ភ្នំពេញៈ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​អង្គារ ខណៈ​ច្បាប់​នេះ​ត្រូវ​រំពឹង​ថា​នឹង​ផ្តល់​លទ្ធភាព​យ៉ាងច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ការភ្ជាប់​ខ្លួន​ទៅ​ខ្សែចង្វាក់​ផលិតកម្ម​ទីផ្សារ​ក្នុង​ស្រុក និង​អន្តរជាតិ​។

សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​។


សេចក្តី​ព្រាងច្បាប់​ដែល​មាន ១២ ​ជំពូក និង ៦៧ ​មាត្រា​នេះ​នឹង​ផ្តល់​នូវ​វិធាន​ជា​មូលដ្ឋាន​ដ៏សំខាន់​នៅក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កម្ពុជា​ប្រកប​ដោយ​ទំនុកចិត្ត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ខណៈ​វា​នឹងចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ក្នុងការ​ត្រៀម​ទទួល​យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងហេតុ​របស់​រដ្ឋាភិបាល​។


ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ជាមួយ​អន្តរជាតិ​នឹង​ផ្តល់នូវ​លទ្ធភាព​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) នៅ​កម្ពុជា​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែចង្វាក់​ផលិតកម្ម និង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ក៏​ដូចជា​ជំរុញ​ឲ្យ​មាន​ការច្នៃប្រឌិត និង​ការបង្កើត​ទំនិញ និង​សេវា​ថ្មីៗ​បន្ថែមទៀត​។


លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹងថា ខណៈ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​បច្ចុប្បន្ន​ពុំមាន​ការគ្រប់គ្រង​ច្បាស់លាស់​ច្បាប់​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ទាំង​សម្រាប់​អ្នកវិនិយោគ និង​រដ្ឋាភិបាល​។


លោក​ថ្លែងថា​៖ «​តាមរយៈ​ច្បាប់​នេះ​រដ្ឋាភិបាល​មិន​ត្រឹមតែ​អាច​ទទួល​បាន​កំណើន​ប្រាក់ចំណូល​ពី​ការប្រមូល​ពន្ធ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ធ្វើការ​គ្រប់គ្រង​លើ​សកម្មភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍ លើកទឹកចិត្ត និង​ពង្រឹងសមត្ថភាព​អ្នក​នៅក្នុង​វិស័យ SME ផងដែរ​»​។


លោក ឡឹក ស៊ីនរិទ្ធី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​លើកឡើង​ថា វិស័យ SME នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ដូចជា គុណភាព​ផលិតផល និង​សេវាកម្ម កង្វះខាត​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ដំណើរការ​ចង្វាក់​ផលិតកម្ម ទីផ្សារ​មាន​ភាព​តូចចង្អៀត និង​កង្វះ​មូលធន​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​ការជំរុញ​ឲ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ពង្រីក​ទីផ្សារ​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន និង​ធំទូលាយ​ទៅកាន់​អន្តរជាតិ​»​។

លោក​ប្រាប់​ទៀត​ថា ​ច្បាប់​នេះ​ក៏​នឹង​ជួយ​ជំរុញ​ធ្វើឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​ប្រកប​ដោយ​តម្លាភាព​ផងដែរ ខណៈ​កន្លងមក​មាន​អ្នកវិនិយោគ​ដែល​គោរព​ច្បាប់​ជាច្រើន​បាន​នាំគ្នា​និយាយ​ពី​អ្នក​ប្រកប​អាជីវកម្ម​ដោយ​មិន​មាន​ច្បាប់​។ លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​មាន​ច្បាប់​ត្រឹមត្រូវ ខ្ញុំ​ពិតជា​សប្បាយចិត្ត​នៅពេល​ដែល​មាន​ច្បាប់​នេះ ដើម្បី​ជំរុញ​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​តម្លាភាព​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា ការរៀបចំ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅពេល​នេះ​គឺ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​ខ្លួន​ក្នុងការ​ទទួល​យក​ការមក​ដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤​។

លោក​បន្តថា ច្បាប់​នេះ​នឹង​ជួយ​ទប់ស្កាត់​វិវាទ​ផ្សេងៗ​ពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​ច្រើន​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​នេះ​ជា​ការបោះជំហាន​ថ្មី​មួយ​ទៀត​ក្នុងការ​បង្កើន​ការគោរព​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា​ដោយសារ​ចំណេះដឹង និង​ការអនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​នោះ កម្ពុជា​នៅ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុងការ​គ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​អនឡាញ​»​។

យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​ជាង ៥០ ​ម៉ឺន​ក្នុង​នោះ​សហគ្រាស​ដែល​បាន​មក​ចុះបញ្ជី​គឺ​មាន​កម្រិត​តិច​ជាង ​១៥ ​ភាគរយ​៕ LA