សៀមរាបៈ ក្រុម​ស្រ្តី​អុំទូក​ទេសចរ​ជាង​១​ពាន់​នាក់ នៅ​កំពង់ភ្លុក កំពុងតែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវជាតិ-អន្តរជាតិ ដែល​មុខរបរ​រដូវសង្សា​នេះ​ជួយ​រក​ប្រាក់​ចំណូល​បន្ថែម ក៏​ដូចជា​លើក​កម្ពស់​តម្លៃ​ស្រ្តី​ផងដែរ។ 


នៅ​ក្នុង​ទូក​ឈើ​តូច ដែល​មាន​ក្រាល​កន្ទេល អាវពោង ឆ័ត្រ និង​ខ្នោយ​ជាដើម​ផង​នោះ ក្រុម​ស្រ្តី​អុំទូក​ទេសចរ​តែង​តែ​មក​ជួប​​ជុំ​គ្នា​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​ក្រោម​ដើមឈើ​ចោល​ម្លប់​ដ៍​ត្រជាក់។ ពួកគាត់​ភាគ​ច្រើន ជា​ស្រ្តី​មាន​វ័យ​កណ្តាល ដែល​រស់​នៅ​ក្នុង​ភូមិ​ទាំង​៣ នៃ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទ​បាគង ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​លើ​ផ្ទៃ​បឹងទន្លេសាប​មួយ​ដ៏​មាន​ប្រជាប្រិយភាព។

ដៃ​កាន់​ច្រវ៉ា ដោយ​អង្គុយ​លើ​ក្បាលទូក ពួកគាត់​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ចាំ​ហ្នឹង​មាត់ព្រៃ ដើម្បី​ចែវទូក​នាំ​អ្នក​ទេសចរ​ ដែល​ភាគ​ច្រើន​ជា​ជនបរទេស​ទៅ​កម្សាន្ត​ចូល​ក្នុង​ព្រៃលើ​ផ្ទៃ​បឹង​ទន្លេសាប ប្រកប​ដោយ​បរិយាកាស​បរិសុទ្ធ ជាពិសេស​ទទួល​បាន​បទ​ពិសោធន៍ ដែល​ពួកគេ​មិន​ធ្លាប់​មាន​ពី​មុន​មក។


ក្រុម​ស្ត្រី​អុំទូក​ទាំងអស់​មិន​ត្រឹម​តែ​ជា​អ្នក​អុំទូក​ដ៏​ជំនាញ​ប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគាត់​ថែម​ទាំង​ជា​មគ្គុទ្ទេសក៍​ទេសចរ ដែល​អាច​ពន្យល់​រៀបរាប់​ដល់​ភ្ញៀវ​អំពី​លក្ខណៈ​ស្ថានភាព ធម្មជាតិ ប្រពៃណី​ទំនៀមទម្លាប់ និង សក្តានុពល ដែល​មាន​ក្នុង​សហគមន៍ ប្រកប​ដោយ​ស្នាម​ញញឹម រួសរាយ​រាក់ទាក់ ស្និទ្ធស្នាល​ផ្តល់​នូវ​ភាព​កក់ក្តៅ។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋបាល​ស្រុក​បាគង។ 


លោក សាង គង់​ ​ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក​បាន​ឱ្យ​ដឹង​ថា ក្រុម​ស្រ្តី​អុំទូក​ដឹក​ភ្ញៀវ​ទេសចរ​នេះ​ត្រូវ​បានប​ង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៣​មក​ម៉្លេះ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន ១ ០៥៨​ទូក។ ក្នុង​មួយ​គ្រួសារ​មាន​ទូក​ចំនួន​មួយ ដែល​រស់នៅ​ក្នុង​ភូមិត្នោត​កំបុត ភូមិដីក្រហម និង​ភូមិ​គោកក្តុល។ 


លោក​បញ្ជាក់​ថា៖ «ការ​បង្កើត​ឱ្យ​មាន​ក្រុម​ស្រ្តី​អុំទូក​នេះ គឺ​ដោយសារ​តែ​យើង​ចង់​លើក​កម្ពស់​ស្រ្តី​ឱ្យ​មាន​មុខរបរ​ដូច​បុរស​ដែរ។ ឱ្យ​ស្រ្តី​កាន់​តែ​មាន​ភាព​ថ្លៃថ្នូរ ដែល​ពី​មុន ចាស់​បុរាណ​តែងតែ​និយាយ​ថា ស្រ្តី​បង្វិល​ចង្រ្កាន្ត​មិន​ជុំ តែ​ឥលូវ​យើង​ធ្វើ​ស្រ្តី​ហ្នឹង​បង្វិល​ចង្ក្រាន្ត​ឱ្យ​ជុំ»។ 

ភ្ញៀវ​ទេសចរ​ជិះ​ទូក​កម្សាន្ត អុំដោយ​ស្ត្រី​សហគមន៍​ទេសចរណ៍​​កំពង់ភ្លុក ក្នុងខេត្តសៀមរាប។ រូបថត សហគមន៍​ដឹក​ភ្ញៀវ​ទេសចរ​មាន​ជ័យ-កំពង់ភ្លុក​​

