវ​បាន​ស្រង់​សម្ដី​ដោយ Media Room បាន​និយាយថា​៖ «​ប្រាសាទអង្គរវត្ត​ជា​កន្លែង​ទាក់ទាញ​មួយ​ក្នុងចំណោម​តំបន់​ទេសចរណ៍​ដែល​មាន​អ្នកទស្សនា​ច្រើន​បំផុត​នៅ​អាស៊ី ហើយ​យើង​មាន​កិត្តិយស​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី​ដើម្បី​បង្កើត​ឡើងវិញ​នូវ​ទីតាំង​ដ៏​អស្ចារ្យ​នេះ​នៅ Gardens by the Bay។ ទន្ទឹមនឹងនោះ យើង​​ក៏បាន​ណែនាំ​ភ្ញៀវទេសចរ​ឱ្យ​ស្គាល់​មរតក​ផ្កាកេសរកូល​​ដ៏​សម្បូរបែប​របស់​កម្ពុជា​​​»។ ​

ក្នុងពិធីបើកសម្ពោធ​នោះ ក៏មាន​ការសម្ដែង​​របាំ​មុនី​មេខឡា និង​ឧបករណ៍​ភ្លេងខ្មែរ​ «​ខ្សែ​មួយ​» ឬ​ឯក​តន្ត្រី ទាំង​ពេលព្រឹក​ក្នុង​ពិធី​សម្ពោធ និង​នៅពេល​រសៀល​ផងដែរ​៕​