ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ ២ រូបនៅខេត្តកណ្ដាលនៅក្នុងខែមករានេះ ក្រោយពីមានបណ្ដឹងអនាមិកពីមន្ត្រីថ្នាក់ក្រោមរបស់លោក អ៊ាវ ចំរើន អតីតស្នងការនគរបាលខេត្តកណ្ដាលកាលពីខែឧសភា ឆ្នាំ ២០១៩ បានប្ដឹងចោទប្រកាន់ពីការប្រើអំណាចផ្ដាច់ការ ប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធរថយន្ត ទទួលសំណូកពីល្បែង និងភាពមិនប្រក្រតីកាត់ប្រាក់ក្នុងក្របខ័ណ្ឌ។
យោងតាមប្រកាសស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលដែលបានចុះហត្ថលេខាដោយលោក ស ខេង កាលពីថ្ងៃទី ២៣ មករា ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្តិ៍ទើបតែទទួលបានពេលថ្មីៗនេះបានឲ្យដឹងថា៖ «(ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ) សម្រេចត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិដូចមានឈ្មោះ៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជានាយរងមន្ទីរប្រឆាំងគ្រឿងញៀន (និង) លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញថា យោងតាមសេចក្ដីសម្រេចរបស់ឧបនាយករដ្ឋមន្ត្រីពីការផ្ទេរភារកិច្ច និងតែងតាំងនោះគឺការដំឡើងឋានន្តរស័ក្ដិ និងជាការលើកទឹកចិត្តដល់មន្ត្រីនគរបាល ប៉ុន្តែមិនបានពាក់ព័ន្ធនឹងការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលកន្លងមកនោះទេ។
លោក សុភ័គ ថ្លែងថា៖ «វាមិនពាក់ព័ន្ធទៅនឹងការព្រមានហ្នឹងនោះទេ។ ការព្រមានដូចជាត្រូវបានបញ្ចប់ហើយលោកស្នងការក៏បានកែសម្រួល កំហុសឆ្គងរួចអស់ហើយ និងលោកបានបន្តការងាររហូតដល់ឥឡូវហ្នឹង។ ការផ្លាស់ប្តូរតំណែងនេះគឺជាការដំឡើងឋានន្តរស័ក្តិ និងជាការលើកទឹកចិត្ត»។
ការដោះដូរនេះកើតមានឡើងប៉ុន្មានខែបន្ទាប់ពីលោក ស ខេង ព្រមានចាត់វិធានការតាមវិន័យកងកម្លាំងនគរបាលជាតិ ប្រសិនស្នងការខេត្តកណ្ដាលលោក អ៊ាវ ចំរើន មិនកែប្រែកំហុស និងឥរិយាបថដឹកនាំតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការព្រមានជាលើកទី ១ របស់រដ្ឋមន្ត្រីទៅកាន់ស្នងការនគរបាលខេត្តកណ្ដាល បន្ទាប់ពីមានពាក្យបណ្ដឹងពីមន្ត្រីថ្នាក់ក្រោម ជុំវិញភាពមិនប្រក្រតីការងាររបស់លោក អ៊ាវ ចំរើន ដែលខ្វះការយកចិត្តទុកដាក់លើការដឹកនាំ និងការគ្រប់គ្រង។
ទោះយ៉ាងណាក៏ដោយលោក ខៀវ សុភ័គ បានថ្លែងថា លោក អ៊ាវ ចំរើន ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនោះទេហើយថា ការស៊ើបអង្កេតមិនដូចការចោទប្រកាន់ទាំងអស់នោះទេហើយលោកស្នងការក៏បានធ្វើការកែសម្រួលកំហុសរួចផងដែរ។
លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលមិនទាន់បានធ្វើពិធីចូលកាន់មុខតំណែងបានថ្លែងពីថ្ងៃម្សិលមិញថា៖ «យើងនឹងខិតខំប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងឲ្យអស់ពីលទ្ធភាពដែលថ្នាក់ដឹកនាំបានផ្តល់ការទុកចិត្តប្រគល់តួនាទីឲ្យយើង។ យើងនឹងខិតខំធ្វើយ៉ាងណាបង្ការទប់ស្កាត់ ថែរក្សាសុវត្ថិភាព និងសន្តិសុខឲ្យបាន ជាពិសេសពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ»។
លោក អ៊ាវ ចំរើន បានបដិសេធធ្វើអត្ថាធិប្បាយកាលពីថ្ងៃម្សិលមិញដោយលោកគ្រាន់តែថ្លែងថា លោកមានអារម្មណ៍ធម្មតាពាក់ព័ន្ធនឹងការផ្ទេរតំណែងនេះ៕