លោកបន្ត​ថា ក្នុង​ការ​ដឹក​ភ្ញៀវ​ទេសចរ​របស់​ក្រុម​ស្ត្រី​អុំទូក​តូច​នេះ ដើម្បី​ឱ្យ​មាន​ស្មើភាព​គ្នា ​គឺ​មាន​ការ​ដាក់​លេខ​រៀង​ទៅ​តាម​ចំនួន​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ប្រចាំ​ថ្ងៃ។ ហេតុនេះ ​មិនមែន​ទូក​ទាំងអស់​បាន​ចេញ​ដឹក​ភ្ញៀវ​ទាំងអស់​នោះ​ទេ ជា​រៀង​រាល់​ថ្ងៃ។​ ទោះ​យ៉ា​ងណា សហគមន៍​ក៏​បាន​ផ្តល់​អាទិភាព​ឱ្យ​ទូក​ស្រ្តី​ចាស់​ជរា​ចំនួន ៥​នាក់​ប្រចាំ​ថ្ងៃ ដោយ​មាន​កូន ក្មួយ ឬ​ចៅ​អ្នក​អុំ​ជំនួស ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែរ ដោយ​មិន​ចាំបាច់​ដាក់​លេខ​រៀង​នោះ​ទេ។ 

លោកបន្ថែម​ថា នេះ​គឺ​គ្រាន់​តែ​ជា​មុខ​របរ​រដូវវស្សា​មួយ​តែ​ប៉ុណ្ណោះ ដែល​មាន​រយៈពេល​ចន្លោះ​ពី​ខែ​សីហា​ទៅ​ដល់​ប្រហែល​ជា​ចុង​ខែ​វិច្ឆិកា ឬ ដើម​ខែ​ធ្នូ​ប៉ុណ្ណោះ។ អ្នក​ទេសចរ​អាច​កម្សាន្ត មើល​នៅ​ក្នុង​ភូមិ ពី​ជីវភាព​ការ​រស់នៅ​របស់​ពលរដ្ឋ មើល​ផ្ទះ​ដែល​មាន​សសរ​ខ្ពស់ៗ ផុត​ពី​ទឹក ការ​ធ្វើ​ប្រហុក ត្រីឆ្អើរ អុំទូក​តូច​នៅ​ក្នុង​ព្រៃ​មើល​សត្វស្លាប ស្វា មើល​ថ្ងៃ​លិច ឬ​ការ​នេសាទ​របស់​សហគមន៍​ជាដើម។ 

លោក ឃុត វ៉ាន់ដា សមាជិក​​​សហគមន៍​ដឹក​ភ្ញៀវ​ទេសចរ​មាន​ជ័យ-កំពង់ភ្លុក​បាន​ឱ្យ​ដឹង​ថា តម្លៃ​ទូក​ដែល​អុំ​ស្រ្តី​មាន​តម្លៃ ៦​ដុល្លារ ដែល​ជិះ​បាន​ភ្ញៀវ ២​នាក់ ក្នុង​រយៈពេល​ប្រហែល​ជា ៣០​នាទី។ ក្នុង​មួយ​ថ្ងៃៗ ទូក​តូច​ដែល​អុំទូក​ដោយ​ក្រុម​ស្រ្តី​ប្រហែល​ជា​ ៧០​ទូក​ដែរ​ចេញ​ដឹក​ភ្ញៀវ។ ក្រៅ​ពី​នោះ ក៏​មាន​ទូក​កាណូត​ធំៗ ដែល​មាន​ជាង​ ៨០០​គ្រឿង​ផងដែរ ដែល​មាន​តម្លៃ ២០ដុល្លារ​ដែល​មាន​រយៈពេល​ចន្លោះពី ២ ទៅ ២ ម៉ោង​កន្លះ។ 

លោក​ថ្លែង​ដូច្នេះ​ថា៖ «បុរសៗ​ទៅ​នេសាទ បើក​ទូក ឬ​កាណូត តែ​ស្រី្ត​សល់​ពេល​ទំនេរ​នៅ​ផ្ទះ ក៏​ខាង​សហគមន៍​បាន​រៀបចំ​ស្រ្តី​ឱ្យ​អុំទូក​ដឹក​ភ្ញៀវ​ទេសចរ ដើម្បី​រួម​ចំណែក​ជួយ​រក​ចំណូល​បន្ថែម​ទៀត​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។​ ភាគច្រើន​ជា​ស្រ្តី​វ័យ​កណ្តាល និង មនុស្ស​ចាស់ ដែល​ទំនេរ​ដែល​អាច​អុំទូក​បាន។ ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​ច្រើន​លើ​ទូក​ស្រ្តី​អុំ​នេះ ក្រោយ​ពី​មាន​ការ​ចែកចាយ​តាម​បណ្តាញ​សង្គម»។ 

យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៧​ខែ​នៃ​ឆ្នាំ ២០២៤ នេះ​ មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​កំពង់ភ្លុក​ជាង ២២​ម៉ឺននាក់៕