កំពត៖បឹងហ្គាឡូធម្មជាតិ ផ្ទះស្នាក់ស្ញប់ស្ញាត់ ព័ទ្ធដោយធម្មជាតិជាប់ព្រែកកំពតឈរបង្ហាញខ្លួនជាប់មាត់ព្រែកកំពត បឹងហ្គាឡូធម្មជាតិជាទីកន្លែងស្នាក់នៅលំហែកាយដ៏ល្អសាកសមសម្រាប់អ្នកចូលចិត្តភាពស្ញប់ស្ញាត់ ស្រលាញ់ធម្មជាតិ និងក្រេបក្លិនបុប្ជាចម្រុះពណ៍ ក្រោមជំនោរខ្យល់ត្រជាក់ចិត្តរួមជាមួយនឹងបន្ទប់ស្នាក់នៅយ៉ាងស្រស់ស្អាតរចនាប្លែកៗគ្នាជាច្រើន។
លោកស្រី មុនី ខន្តី ម្ចាស់ផ្ទះស្នាក់បឹងហ្គាឡូធម្មជាតិបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការបង្កើតហ្នឹងបានរយៈពេល ៧ ឆ្នាំហើយ ខ្ញុំអត់បានធ្វើម្តងទាំងអស់ទេ ខ្ញុំបង្កើតម្តងតិចៗ ម្តងមួយបឹងហ្គាឡូៗ ហើយមកដល់ពេលហ្នឹង យើងនៅតែបន្តធ្វើវាទៀត ដូចតិចទៀតហ្នឹងយើងនឹងធ្វើអាងហែលទឹកទៀត»។
ជាមនុស្សស្រលាញ់ធម្មជាតិ និងចូលចិត្តផ្កា លោកស្រី ខន្តី បានដាំផ្កាជាច្រើនដើម្បីលម្ហទីតាំងរបស់ខ្លួន ឲ្យសាមសមជាមួយនឹងឈ្មោះបឹងហ្គាឡូធម្មជាតិ ដែលមានដូចជា៖ ផ្ការំយោល ផ្កាកែវ ផ្កាសារិកា ផ្កាថ្កុល ផ្កាកំភ្លឹង ផ្ការំដួល ផ្កាសាគូរ៉ា ផ្កាបក្សីសួគ៌jampei red jampei white ផ្កាអង្អាបុស្ស ផ្កាយុថូ ។
ចំណែកប្រភេទដើមឈើមានដូចជា៖ ដើមនាងនួន ដើមមេជ័រ ដើមមៀន ដើមត្របែកព្រៃ ដើមផ្ញៀវ ដើមជំពូ ដើមរាំងទឹក ដើមរាំងភ្នំ ដើមស្ពឺ ដើមដូង ដើមត្នោត ដើមស្វាយ ដើមអំពិល ដើមស្លាយក្ស ដើមស្លាស្រុក ស្លាព្រៃ ស្លាក្ងាន ដើមអន្សែ ដើមក្ងោក ដើមកាប៉ាង ដើមស្នាយជាដើម។
ម្ចាស់បឹងហ្គាឡូធម្មជាតិរូបនេះ រៀបរាប់ទៀតថា៖ «កន្លែងយើងមានទីតាំងល្អនៅជាប់មាត់ព្រែកកំពត ហើយភ្ញៀវអាចទស្សនាទេសភាពស្អាតនៅទឹកដីកំពតនេះ ដូចជាទេសភាពដងព្រែក សត្វស្លាប ហើយមើលឃើញជួរភ្នំបូកគោ ហើយអាចមើលថ្ងៃរះ ថ្ងៃលិចស្អាតណាស់ ហើយយប់ឡើងភ្ញៀវអង្គុយកំសាន្តអាំងគ្រឿងសមុទ្រនៅលើក្យូសមាត់ទឹករបស់យើងបានទៀត»។
បឹងហ្គាឡូធម្មជាតិមានបន្ទប់សម្រាកសរុបចំនួន ២២ បន្ទប់ដូចជា បន្ទប់គ្រែមួយមាន ៩ បន្ទប់ តម្លៃចាប់ពី ៤០ ដុល្លារ ដល់ ៦០ ដុល្លារ បន្ទប់គ្រែពីរមាន ៩ បន្ទប់ តម្លៃចាប់ពី ៥ ដុល្លារ ដល់ ៧០ ដុល្លារ បឹងហ្គាឡូមានបីផ្ទះ តម្លៃ ៧៥ ដុល្លារ និងបន្ទប់ស្វីតស៊ីវ្យូរ ១ បន្ទប់ តម្លៃ ១១៥ ដុល្លារ។
ចាប់បើកពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១១ យប់ ផ្ទះស្នាក់ បឹងហ្គាឡូធម្មជាតិទទួលបានភ្ញៀវមកសម្រាកលម្ហែច្រើននាថ្ងៃសៅរ៍ និងអាទិត្យ រួមមានទាំងភ្ញៀវខ្មែរ និងបរទេស។ ក្រៅពីផ្ទះស្នាក់ ទីនេះក៏ភោជនីដ្ឋានបំរើម្ហូបអាហារខ្មែរ និងបរទេសជាច្រើនមុខផងដែរ។
បឹងហ្គាឡូធម្មជាតិ មានទីតាំងនៅជិតស្ពានកំពង់បាយ ប៉ែកខាងកើតប្រមាណជាង ១០០ ម៉ែត្រ ស្ថិតក្នុងភូមិកំពង់បាយខាងជើង ឃុំកំពង់បាយ ស្រុកកំពត ខេត្តកំពត។ ទូរស័ព្ទទំនាក់ទំនង៖ ០១២ ៨១៩០៨១/០៣១ ២៨ ១៩ ០៨១ ឬហ្វេសប៊ុក Natural Bungalows។